
ទិដ្ឋភាពការលក់ទំនិញរបស់អាជីវករនៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញ។ សហការី
ក្រុមហ៊ុន/សហគ្រាសដែលបានដាក់សំណើសុំចុះបញ្ជីអាជីវកម្មតាមរយៈប្រព័ន្ធចុះអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន(OBR)ចំនួនជិត ៤៧ ពាន់ ដែលមានដើមទុនចុះបញ្ជីសរុបជាង ១៨ ពាន់លានដុល្លារ ត្រូវបានរដ្ឋាភិបាលអនុម័តក្នុងរយៈពេល ៥ឆ្នាំដំបូងនៃការដាក់ឱ្យអនុវត្តប្រព័ន្ធមួយនេះជាផ្លូវការ។
OBR ត្រូវបានដាក់ឱ្យដំណើរការជា ៣ ដំណក់កាល ដោយដំណាក់កាលទី១ ត្រូវបានប្រកាសដាក់ឱ្យដំណើរការកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ដែលរួមមានក្រសួង-ស្ថាប័នរដ្ឋចំនួន ៦ ចូលរួម គឺក្រសួងមហាផ្ទៃ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងពាណិជ្ជកម្ម, ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, អគ្គនាយកដ្ឋានពន្ធដារ, និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ក្រោយមករដ្ឋាភិបាលក៏បានប្រកាសដាក់ឱ្យដំណើរការដំណាក់កាល ទី២ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ និងដំណាក់កាល ទី៣ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ដោយបានបន្ថែមក្រសួង-ស្ថាប័នមួយចំនួនបន្ថែមទៀត។ បើគិតរហូតមកដល់បច្ចុប្បន្នមានក្រសួង ស្ថាប័នចំនួន ២១ ចូលរួម និងបានបញ្ចូលសេវាសាធារណៈគោលចំនួន ៣៣ មកក្នុងប្រព័ន្ធអេកូឡូស៊ីនៃការផ្តល់សេវាសាធារណៈសម្រាប់ធុរកិច្ច។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការបានរយៈពេល ៥ឆ្នាំហើយ។ ប្រព័ន្ធនេះបានជួយសម្រួលដល់នីតិវិធីនៃការចុះបញ្ជីអាជីវកម្មរបស់ធុរជន រួមទាំងបានចូលរួមចំណែកលើកកម្ពស់បរិយាកាសធុរកិច្ច និងសេដ្ឋកិច្ចឌីជីថលក្នុងប្រទេសកម្ពុជាផងដែរ។ OBR ក៏បានបន្តពង្រឹង និងពង្រីកការដ្ឋានជាបន្តបន្ទាប់ដែលគ្របដណ្តប់ដល់សេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចជាច្រើនទៀត។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ចំនួនពាក្យស្នើសុំចុះបញ្ជីអាជីវកម្មដែលបានអនុម័តមានចំនួនសរុប ៤៦ ៧៧៦ ជាមួយនឹងដើមទុនចុះបញ្ជីសរុប ៧៤,៧២ ទ្រីលានរៀល ឬស្មើនឹង ១៨,២៣ ពាន់លានដុល្លារ។ ក្នុងចំណោមក្រុមហ៊ុន/សហគ្រាសទាំង ៤៦ ៧៧៦ គឺមានម្ចាស់ជាស្រ្តីចំនួន ១៧ ២៤០ ឬ ៣៧ ភាគរយនៃចំនួនសរុប។
ដើមទុនចុះបញ្ជីសរុបខាងលើ គឺមានក្នុងសកម្មភាពសេវាកម្មស្នាក់នៅចំនួន ១,៥៦ ពាន់លានដុល្លារ(ស្មើ ៨,៥៤ ភាគរយ), សកម្មភាពអចលនទ្រព្យ ដោយប្រើអចលនទ្រព្យផ្ទាល់ខ្លួន ឬជួលពីគេ ១,៤៦ ពាន់លានដុល្លារ (៨,០២ ភាគរយ), ការសាងសង់អគារ ១,៤២ ពាន់លានដុល្លារ (៧,៨២ ភាគរយ), កម្មន្តសាលសម្លៀកបំពាក់លើកលែងសម្លៀកបំពាក់ពីរោមសត្វ ៨៩២លានដុល្លារ (៤,៩ ភាគរយ), សកម្មភាពពិគ្រោះយោបល់ផ្នែកគ្រប់គ្រង ៨៨៤ លានដុល្លារ (៤,៨៥ ភាគរយ) និងអាជីវកម្មផ្សេងៗទៀត ១២,០១ ពាន់លានដុល្លារ (៦៥,៨៨ ភាគរយ)។
ក្រសួងបានបញ្ជាក់ថា៖«ប្រព័ន្ធនេះបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ធុរជន ដោយបានកាត់បន្ថយនីតិវិធី ពេលវេលា និង កម្រៃសេវាមួយចំនួន ហើយអនុញ្ញាតឱ្យអ្នកស្នើសុំចុះបញ្ជីអាជីវកម្មបានដោយជោគជ័យក្នុងរយៈពេលត្រឹមតែ ៨ ថ្ងៃនៃថ្ងៃធ្វើការ ប្រសិនបើអ្នកស្នើសុំបានផ្តល់ព័ត៌មាន និងឯកសារភ្ជាប់ត្រឹមត្រូវ និងពេញលេញ»។
អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី១៦ ខែមិថុនា ថា នេះជាវឌ្ឍនភាពនៃកិច្ចខិតខំរបស់រដ្ឋាភិបាលក្នុងការជំរុញ លើកទឹកចិត្ត និងកៀរគរឱ្យម្ចាស់អាជីវកម្មដែលកំពុងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជាទាំងអស់ឱ្យមកចុះបញ្ជីអាជីវកម្មនៅអាជ្ញាធរ។ ការចុះបញ្ជីបានផ្តល់ផលវិជ្ជមានទាំងសម្រាប់ម្ចាស់អាជីវកម្ម និងអាជ្ញាធរ។
លោកបន្តថា សម្រាប់ម្ចាស់អាជីវកម្ម ការចុះបញ្ជីនឹងធ្វើឱ្យអាជីវកម្មរបស់ពួកគេមានភាពស្របច្បាប់ និងអាចទទួលបានការបណ្តុះបណ្តាលបច្ចេកទេស/ជំនាញ ឬការលើកទឹកចិត្តផ្សេងៗពីរដ្ឋាភិបាលក្នុងករណីពិសេសណាមួយ។ ចំណែករដ្ឋាភិបាល គឺមានភាពងាយស្រួលក្នុងការគ្រប់គ្រង យកពន្ធ ឬដាក់ចេញនូវវិធានការគាំទ្រ ព្រមទាំងអាចមានទិន្នន័យច្បាស់លាស់សម្រាប់បង្ហាញទៅដល់អ្នកវិនិយោគដែលចង់បើកអាជីវកម្មតាមវិស័យនីមួយៗ។
លោកបានថ្លែងថា៖«នៅពេលអាជីវកម្មក្នុងប្រទេសមានការចុះបញ្ជីត្រឹមត្រូវ គឺនឹងផ្តល់ភាពងាយស្រួលច្រើនទាំងរដ្ឋាភិបាល និងផ្នែកឯកជន ជាពិសេសនឹងជួយទប់ស្កាត់ ឬកាត់បន្ថយការលក់ទំនិញមួយចំនួនដែលគ្មានប្រភពច្បាស់លាស់ ឬការលក់បង្ខូចថ្លៃដែលបណ្តាលមកពីការបង់ពន្ធមិនមានតម្លាភាពជាដើម»។
ប្រធានសមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជា លោក ឈិន កេន ធ្លាប់បាននិយាយថា ការពង្រឹងប្រព័ន្ធច្បាប់អាជីវកម្ម, ការសម្រួលនីតិវិធីចុះបញ្ជីដែលមានភាពងាយស្រួល, និងចំណេះដឹងផ្នែកបច្ចេកវិទ្យាព័ត៌មានរបស់ម្ចាស់អាជីវកម្ម គឺបានជួយលើកទឹកចិត្តឱ្យម្ចាស់អាជីវកម្មកាន់តែច្រើននាំគ្នាទៅចុះបញ្ជី។ នៅពេលគ្រប់អាជីវកម្មសុទ្ធតែបានការទទួលស្គាល់ពីអាជ្ញាធរ វានឹងជួយធ្វើឱ្យការប្រកួតប្រជែងមានតម្លាភាពជាងមុន។
លោកបញ្ជាក់ថា៖«នៅពេលគ្រប់អាជីវកម្មទាំងអស់ត្រូវបានចុះបញ្ជី វានឹងផ្តល់ផលចំណេញច្រើនទៅរដ្ឋាភិបាល និងផ្នែកឯកជន ហើយជាមួយគ្នានេះវាក៏នឹងជួយកាត់បន្ថយការលក់បង្ខូចថ្លៃពីសំណាក់ម្ចាស់អាជីវកម្មមិនស្របច្បាប់មួយចំនួនដែលរកស៊ីដោយមិនបង់ពន្ធផងដែរ»៕