នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បាន​បង្ហាញ​ក្តី​រីករាយ និង​​ការ​​អរគុណ​ចំពោះ​ផ្នែក​ឯកជន​ននៃ​វិស័យ​ហិរញ្ញវត្ថុនៅ​កម្ពុជា​ដែល​បាន​ធ្វើការ​ឆ្លើយតប​ជា​វិជ្ជមានទៅនឹងការអំពាវនាវរបស់​រដ្ឋាភិបាល​ក្នុង​ការ​ពិនិត្យលទ្ធភាពជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់ប្រជាពលករដែលត្រលប់មកពីថៃវិញ ចំពោះអ្នកដែលមានជាប់ជំពាក់បំណុលជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​។

នៅ​លើ​បណ្តាញ​សង្គម​ផ្លូវ​ការ​របស់​លោក​ ហ៊ុន ម៉ាណែត​ នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​មិថុនា នេះ​បាន​សរសេរ​ថា៖​«​ខ្ញុំសូមអរគុណចំពោះសមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលបានបង្ហាញនៅឆន្ទៈជាវិជ្ជមាន​ទៅនឹងការអំពាវនាវរបស់ខ្ញុំ ក្នុងការពិនិត្យលទ្ធភាពជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់បងប្អូនប្រជាពលករដែលត្រលប់មកពីថៃវិញ ចំពោះអ្នកដែលមានជាប់ជំពាក់បំណុលជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន»។

លោក​បាន​បន្ថែម​ថា៖​«​នេះ គឺបង្ហាញអំពីឆន្ទៈក្នុងការចូលរួម​ក្នុងស្មារតីសាមគ្គីឯកភាពជាតិ និងការជួយគ្នាទៅវិញទៅមក ពេលប្រទេសជាតិនិងប្រជាពលរដ្ឋខ្មែរយើងប្រឈមនឹងបញ្ហា»។

សារ​ខាង​លើ​របស់​លោកនាយក​រដ្ឋមន្ត្រី គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​ផ្នែក​ឯកជន​នៃ​ស្ថាប័ន​ហិរញ្ញវត្ថុនៅ​កម្ពុជា ដែល​តំណាង​ដោយ​សមាគម​ធនាគារ​នៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) កាល​ពី​​យប់​ថ្ងៃ​ទី​១៤ ខែមិថុនា​ ​បាន​ចេញ​សេចក្តី​ថ្លែង​ការ​រួម​គ្នា ដោយ​បាន​បង្ហាញ​នូវ​ការ​គាំទ្រយ៉ាង​ពេញ​ទំហឹង​ចំពោះ​សេចក្តី​អំពាវនាវ​របស់​លោក ហ៊ុន ម៉ាណែត ដែល​​ស្នើ​ឱ្យ​សមាគមធនាគារនៅកម្ពុជា និង​សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់បងប្អូនប្រជាពលករដែលត្រលប់មកពីថៃវិញ ចំពោះអ្នកដែលមានជាប់ជំពាក់បំណុលជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅតាមលទ្ធភាព ឬ ក្នុងមួយរយៈពេលកំណត់ណាមួយដែលអាចធ្វើទៅបាន​។


ខ្លឹមសារ​នៃ​សេចក្តី​ថ្លែងការ​រួម​​របស់ ABC និង CMA បាន​សរសេរ​ថា សមាគម​ទាំង ២ សូម​គាំទ្រយ៉ាងពេញទំហឹងចំពោះការអំពាវនាវរបស់លោក​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែល​ឱ្យសមាគមទាំងពីរ​«ពិនិត្យលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់បងប្អូនប្រជាពលករដែលត្រលប់មកពីប្រទេសថៃវិញ ចំពោះអ្នកដែលមានជាប់ជំពាក់កម្ចីជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅតាមលទ្ធភាព ឬ ក្នុងមួយរយៈពេលកំណត់ណាមួយដែលអាចធ្វើទៅបាន» ។

សេចក្តី​ថ្លែង​ការ​បាន​បញ្ជាក់​ថា៖​«​គ្រឹះស្ថានសមាជិកនៃសមាគមទាំងពីរ នឹងពិនិត្យឱ្យអស់លទ្ធភាពចូលរួមដាក់ចេញនូវវិធានការសមស្របក្នុងការបន្ធូរបន្ថយបន្ទុកហិរញ្ញវត្ថុសម្រាប់បងប្អូនប្រជាពលករ តាមរយៈការរៀបចំឥណទានឡើងវិញ ដែលជាយន្តការរបស់សមាគមបាននិងបន្តអនុវត្ត។ ក្នុងករណីមានតម្រូវការជាក់ស្ដែងក្នុងរៀបចំឥណទានឡើងវិញ ក៏ដូចជាសំណើសុំផ្ដល់ការគាំទ្រផ្សេងៗ សមាគមស្នើសុំបងប្អូនប្រជាពលករទាំងអស់ដែលជាអតិថិជន​ទាក់ទងផ្ទាល់​ជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ នៅរៀងរាល់ម៉ោងធ្វើការ ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណបណ្ណ ឯកសារឥណទាន បណ្ណ/សៀវភៅការងារ និងលិខិតពាក់ព័ន្ធនានា ដើម្បីពិភាក្សារិះរកដំណោះស្រាយដ៏សមរម្យ»។

សមាគមទាំងពីរ បាន​អះអាង​ថា នឹងបន្តសហការជាមួយធនាគារជាតិនៃកម្ពុជា និងភាគីពាក់ព័ន្ធ ដើម្បីធានាថាគ្រឹះស្ថានហិរញ្ញវត្ថុនៅតែចូលរួមយ៉ាងពេញលេញ និងទូលំទូលាយក្នុងការគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ និងលើកស្ទួយជីវភាពរបស់ប្រជាជន ទៅតាមលទ្ធភាពជាក់ស្តែង និងការដឹកនាំចង្អុលបង្ហាញរបស់ធនាគារជាតិ នៃកម្ពុជា និងរាជរដ្ឋាភិបាល៕​