អ្នក​ជំនាញសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ទេសចរណ៍​កម្ពុជា​ បាន​ជំរុញ និង​លើ​កទឹក​ចិត្ត​ឱ្យមាន​ការ​វិនិយោគលើ​ការ​ផលិត កែច្នៃ​ និង​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ឱ្យ​​​កាន់​តែ​ច្រើនបន្ថែម​ទៀត​​ បន្ទាប់​ពី​ជម្លោះ​នៅ​តាម​ព្រំដែន​រវាង​កម្ពុជា​-ថៃ​ដែល​បង្កឡើង​ដោយ​ក្រុមយោធា​ថៃ​បាន​កើន​កម្តៅ​ជា​បន្តបន្ទាប់ ជា​ពិសេស​ភាគី​ថៃ​បាន​​គំរាម​បិទ​ច្រក​ព្រំដែន ​ព្រម​ទាំង​​​កាត់​ផ្តាច់​ចរន្ត​អគ្គិសនី និង​អ៊ីនធឺណិត​មក​កាន់​ប្រទេស​កម្ពុជាផងដែរ​​។​

ឆ្លើយតប​នឹង​ការ​គំរាម​កំហែង​ពី​ភាគី​ប្រទេស​ថៃ ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មិថុនា​នេះ បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ផ្លូវ​ការ​ផ្ទាល់​​​ខ្លួន​ថា ថ្មីៗនេះមានការចែកចាយព័ត៌មានតាមបណ្ដាញសង្គម​ជាច្រើនពាក់ព័ន្ធនឹងការគំរាមរបស់ក្រុមជ្រុលនិយមថៃមួយចំនួនឱ្យ​កាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនី និងអ៊ីនធឺណិតមកកម្ពុជា។

លោក​បាន​បញ្ជាក់​ថា៖​«​ដើម្បីកុំឱ្យ​វែងឆ្ងាយ ឬបង្កការលំបាកសម្រាប់ភាគីថៃក្នុងការសម្រេចចិត្តកាត់ ឬមិនកាត់ ឬកាត់ពេលណានោះ កម្ពុជាបានសម្រេចចិត្តធានាការផ្គត់ផ្គង់អគ្គិសនី និងអ៊ីនធឺណិតដោយខ្លួនឯង ដោយមិនចាំបាច់ពឹងផ្អែកការទិញពីប្រទេសថៃទៀតទេ»។

បន្ថែមលើលោក​ក៏​បាន​ប្រាប់​ឱ្យ​​ក្រសួងស្ថាប័នរបស់កម្ពុជា ពិនិត្យនិងត្រៀមលក្ខណៈជាយថាហេតុ ដើម្បីដាក់ចេញនូវវិធានការផ្សេងៗបន្ថែមទៀត ប្រសិនបើមានការគំរាមកំហែងកាត់ផ្ដាច់ ឬបិទអ្វីផ្សេងទៀតមកកម្ពុជា ជា​ពិសេស​ការ​បិទ​ព្រំដែន​ ដែល​នឹង​អាច​ជំរុញ​ឱ្យ​កម្ពុជា​ឈាន​ទៅ​​ឈប់ប្រើទំនិញថៃ ដែល​ជំនួសដោយការប្រើទំនិញក្នុងស្រុក និងទំនិញមកពីប្រទេសផ្សេងក្រៅពីថៃ។


ស្ថិតិ​កត់​ត្រា​ដោយ​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​(GDCE)ឱ្យ​ដឹង​ថា ចាប់​ពី​ខែ​មករា ដល់​ខែ​ឧសភា ឆ្នាំ ២០២៥ ការ​នាំ​ចេញ​នាំចូល​ទំនិញ​រវាង​កម្ពុជា និង​ថៃ មាន​ទឹក​ប្រាក់​សរុប ១ ៨៧៩,០៤​ លាន​ដុល្លារ កើន​ឡើង​ ៨,៣ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២៤ ដោយ​ក្នុង​នោះ​កម្ពុជា​នាំ​ទៅ​ប្រទេស​ថៃ​​ ៣៩៥,៩៥ លាន​ដុល្លារ កើន​ឡើង ១,១​​ភាគរយ ចំណែក​ទំនិញ​ថៃ​នាំ​មក​កម្ពុជាវិញ ១ ៤៨៣,០៩ លានដុល្លារ កើន​ ១០,៤ ភាគរយ។ បច្ចុប្បន្ន​ប្រទេស​ថៃ គឺ​ជា​ដៃគូពាណិជ្ជកម្ម​ធំ​ទី ៤ របស់​កម្ពុជា​បន្ទាប់​ពី​ប្រទេស​ចិន អាមេរិក និង​វៀតណាម​។

កម្ពុជា​កំពុង​ខិតខំ​បង្កើត​សមត្ថភាពផលិត និង​កែច្នៃ​ផលិតផល​ក្នុង​ស្រុក

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​១៣ ខែ​មិថុនា​​ថា​ ជម្លោះ​តាម​ព្រំដែន ការ​កើន​កម្តៅ​ផ្នែក​នយោបាយ និង​ការ​បិទ​ច្រក​ទ្វារ​ព្រំដែន​ដែល​ផ្តើម​ចេញ​ពីភាគី​ថៃ បាន​និង​​កំពុង​​ធ្វើ​ឱ្យ​ខាត​បង់​ដល់ផល​ប្រយោជន៍​​ភាគី​ទាំង ២។ ទោះ​យ៉ាង​ណា​កម្ពុជា​នឹង​មិន​ជួប​បញ្ហា​ដោយ​សារ​តែ​ការ​បិទព្រំដែន ឬ​ឈប់​នាំ​ចូល​ទំនិញ​ពី​ប្រទេស​ថៃ​នោះ​ទេ ព្រោះ​បច្ចុប្បន្ន​សមត្ថភាព​ផលិត​កម្ម​នៅ​កម្ពុជា​បាន​​កើន​ឡើង​ជា​លំដាប់ ហើយ​កម្ពុជា​ក៏​​មាន​ទីផ្សារ​ប្រទេស​ជាច្រើន​ដូច​ជា វៀតណាម និង​ចិន សម្រាប់​ជំនួស​ទំនិញ​នាំ​ចូល​មក​ពី​ប្រទេស​ថៃ​ផងដែរ​។​

លោក​បាន​បន្ថែម​​ថា ការ​បិទ​ព្រំដែនមួយ​ចំនួន​ដែល​ផ្តើម​ចេញ​ពី​ភាគី​ថៃ​នៅ​ពេល​នេះ គឺ​​អាច​បង្ក​ផល​ប៉ះ​ពាល់​មួយ​ចំនួន​សម្រាប់​ប្រជាកសិករ​កម្ពុជា​ក្នុង​ការ​នាំ​ចេញ​​កសិផល ប៉ុន្តែ​ផលិតផល​ទាំង​អស់​នោះ​គេអាច​បង្វែរ​ទៅ​កាន់​ប្រទេស​ជិតខាង​មួយ​ចំនួន ឬ​នឹង​ត្រូវ​ប្រើប្រាស់សម្រាប់​​បង្កើន​សមត្ថភាព​កែច្នៃ​ពី​សំណាក់​រោងចក្រ​ក្នុង​ស្រុក​​។​​

លោក​បានថ្លែង​ថា៖​«​បញ្ហា​នេះ​បាន​កើត​ឡើង​ស្រប​ពេល​ដែល​កម្ពុជា​បាន​និង​កំពុង​ខិតខំ​ពង្រឹង​សមត្ថភាព​ក្នុង​ការ​ផលិត និង​កែច្នៃ​ផលិតផល​ក្នុង​ស្រុក​ឱ្យ​បាន​កាន់​តែ​ច្រើន​»។

ចំណែក​អនុ​ប្រធាន​សមាគម​ពាណិជ្ជកម្ម​កម្ពុជា-ចិន លោក ឡោ វិចិត្រ Lor Vichet, vice-president of the Cambodia-China Commerce Association (CCCA) បាន​និយាយ​ថា បើ​ទោះបី​ជា​ទំនាក់​ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ មិន​ទាន់​មាន​ផល​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ដែល​អាច​ឈាន​ទៅ​ដល់​ការ​ធ្វើ​ពហិការ​ក្នុង​ការ​ប្រើ​ប្រាស់​ផលិតផល​របស់​គ្នា​ទៅ​វិញ​ទៅ​មក ប៉ុន្តែ​ក្នុង​កាលៈទេសៈនេះ គឺ​កម្ពុជា​មាន​ភាព​ចាំ​បាច់​ក្នុង​ការ​​បង្កើត​ការ​ផលិត​ទំនិញនៅ​ក្នុង​ស្រុក​ឱ្យ​បាន​កាន់​តែ​ច្រើន។ លោក​បន្ត​ថា ការ​លើក​កម្ពស់​ផលិត​ផល​ក្នុង​ស្រុកនឹង​ផ្តល់​ផល​ចំណេញ​ច្រើន​សម្រេាប់​សេដ្ឋកិច្ច​ជាតិ ដែល​មាន​ដូចជា បង្កើន​ភាព​ទាក់​ទាញ​សម្រាប់​ការ​មក​បណ្តាក់​ទុន​ផ្ទាល់ ​​បង្កើតឱកាស​ការងារ​ និង​បង្កើត​សមត្ថភាព​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរ​ជាតិ។

លោក​បាន​ថ្លែង​ថា៖«​នេះ​ជា​ឱកាស​ដែល​កម្ពុជា​ត្រូវខិតខំ​ពង្រឹង និង​ពង្រីក​​សមត្ថភាព​ផលិតកម្ម​របស់​ខ្លួន ក៏​ដូច​ជា​បង្កើន​ជំនឿចិត្ត​ទៅ​លើ​គុណភាព​ផលិត​ផល​ក្នុង​ស្រុក ដែល​សកម្ម​ភាព​ទាំង​នេះ​នឹង​ផ្តល់​ចូល​រួម​ចំណែក​យ៉ាង​ច្រើន​សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិឱ្យ​បោះ​ជំហាន​ទៅ​មុខ​កាន់​តែ​លឿន​បន្ថែម​ទៀត​»។​

ទេសចរណ៍​ទ្វេភាគី​កម្ពុជា-ថៃ ចាប់​ផ្តើម​ធ្លាក់ចុះ​

ទិន្នន័យ​​ក្រសួង​ទេសចរណ៍ ឱ្យ​ដឹង​ថា គិត​ចាប់​ពី​ខែ​មករា ដល់​ខែ​មេសា​ ឆ្នាំ​​២០២៥ មាន​ភ្ញៀវ​បរទេស​​សរុប ២,៤ លាន​នាក់​បាន​ចូល​មកប្រទេស​​កម្ពុជា ​កើន​ឡើង ១៣,៦​​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២៤។ ក្នុង​ចំនួន​នេះ ភ្ញៀវជនជាតិ​ថៃ មាន​ចំនួនច្រើន​ជាង​គេ គឺប្រមាណ ៦៧៤ ១៣៤​​នាក់ កើន​ឡើង ១៤,៦​ភាគរយ​។​

ប្រធាន​សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក ប្រចាំ​កម្ពុជា(PATA) លោក ធួន ស៊ីណាន បាន​និយាយ​ថា ជម្លោះ​តាម​ព្រំដែន និង​ការ​ឡើង​កម្តៅ​ផ្នែក​នយោបាយ​រវាង​ប្រទេស​កម្ពុជា-ថៃ​ដែល​បង្ក​ឡើង​ដោយ​ក្រុម​ជាតិ​និយម​ជ្រុល​ថៃ គឺកំពុង​​បង្ក​ឱ្យ​មាន​ផលប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ផល​ប្រយោជន៍​នៃ​ប្រជាជាតិ​​​ប្រទេស​ទាំង ២ រៀងៗ​ខ្លួន។ សម្រាប់​ភ្ញៀវទេសចរជនជាតិ​​ថៃ ​ដែល​ឆ្លង​ដែន​មក​កម្ពុជា​​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គឺ​មាន​មួយ​ចំនួន​​ជា​អ្នក​មកលេង​​ល្បែងភ្នាល់​នៅតាម​តំបន់​ព្រំដែន​តែ​ប៉ុណ្ណោះ។

លោក​បាន​ថ្លែង​ថា៖​«​បើ​គេ​គិត​ពី​ផល​ប្រយោជន៍ក្នុង​វិស័យ​ទេសចរណ៍​(​ចរន្ត​​ការ​ធ្វើ​ដំណើរ​)រវាង​ប្រទេស​កម្ពុជា និង​ថៃ គឺ​ភាគី​ថៃ​គេ​ទទួល​បាន​ចំណូល​ច្រើន​ពី​កម្ពុជា ជាង​កម្ពុជា​ទទួល​បាន​ពី​ភាគី​ថៃ​»។

លោក​បាន​ប្រាប់​ទៀត​ថា បន្ទាប់​ពីមាន​ការ​ផ្ទុះ​អាវុធ​​នៅ​ព្រំដែន​កម្ពុជា-ថៃ កាល​ពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៨ ខែ​ឧសភា គឺ​មាន​កញ្ចប់​ទេសចរណ៍​ និង​សំបុត្រ​យន្តហោះ​រវាង​​កម្ពុជា-ថៃ​ ជាច្រើន​​ត្រូវ​បាន​​លុប​ចោល​ភ្លាមៗ​ ដោយ​​នៅ​​សល់​តែ​​មួយ​ចំនួន​តូចប៉ុណ្ណោះ ដូច​ជា ការ​ណាត់​ជួប​ពេទ្យ និងជំនួប​ពាណិជ្ជកម្ម​ដែល​ចាំបាច់​។​ ជាមួយ​គ្នា​នេះ ផែនការ​ក្នុង​ការ​រៀបចំ​ពិព័រណ៌​​ក្នុង​វិស័យ​ទេសចរណ៍ និង​​ជំនួប​ពាណិជ្ជកម្មទ្វេភាគី​ ក៏​ត្រូវ​បាន​លុប​ចោល​ស្ទើ​ទាំង​ស្រុងផងដែរ​​នៅ​ពេល​នេះ​។​

លោក​បាន​បញ្ជាក់​ថា៖​«​ក្នុង​នាម​ជា​ពល​រដ្ឋ​ខ្មែរ​មួយ​រូប ខ្ញុំ​សូម​គាំទ្រ​ពេញ​ទំហឹង​​ចំពោះ​សារ​របស់​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​ដែល​បាន​លើក​ឡើង​ចំនួន ៦ ចំណុច​នា​ព្រឹក​ថ្ងៃទី​១៣ ខែ​មិថុនា​នេះ និង​សារ​ជា​បន្ត​បន្ទាប់​នា​ពេល​កន្លង​មក ព្រោះ​ក្នុង​នាម​ជា​ប្រជាជាតិ​មួយ​ គឺ​យើង​ពិត​ជា​ត្រូវ​ការ​ ការ​គោរព និង​​ភាព​ស្មើ​គ្នាក្នុង​ការ​រស់​នៅ​ ខណៈ​មួយ​រយៈ​ចុង​ក្រោយ​នេះ​នៅ​លើ​បណ្តាញ​សង្គម​គេ​ឃើញមាន​អ្នក​នយោបាយ​ថៃ​មួយ​ចំនួន​ បាន​ប្រមាថ​មើលងាយ​ជាតិ​សាសន៍​កម្ពុជា ដែល​​មិន​អាច​ទទួល​យក​បាន​ក្នុង​នាម​ជា​ប្រជាជាតិ​មួយ​​មាន​ភាព​ថ្លៃថ្នូ​ និង​ជា​ម្ចាស់​លើ​ប្រវត្តិសាស្រ្ត​ ភាសា និង​វប្បធម៌ ជាដើម​»។​

បើ​តាម​លោក ស៊ីណាន នៅ​ពេល​នេះ​​គេ​អាច​​បែងចែក​ប្រជាជន​ខ្មែរ​ដែល​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ ជា​ ៤​ ប្រភេទ គឺ​ អ្នក​​ទៅ​ស្វែង​រក​សេវា​សុខាភិបាល​, អ្នក​ទៅ​ទិញ​ទំនិញ​, ភ្ញៀវ​ទេសចរ, និង​មន្ត្រី/អ្នក​ជំនួញ​ធំៗ​​​ទៅ​ប្រទេស​ថៃ​ដើម្បីជួបប្រជុំ ឬ​ចរចាពាណិជ្ជកម្ម​​​​។ ចំណែកប្រជាជន​​ថៃ​ធ្វើ​ដំណើរ​មក​កម្ពុជា​មាន​ ៣ ប្រភេទ គឺ​​អ្នក​មក​លេងល្បែង, ធុរជន​, និង​​ភ្ញៀវ​ទេសចរ៕