កុងតឺន័រសរុប​ជាង ២០ម៉ឺនបានឆ្លងកាត់​កំពង់ផែ​ស្វយ័តភ្នំពេញ​(PPAP) ​ក្នុង​រយៈ​ពេល ៥ខែ​ដើម​ឆ្នាំ​ ២០២៥ ដោយ​កើន​ឡើង​ជិត ៣០​ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២៤ ខណៈ​បរិមាណ​ទំនិញ-ប្រេង​ឥន្ទនៈ​ឆ្លងកាត់មាន​ជាង ២លាន​តោន។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​កំពង់ផែស្វយ័ត​ភ្នំពេញ ដែល​ជា​អង្គភាព​​ចុះ​បញ្ជី​នៅ​ផ្សារ​មូលបត្រ​កម្ពុជា(CSX)​ បាន​ឱ្យ​ដឹង​​ថា ចាប់​ពី​ខែមករា ដល់ខែ​ឧសភា ​ឆ្នាំ ​២០២៥ អង្គភាព​មួយ​នេះ​ទទួល​បាន​នាវាដឹក​ទំនិញ ឆ្លងកាត់​សរុប ១ ៤៧៨ គ្រឿង កើន​ឡើង ១,៤៤​ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២៤។ សម្រាប់​កុងតឺន័រ​​ ឆ្លង​កាត់ គឺ​មាន​ចំនួន ២០៦ ០៥៥​ ធីអ៊ីយូ(TEU) កើនឡើង ២៨,៧៥​​ភាគរយ និង​​បរិមាណ​ទំនិញ-​ប្រេងឥន្ទនៈ​ឆ្លងកាត់ ២ ១៧៤ ៨៦៤តោន​ កើន​ឡើង ២១,៣៣​ភាគរយ។

បើ​គេ​មើល​ទៅ​លើ​នាវា​ដឹក​អ្នក​ដំណើរ គឺ​មាន​ចំនួន​ ១៨៤ គ្រឿង កើន​ឡើង ៣,៩៥ ​ភាគរយ និង​មាន​អ្នក​ដំណើរ​សរុប​ ១៩ ៦៩៥នាក់ កើន​ឡើង ៩,៨១​ភាគរយ​។​

ប្រធាន​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន និង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​នៅ​កម្ពុជា លោក ជា ចាន់ដារ៉ា បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍ក្នុង​ថ្ងៃ​ទី​១២ ខែ​មិថុនា​ ថា កំណើន​ការ​ចូល​មក​បណ្តាក់​ទុន​ថ្មីៗ និង​​កំណើនទិន្នផល​កសិកម្ម បាន​ធ្វើ​ឱ្យ​សកម្ម​ភាព​​​នៃ​ការ​ដឹក​ជញ្ជូនទំនិញ​​នៅ​កម្ពុជា​កើន​ឡើង​ជាបន្ត​បន្ទាប់​ ខណៈ​សមត្ថភាព​នៃ​ការ​លើក​ដាក់​ទំនិញ និង​ឃ្លាំង​ស្តុក​នៅ​កំពង់ផែភ្នំពេញ​ក៏​ត្រូវ​បាន​ពង្រីក​ផងដែរ។ លោក​បន្ត​ថា ភាព​វិជ្ជមាន​ទាំង​​នេះនឹង​មាន​សម្ទុះ​កាន់​តែ​ខ្លាំង​នៅ​ពេល​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកល្អ​ប្រសើរ​ ជា​ពិសេស​ទាក់​ទង​នឹង​ទីផ្សារ​សហរដ្ឋអាមេរិក​។​


លោក​បាន​បញ្ជាក់​ថា៖​«​លំហូរ​វិនិយោគិន​ចូល​មក​បណ្តាក់​ទុន​នៅ​កម្ពុជា នឹង​ក្លាយ​ជា​ចំណែក​ដ៏​ធំធេង​ក្នុង​ការជំរុញ​ឱ្យ​​សកម្ម​ភាព​ពាណិជ្ជកម្ម និង​ការ​​ដឹក​ជញ្ជូន​នៅ​កម្ពុជា​កាន់​តែ​សកម្ម​ជាង​មុន​។ ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក​នឹង​កាន់​តែ​មមាញឹក ព្រោះ​ជា​មធ្យោបាយ​ដែល​មាន​តម្លៃ​ទាប​ និង​អាច​ដឹក​បាន​ច្រើន​ជាង​​មធ្យោបាយ​ផ្សេងៗ​ទៀត​»។​

បន្ថែម​លើ​នេះ​ លោក​ក៏​​លើកឡើង​ពី​គម្រោង​ព្រែកជីកហ្វូណន តេជោ​ ដែលចាប់​ផ្តើម​​​​សាងសង់​នៅ​ពេល​នេះ​ថា ​នឹងចូល​រួម​ចំណែក​យ៉ាង​ច្រើន​ក្នុង​ការ​តភ្ជាប់​ពី​ការ​ដឹក​ជញ្ជូន​ទំនិញ​ពី​ផ្លូវ​ទឹក​ក្នុង​ប្រទេស ​ទៅ​កាន់​ទីផ្សារ​អន្តរ​ជាតិ​។​

លោកអះអាង​​ថា៖​«ប្រាកដណាស់ គឺ​ភាព​មមាញឹក​នៃ​កំពង់ផែស្វយ័តភ្នំពេញ​នឹង​មាន​កាន់​តែ​ខ្លាំង​នៅ​ពេល​គម្រោង​ព្រែកជីក​ហ្វូណន តេជោ បើក​ឱ្យ​ដំណើរ​ការ​​»។​

ប្រធានលេខាធិការដ្ឋាននៃ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ លោក គង់ ចាន់នី កាល​ពី​ពេល​ថ្មី​ៗ​នេះ​បាន​និយាយ​ថា ប្រតិបត្តិការ​របស់​​កំពង់ផែស្វយ័តភ្នំពេញត្រូវ​បាន​រំពឹង​ថា​នឹង​មាន​កំណើន​ខ្ពស់​បន្ថែម​ទៀត​នៅ​ពេល​ខាង​មុខ ខណៈ​ PPAP កំពុង​​ដាក់​សំណើ​ទៅ​​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​​នៃ​រាជ​រដ្ឋាភិបាល ​ដើម្បី​បើក​ដំណើរ​ការ​ផែរណប​ចំនួន ៧ ទីតាំង​បន្ថែម​ទៀត​។​ ផែរណប​ទាំង​នោះ​ មាន​​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង ២ កន្លែង, ខេត្ត​កណ្តាល ២, ខេត្ត​សៀមរាប កំពង់ចាម និង​ក្រចេះ ចំនួន ១ ទីតាំង​។

បច្ចុប្បន្ន​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​មាន​ចំណត និង​ផែ​រណប​ចំនួន ៧​ទីតាំង ដោយ​មាន​​នៅ​ភ្នំពេញ ៣ ទីតាំង, ២ នៅ​ក្នុង​ខេត្ត​កណ្តាល និង​ ១​ទីតាំង​នៅ​ក្នុង​ខេត្ត​ព្រៃវែង និង​ត្បូងឃ្មុំ ដែល​ផែ​ទាំង​អស់​នេះ​បាន​ដើរ​តួនាទីយ៉ាង​សំខាន់​ក្នុង​ការ​ដឹក​ជញ្ជូន​កសិផល ព្រម​ទាំង​ទំនិញ​ធ្ងន់ៗ​មួយ​ចំនួន​។​

កាល​ពី​ឆ្នាំ​២០២៤ កំពង់ផែស្វយ័ត​ភ្នំពេញ​រក​ចំណូល​បាន​ប្រមាណជាង ៤១ លាន​ដុល្លារ​ កើន​ឡើង​ ២១ ភាគរយធៀប​ឆ្នាំ​២០២៣ ចំណែក​ទូរកុងតឺន័រ បាន​កើន​ឡើង​ជិត ៥០ម៉ឺនធីអ៊ីយូ៕