វិនិយោគិន​មក​ពី​ខេត្តអានហ៊ួយ ប្រទេស​ចិន ចំនួន ៥ក្រុមហ៊ុន​​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​​​​​ក្នុង​ការ​​សិក្សាពី​ឱកាស​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​ដើម្បី​ពង្រីក​ទីផ្សារ​របស់​ខ្លួន​នៅ​ក្នុង​តំបន់ឱ្យ​កាន់​តែ​ធំ​ថែម​ទៀត​​ ខណៈទំហំ​​ទឹក​ប្រាក់​នៃ​ការ​បណ្តាក់​ទុន​ផ្ទាល់​ពី​​សំណាក់​វិនិយោគិនចិននៅ​កម្ពុជា ក្នុង​ឆ្នាំ​២០២៤ កន្លង​មកមាន​ចំនួន​​ជិត ៥០​ភាគ​រយ​នៃ​ចំនួន​ទឹក​ប្រាក់​វិនិយោគ​សរុប​។

ចំណាប់​អារម្មណ៍​ខាង​លើ​​ត្រូវ​បានលោក Tang Choayang ប្រធានក្រុមហ៊ុន Guangwang Integrated Housing Co., Ltd ដែលជាក្រុមហ៊ុនវិនិយោគផ្នែកសំណង់លំនៅឋាន ផ្ទះចល័ត និងផ្ទះលំហែកាយ​នៅ​ប្រទេស​ចិន ​បាន​លើក​ឡើង​​​ក្នុង​ជំនួប​ជាមួយ​លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា នៅ​សាលាខេត្ត​ព្រះសីហនុ។​

ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា​​របស់​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ចិន​ខាង​លើ​ គឺ​​​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុមហ៊ុន​ទាំង ៥ បានចូលរួមក្នុង​វេទិកាជំរុញវិនិយោគខេត្តព្រះសីហនុ ដែល​បាន​រៀបចំ​​នៅខេត្តអានហ៊ួយ ប្រទេស​​ចិន កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥។​

លោក Tang Choayang បាន​លើក​ឡើង​ថា បន្ទាប់​ពី​​ចូល​រួម​ក្នុង​វេទិកាជំរុញវិនិយោគខេត្តព្រះសីហនុ ដែល​រៀបចំ​ឡើង​នៅខេត្តអានហ៊ួយ គឺ​មាន​ក្រុម​អ្នក​វិនិយោគជា​ច្រើន​បាន​ចាប់​អារម្មណ៍​ចំពោះ​ការ​មកស្វែង​រក​ឱកាស​​បណ្តាក់​ទុន​ផ្ទាល់​នៅ​កម្ពុជា​ ជា​ពិសេស​ក្នុង​ខេត្ត​ព្រះសីហនុ​។


លោក​បាន​ថ្លែង​ថា៖​«​ដោយមានការចាប់អារម្មណ៍ពីសក្តានុពលនៅខេត្តព្រះសីហនុ ទើបក្រុមហ៊ុនរបស់ពួកយើង​​សម្រេចចិត្តមកសិក្សាដោយផ្ទាល់ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់បន្ថែមទៀត និងឈានទៅដល់ការសម្រេចចិត្តបណ្ដាក់ទុនវិនិយោគនៅក្នុងខេត្តព្រះសីហនុ»។

បើ​តាម​រដ្ឋបាល​ខេត្ត​ព្រះសីហនុ សមិទ្ធិផល​ទាំង​អស់​នេះ​គឺជាលទ្ធផលប្រកបដោយផ្លែផ្កា បន្ទាប់ពីវេទិកាជំរុញការវិនិយោគខេត្តព្រះសីហនុ នៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីផ្សព្វផ្សាយ និងទាក់ទាញវិនិយោគចិន​មកកាន់​កម្ពុជា ជាពិសេស​ខេត្តព្រះសីហនុ។ ត្រឹមរយៈពេល ១ សប្តាហ៍បន្ទាប់ពីការធ្វើវេទិកា គឺមាន​វិនិយោគិន​ចិន​ជា​ច្រើន​បាន​បង្ហាញ​​ការចាប់អារម្មណ៍​មកធ្វើការសិក្សាស្វែងយល់អំពីសក្តានុពល និងឱកាសវិនិយោគក្នុងខេត្តព្រះសីហនុ។

រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ឱ្យ​ដឹង​ទៀត​ថា នៅ​ក្នុងឱកាស​ចូល​រួម​វេទិកា​ជំរុញវិនិយោគខេត្តព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​៧ ខែ​មិថុនា លោកអភិបាល​ខេត្តព្រះសីហនុ ក៏​បាន​ជួប​ពិភាក្សា​ជាមួយ​នឹង​លោក​អភិបាលខេត្តជាំងស៊ូ ផងដែរ។ តាម​រយៈ​ជំនួប​ពិភាក្សា​នេះ​ អភិបាលខេត្តជាំងស៊ូ ក៏​បាន​ណែនាំដល់មន្ទីរពាណិជ្ជកម្មខេត្តជាំងស៊ូ ឱ្យដឹកនាំប្រតិភូអ្នកវិនិយោគ​របស់​ខ្លួន​​ចំនួន ៥០ ក្រុមហ៊ុន ដើម្បី​មក​ធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីឱកាសវិនិយោគនៅខេត្តព្រះសីហនុ នាពេលឆាប់ៗខាងមុខផងដែរ។

យោង​តាម​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ក្នុងឆ្នាំ២០២៤ កន្លង​មក មាន​គម្រោង​វិនិយោគ​សរុប ៤១៤ គម្រោង​ត្រូវ​បាន​ CDC ​អនុម័ត ដែល​គម្រោង​ទាំង​អស់​នេះ​មាន​ទុនវិនិយោគសរុប ៦,៩ពាន់លានដុល្លារ និងអាចបង្កើតការងារបានជិត ៣២ម៉ឺនកន្លែង។ ក្នុង​ចំនួន​ទុន​វិនិយោគ​ខាងលើ គឺ​​​ប្រទេស​ចិនស្ថិត​នៅ​លើ​គេ​ ដោយ​មាន​ចំណែក ៤៩,៨២ ​ភាគរយ​​នៃ​ទំហំ​ទុន​វិនិយោគ​សរុប, កម្ពុជា ៣៣,៨១​ ភាគរយ, វៀតណាម ៨,១១​ភាគរយ និង​សិង្ហបុរី ៣,៨៣​ភាគរយ ក្រៅ​ពី​នោះ​មាន​ដូច​ជា កោះ Cayman, ម៉ាឡេស៊ី, ជប៉ុន, អាមេរិក, ថៃ, កោះ Samoa, ឥណ្ឌា, កូរ៉េ និងកាណាដា ជា​ដើម​។​

ប្រធាន​សាខា​ក្រុមហ៊ុន​អចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្ត​ព្រះសីហនុ លោក អ៊ឹម សេងហួ បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​​ថា ស្ថាន​ភាព​វិស័យ​អចលនទ្រព្យ​នៅ​ខេត្ត​ព្រះសីហនុ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៥ គឺ​មាន​ភាព​ល្អ​ប្រសើរ​​តិចតួច​បើ​ធៀប​នឹង​រយៈ​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន ដោយ​អចលនទ្រព្យ​ល្អ​បំផុត​ក្នុង​ក្រុង​ព្រះសីហនុ អាច​មាន​តម្លៃ​ចន្លោះ​ពី​ ៣ ៥០០- ៤ ៥០០ដុល្លារ​ក្នុង​១​ម៉ែត្រ​ការ៉េ និង​តំបន់​ជាយក្រុង​​តម្លៃ​ចន្លោះ​ពី​ ៣៥០-​១ ៥០០​ដុល្លារ។ តម្លៃ​នេះ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​២០២៤ គឺមិនមាន​អ្វី​ប្រែប្រួល​ច្រើន​​ទេ។

លោក​បន្ត​ថា សម្រាប់​សកម្ម​ភាព​ទិញ-លក់ អចលនទ្រព្យ​អាច​មាន​កំណើន​ក្នុង​ចន្លោះ​ពី ១៥-​២០​ភាគរយ​ ហើយ​ការ​ទិញ​-​លក់នោះ គឺកើតឡើង​ភាគច្រើន​ចំពោះ​អចលនទ្រព្យ​ដែល​មាន​តម្លៃ​ក្រោម ៥០ម៉ឺន​ដុល្លារ​។​

លោក​បាន​​បន្ថែម​ថា៖​«​ការដាក់​ចេញ​គោលនយោបាយ​ថ្មីៗរបស់​រដ្ឋាភិបាល​ ពិសេស​«ផែនការមេដើម្បីអភិវឌ្ឍន៍​ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» គឺនឹង​ជួយ​អភិវឌ្ឍន៍​ខេត្តព្រះសីហនុឱ្យក្លាយ​ទៅ​ជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយនៅ​ក្នុង​ប្រទេស​កម្ពុជា​»។

ទិន្នន័យ​របស់​​អគ្គនាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​(GDCE) ឱ្យ​ដឹង​ថា ​ក្នុង​ឆ្នាំ ២០២៤ ការ​នាំ​ចូល នាំ​ចេញ​ទំនិញ​រវាង​ប្រទេស​កម្ពុជា និង​​ចិន មាន​ទឹក​ប្រាក់​សរុប ១៥,១៩ ពាន់លាន​ដុល្លារ កើន​ឡើង ២៣,៨ ភាគ​រយ​បើ​ធៀប​នឹង​ឆ្នាំ​​២០២៣។ ក្នុង​ចំនួន​នេះ គឺ​ទំនិញ​​​ចិន​នាំ​មក​កម្ពុជា​​ចំនួន ១៣,៤៤ ពាន់​លាន​ដុល្លារ កើន​ឡើង ២៤,៦ ភាគរយ ចំណែកទំនិញ​កម្ពុជា​នាំ​ទៅ​ប្រទេស​ចិន ១,៧៥ ពាន់​លាន​ដុល្លារ កើន ១៨,៤ ភាគរយ។​ ដោយ​ឡែក​សម្រាប់​​​រយៈ​ពេល ៥ខែ​ ដើម​ឆ្នាំ​២០២៥ ការ​ផ្លាស់​ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំង ២ មាន​ទឹក​ប្រាក់សរុប ៧,៦៤ ពាន់​លាន​ដុល្លារ កើន​ឡើង ២៧,៥​ ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២៤ ដោយ​ក្នុង​នោះ​ទំនិញ​កម្ពុជា​នាំ​ទៅ​ចិន ៦៣៤,០២លាន​ដុល្លារ ធ្លាក់ចុះ ៣,៦​ភាគរយ ចំណែក​ចិន​នាំមក​កម្ពុជា ៧ ពាន់​លាន​ដុល្លារ កើន​ឡើង ៣១,៤​ ភាគរយ​៕