
ទិដ្ឋភាពសំណង់អគារជាច្រើននៅក្នុងរាជធានីភ្នំពេញ។ ភ្នំពេញប៉ុស្តិ៍
បញ្ហាសកល បញ្ហាក្នុងស្រុក ការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្ម ភាពជាប់គាំងក្នុងវិស័យអចលនទ្រព្យ និងការរឹតបន្តឹងនៃវដ្តឥណទាន បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាជួបនឹងបញ្ហាប្រឈមមួយចំនួននាពេលនេះ ខណៈធនាគារពិភពលោក(WB) បានបន្ទាបការព្យាករពីអត្រាកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៥ នេះមកនៅ ៤,០ ភាគរយ ពីអត្រា ៥,៥ភាគរយ។
ធនាគារពិភពលោក កាលពីខែមេសា ឆ្នាំ២០២៥ ធ្លាប់បានព្យាករថាកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ នឹងអាចសម្រេចបានក្នុងអត្រា ៥,៥ភាគរយ។
សេចក្តីប្រកាសព័ត៌មានរបស់ WB ចេញផ្សាយកាលពីថ្ងៃទី១១ ខែមិថុនា លើកឡើងថា ការនាំចេញដ៏ស្វាហាប់ និងការងើបឡើងវិញជាបណ្តើរៗនៃការប្រើប្រាស់ឯកជន បានរួមចំណែកច្រើនធ្វើឱ្យសេដ្ឋកិច្ចកម្ពុជារក្សាបានភាពធន់ ទោះបីមានភាពមិនប្រាកដប្រជាសកលកើនឡើងក៏ដោយ។ ដើម្បីរក្សាបានកំណើននៅក្នុងបរិការណ៍នេះ កម្ពុជាចាំបាច់ត្រូវផ្តោតលើការប្រឹងប្រែងធ្វើឱ្យសេដ្ឋកិច្ចរបស់ខ្លួនឱ្យកាន់តែមានភាពសម្បូរបែប និងការបង្កើតបរិយាកាសអំណោយផលសម្រាប់វិស័យឯកជនវិនិយោគ និងបង្កើតការងារ។
កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៥ ត្រូវបានធនាគារពិភពលោកព្យាករថា នឹងសម្រេចបានត្រឹម ៤,០ភាគរយក្នុងឆ្នាំ២០២៥ ហើយនិងបន្តសម្រេចបាន ៤,៥ភាគរយ ក្នុងឆ្នាំ២០២៦ ដោយសារកត្តាគួបផ្សំរវាងបញ្ហាប្រឈមសកល និងក្នុងស្រុក រួមមានស្ថានភាពមិនប្រាកដប្រជាសកល, ការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្ម, ភាពជាប់គាំងក្នុងវិស័យអចលនទ្រព្យ និងការរឹតបន្តឹងនៃវដ្តឥណទាន។
តំណាងធនាគារពិភពលោកប្រចាំកម្ពុជា លោកស្រី Tania Meyer បានថ្លែងថា៖ «ការធ្វើពិពិធកម្មសេដ្ឋកិច្ចមានសារៈសំខាន់សម្រាប់កម្ពុជាក្នុងការរក្សាកំណើនឱ្យមានចីរភាព និងការបង្កើតការងារ ចំពេលមានភាពមិនប្រាកដប្រជា ជាពិសេសដោយពង្រីកមូលដ្ឋានសេដ្ឋកិច្ចឱ្យហួសពីការពឹងផ្អែកលើវិស័យសំណង់ និងការនាំចេញសម្លៀកបំពាក់ និងជំរុញការផលិត និងសេវាកម្មមានតម្លៃបន្ថែមខ្ពស់ថែមទៀត»។
លោកស្រីបន្ថែមថា៖«កំណែទម្រង់ប្រាក់ចំណូលអាចជួយគាំទ្រដល់ការធ្វើឱ្យបរិយាកាសអាជីវកម្មមានភាពកាន់តែប្រសើរឡើង ហើយបង្កើតលំហសារពើពន្ធមួយសម្រាប់ការវិនិយោគសំខាន់ៗទៅលើមូលធនមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ»។
យោងតាម WB ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ការនាំចេញរបស់កម្ពុជា ជាពិសេសសម្លៀកបំពាក់ ទំនិញធ្វើដំណើរ ស្បែកជើង និងកង់ បានកើនឡើង ១១,៦ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ សេវាកម្មទេសចរណ៍បានកើនឡើង ១៦,១ភាគរយ សម្រាប់ការមកដល់របស់ភ្ញៀវអន្តរជាតិ ទោះបីជាចំនួននេះនៅតែទាបជាងកម្រិតនៅក្នុងឆ្នាំ២០១៩ ក៏ដោយ។ ទន្ទឹមនឹងនេះ ការប្រើប្រាស់ឯកជនបានងើបឡើងវិញ ដូចមានជាភស្តុតាងស្រាប់នូវការកើនឡើងនៃការនាំចូលទំនិញប្រើប្រាស់ រួមមាន គ្រឿងឧបភោគបរិភោគ សម្លៀកបំពាក់ រថយន្ត និងម៉ូតូ។
ចំណែកកត្តាពីខាងក្រៅវិញ គឺមានការកើនឡើងនៃប្រាក់បញ្ជូនពីបរទេស និងចំណូលពីទេសចរណ៍ បានជួយទូទាត់ប៉ះប៉ូវដល់ឱនភាពជញ្ជីងពាណិជ្ជកម្មដែលកំពុងកើន ខណៈទុនបម្រុងជាតិ បានកើនដល់ ២៤,៧ ពាន់លានដុល្លារ។ កំណើនសាច់ប្រាក់កំពុងចរាចរណ៍បានកើនឡើងដល់ ១៩,០ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារលក្ខខណ្ឌរូបិយវត្ថុមានអំណោយផល។ អតិផរណាបានកើនឡើងបន្តិច ដល់ ៣,៧ភាគរយ ភាគច្រើនដោយសារតម្លៃអាហារ ក្នុងពេលដែលគុណភាពទ្រព្យសកម្មក្នុងវិស័យហិរញ្ញវត្ថុបានធ្លាក់ចុះ ហើយកម្ចីមិនដំណើរការ កើនសមាមាត្រកាន់តែខ្ពស់ជាងមុន។ នេះបើតាម WB។
ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) ឱ្យដឹងថា រយៈពេល ៥ខែដើមឆ្នាំ២០២៥ ការនាំចេញ-នាំចូលទំនិញរបស់កម្ពុជា ជាមួយប្រទេសដៃគូទាំងអស់មានទឹកប្រាក់សរុប ២៥,២៩ ពាន់លានដុល្លារ កើនឡើង ១៨,៥ ភាគរយបើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ក្នុងនោះកម្ពុជានាំចេញ ១១,៨ ពាន់លានដុល្លារ កើនឡើង ១៧,២ ភាគរយ និងនាំចូល ១៣,៤៩ ពាន់លានដុល្លារ កើនឡើង ១៩,៧ ភាគរយ។
ក្រៅពីការផ្លាស់ប្តូរទំនិញជាអន្តរជាតិ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ដែលជាសេនាធិការឱ្យរដ្ឋាភិបាល នារយៈរយៈពេល ៥ ខែដើមឆ្នាំ២០២៥ ក៏បានអនុម័តចុះបញ្ជីឱ្យគម្រោងវិនិយោគចំនួន ២៩០ គម្រោងផងដែរ ដោយកើនឡើងចំនួន ១៣៧ គម្រោង ស្មើនឹងប្រមាណ ៩០ភាគរយ ខណៈទុនវិនិយោគសរុបមាន ៤,២ ពាន់លានដុល្លារ កើនឡើង ១,៤ ពាន់លានដុល្លារ ស្មើនឹង ៥២ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤៕