
វិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជា កំពុងបង្ហាញពីការវិវឌ្ឍប្រកបដោយចីរភាព ការទទួលខុសត្រូវ និងភាពធន់ ព្រមជាមួយនឹងការលើកកម្ពស់សិទ្ធិប្រជាពលរដ្ឋក្នុងសហគមន៍ឱ្យកាន់តែប្រសើរ។ បណ្ដាធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (MFIs) ដែលជាអ្នកផ្តល់សេវាហិរញ្ញវត្ថុបាននិងកំពុងអនុវត្តការផ្តល់កម្ចីផ្អែកលើក្រមសីលធម៌ អនុលោមភាពបរិស្ថាន សង្គម និងអភិបាលកិច្ច(ESG) ព្រមទាំងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្នដែលបម្រើដល់ផលប្រយោជន៍ទាំងមនុស្ស និងភពផែនដី។
សេចក្តីប្រកាសព័ត៌មានរួមរបស់សមាគមធនាគារនៅកម្ពុជា(ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) នាថ្ងៃទី១៦ ខែមិថុនា បានលើកឡើងថា វឌ្ឍនភាពនេះបានចាប់ផ្តើមក្នុងឆ្នាំ២០១៩ នៅពេលដែលសមាគមធនាគារនៅកម្ពុជា(ABC) ដោយមានការគាំទ្រពីធនាគារជាតិនៃកម្ពុជា និងក្រសួងបរិស្ថាន បានដាក់ចេញនូវគោលការណ៍ហិរញ្ញវត្ថុប្រកបដោយនិរន្តភាពសម្រាប់កម្ពុជា(CSFP)។ គោលការណ៍ហិរញ្ញវត្ថុប្រកបដោយនិរន្តភាព ដែលមានការចូលរួមដោយស្ម័គ្រចិត្តនេះ បានជួយឱ្យគ្រឹះស្ថានហិរញ្ញវត្ថុ ដាក់បញ្ចូលនូវលក្ខណៈវិនិច្ឆ័យបរិស្ថាន សង្គម និងអភិបាលកិច្ច ទៅក្នុងសកម្មភាពនៃការផ្តល់ឥណទានរបស់ពួកគេ។
លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បាននិយាយថា៖«ក្នុងនាមជាអ្នកផ្តល់សេវាហិរញ្ញវត្ថុដែលមានការទទួលខុសត្រូវ យើងប្តេជ្ញាធានានូវលទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់រួមចំណែកគាំទ្រដល់សុខុមាលភាពរបស់ប្រជាជន និងតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍តម្លាភាព យុត្តិធម៌ និងទំនួលខុសត្រូវសង្គម»។
ស្របគ្នានេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជាសមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ក៏បានបង្ហាញការយកចិត្តទុកដាក់ព្រមគ្នាក្នុងការជំរុញលទ្ធភាពទទួលបានហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ។
ដើម្បីធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានមូលនិធិនិងគាំទ្រអាជីវកម្មខ្នាតតូច គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជាសមាជិក នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចាប់ដៃគូសហការជាមួយសាជីវកម្មធានាឥណទានកម្ពុជា (CGCC) រយៈពេលបីឆ្នាំ។ កិច្ចព្រមព្រៀងនេះអនុញ្ញាតឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ពង្រីកឥណទានបន្ថែមទៀតដល់សហគ្រាសធុនតូច និងមធ្យម ជាពិសេសសហគ្រិនស្ត្រី និងប្រជាពលរដ្ឋនៅតាមទីជនបទ ដោយផ្តល់ការធានាឥណទាន និងការបណ្តុះបណ្តាលអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ។
នៅក្នុងកម្រិតសហគមន៍ ទាំងគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានចាប់ផ្តើមអនុវត្តយុទ្ធនាការអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុសំខាន់ៗ។ ចាប់តាំងពីឆ្នាំ ២០២០ មកសមាជិករបស់សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បាននិងកំពុងជំរុញយុទ្ធនាការបញ្រ្ជាបចំណេះដឹងផ្នែកហិរញ្ញវត្ថុឌីជីថលប្រចាំខែយ៉ាងសកម្ម និងបានពង្រីកការបញ្ជ្រាបចំណេះដឹងហិរញ្ញវត្ថុតាមបណ្តាញឌីជីថលមកប្រចាំសប្តាហ៍ដែលចាប់ផ្តើមនៅឆ្នាំ២០២៣។
កម្មវិធីសុវត្ថិភាពហិរញ្ញវត្ថុសហគមន៍ «Safe Finance» របស់សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ដែលគាំទ្រដោយធនាគារជាតិ នៃកម្ពុជា (NBC) និងស្ថាប័នក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុផ្សេងៗកំពុងផ្សព្វផ្សាយ និងចែកចាយសម្ភារអប់រំនៅតាមភូមិ ឃុំ នានា ដើម្បីបង្កើនការយល់ដឹងស្តីពីចំណេះដឹងហិរញ្ញវត្ថុ និងសុវត្ថិភាពហិរញ្ញវត្ថុរបស់អ្នកខ្ចីប្រាក់។
ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោកស្រី ឌិត នីតា បាននិយាយថា៖«ការទូទាត់តាមប្រព័ន្ធឌីជីថល និងបរិយាបន្នហិរញ្ញវត្ថុ បាននិងកំពុងផ្លាស់ប្ដូរបរិបទនៃការរស់នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងតំបន់ដែលខ្វះលទ្ធភាពក្នុងការប្រើប្រាស់សេវាធនាគារ និងហិរញ្ញវត្ថុ។ តាមរយៈការលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញវត្ថុ និងគណនេយ្យភាព យើងកំពុងកសាងនូវសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងគាំទ្រដល់អតិថិជន និងកិច្ចការពារសហគមន៍»។
ជាមួយគ្នានេះ ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរបស់កម្ពុជាមិនត្រឹមតែមានភាពរីកចម្រើនផ្នែកហិរញ្ញប្បទានប៉ុណ្ណោះទេ ប៉ុន្តែក៏ប្រកបដោយការទទួលខុសត្រូវផងដែរ។ ពោល ពួកគេមិនត្រឹមតែកំពុងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដោយផ្អែកលើលក្ខណៈវិនិច្ឆ័យបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) នោះទេ ការផ្តល់ឥណទានដែលមានតម្លៃសមរម្យដល់សហគ្រិននៅតាមទីជនបទ ឬការធានាថាអ្នកខ្ចីប្រាក់គ្រប់រូបយល់ពីសិទ្ធិរបស់ពួកគេ គឺជារឿងចាំបាច់។ នេះសបញ្ជាក់ថា វិស័យហិរញ្ញវត្ថុនេះ ជាវិស័យដែលមានទំនួលខុសត្រូវ។ ស្របពេលជាមួយនឹងការផ្តល់អាទិភាពខ្ពស់ពីវិនិយោគិនបរទេសលើតម្លាភាព និរន្តរភាព និងផលប៉ះពាល់រយៈពេលវែងរបស់សង្គម វិស័យហិរញ្ញវត្ថុរបស់កម្ពុជា នឹងលូតលាស់ជាលំដាប់ និងក្លាយជាគំរូសម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍៕