
លោកស្រី ចម និម្មល ឡើងថ្លែងក្នុងពិធីខួប ១០ឆ្នាំនៃការបង្កើតសហព័ន្ធស្រូវអង្ករកម្ពុជា (CRF)។ ក្រសួងពាណិជ្ជកម្ម
ផលិតកម្មស្រូវ ត្រូវបានរដ្ឋាភិបាលចាត់ទុកជាដំណាំយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ធានាសន្តិសុខស្បៀង និងអាហារូបត្ថម្ភដ៏សំខាន់ ហើយក៏ជាទំនិញនាំចេញដ៏មានសក្ដានុពលមួយក្នុងចំណោមបញ្ជីផលិតផលកសិកម្មដែលបានជ្រើសរើសជាអាទិភាពសម្រាប់ជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិជារៀងរាល់ឆ្នាំ។ នេះបើតាមលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
ថ្លែងក្នុងពិធីខួប ១០ឆ្នាំនៃការបង្កើតសហព័ន្ធស្រូវអង្ករកម្ពុជា(CRF) ដែលរៀបចំនៅ The Premier Center Sen Sok កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ លោកស្រី ចម និម្មល បានរំលេចឡើងពីសវតារបស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលត្រូវបានបង្កើតឡើងជាផ្លូវការកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៤ ហើយដែលត្រូវបានរដ្ឋាភិបាលចាត់ទុកជាដៃគូតែមួយគត់សម្រាប់ពិភាក្សាគោលនយោបាយ និងជាអ្នកតំណាងវិស័យស្រូវអង្ករបស់កម្ពុជានៅលើឆាកអន្តរជាតិ។ CRF បាននិងកំពុងធ្វើកិច្ចការជាច្រើនដើម្បីចូលរួមគាំទ្រការអនុវត្តគោលនយោបាយជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករទៅទីផ្សារពិភពលោក។
លោកស្រីបន្ថែមថា ជាមួយនឹងកិច្ចខិតខំរួមគ្នារវាងសហព័ន្ធស្រូវអង្ករកម្ពុជា ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ បច្ចុប្បន្នកម្ពុជាបានប្រែក្លាយខ្លួនទៅជាប្រទេសមានអតិរេកស្រូវអង្ករយ៉ាងច្រើន។ ជាក់ស្តែង នៅដើមនីតិកាលទី៧ នេះ ក្រសួងពាណិជ្ជកម្មបានជំរុញឱ្យមានការរៀបចំ និងបានចុះអនុស្សរណៈយោគយល់គ្នានាំចេញអង្ករទៅប្រទេសចិនចំនួន ៥០ម៉ឺនតោន ការបើកច្រកទីផ្សារនាំចេញទៅប្រទេសឥណ្ឌូនេស៊ីតាមរយៈក្រុមហ៊ុនហ្គ្រីនត្រេដ ចំនួន ៣៧ ៥០០តោន និងប្រទេសទីម័រលេស្តេរ ៤០០០តោន។ កាលឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករមានចំនួនជាង ៦៥ម៉ឺនតោនទៅកាន់ប្រទេសចំនួន ៧៥។
លោកស្រី និម្មល បានថ្លែងថា៖«ស្រូវ គឺជាដំណាំយុទ្ធសាស្ត្ររបស់កម្ពុជាសម្រាប់សន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដោយមិនត្រឹមតែជាអាហារមូលដ្ឋានដ៏ចាំបាច់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាទំនិញនាំចេញដ៏មានសក្ដានុពលក្នុងចំណោមបញ្ជីផលិតផលកសិកម្ម ដែលបានជ្រើសរើសជាអាទិភាពសម្រាប់ជំរុញការនាំចេញទៀតផង»។ លោកស្រីបន្តថា៖«តាមរយៈក្រុមហ៊ុនហ្រ្គីនត្រេដ ក្រសួងពាណិជ្ជកម្ម បាននិងកំពុងបន្តការប្រឹងប្រែងក្នុងការចរចាជាមួយបណ្តាប្រទេសក្នុងតំបន់មួយចំនួនដើម្បីពង្រីកទីផ្សារអង្ករកម្ពុជា»។
ជាមួយនឹងវឌ្ឍនភាពសម្រេចបានកន្លងមក លោកស្រីរដ្ឋមន្ត្រី ក៏បានផ្ដល់នូវអនុសាសន៍មួយចំនួនដល់សហព័ន្ធស្រូវអង្ករកម្ពុជា ក្រុមហ៊ុននាំចេញ និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីចូលរួមលើកកម្ពស់វិស័យស្រូវអង្ករកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើន។
អនុសាសន៍គន្លឹះទាំងនោះ មានដូចជា ១. ត្រូវពិនិត្យលទ្ធភាពទាក់ទាញវិនិយោគិនបន្ថែមទៀតឱ្យមកចូលរួមបណ្តាក់ទុនក្នុងផលិតកម្ម និងលើកកម្ពស់តម្លៃបន្ថែមលើគុណភាពខ្សែច្រវាក់ផលិតកម្មអង្ករ សម្រាប់បម្រើការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងឈានទៅបង្កើនឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងពាណិជ្ជកម្មអន្តរជាតិ, ២. ចូលរួមប្រតិបត្តិការជំនួញ-ធុរកិច្ចស្របតាមច្បាប់ជាធរមាន ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ ប្រកបដោយតម្លាភាព ផ្គត់ផ្គង់អង្ករដែលមានលក្ខណ:ប្រកួតប្រជែង ការពារផលប្រយោជន៍របស់ភាគីពាក់ព័ន្ធ និងបង្កើនភាពជឿជាក់នៃអង្ករកម្ពុជានៅក្នុងទីផ្សារជាតិ និងអន្តរជាតិ, និង ៣. ចូលរួមលើកកម្ពស់ និងការពារម៉ាកនិងកម្មសិទ្ធិបញ្ញា ជាពិសេសការកសាងម៉ាកសមូហភាព និងការពង្រឹងគុណភាពអង្ករកម្ពុជា ដោយត្រូវគិតគូរទាំងបរិមាណ គុណភាព សុវត្ថិភាព និងសោភ័ណភាពនៃការវេចខ្ចប់តាមស្ដង់ដាត្រឹមត្រូវ ដើម្បីរក្សាបាននូវកេរ្ដិ៍ឈ្មោះអង្ករកម្ពុជា និងនិរន្តរភាពនៃការនាំចេញ។
ចំណែក ទី ៤ គឺការបន្តសហការជាមួយអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងពាណិជ្ជកម្ម ជាពិសេសក្រុមហ៊ុនហ្គ្រីនត្រេដ ក្រុមការងារជំរុញការនាំចេញ និងដៃគូពាក់ព័ន្ធ ក្នុងការអនុវត្តវិធានការបង្កើនប្រសិទ្ធភាព និងគុណភាព ដើម្បីពង្រឹងទីផ្សារដែលមានស្រាប់ និងពង្រីកទីផ្សារថ្មីបន្ថែម សំដៅបង្កើនការផ្គត់ផ្គង់ក្នុងស្រុក និងបង្កីនការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ, និង ៥ ការធ្វើទំនើបនីយកម្មរចនាសម្ព័ន្ធប្រតិបត្តិការ នីតិវិធីការងារនិងដំណើរការប្រព្រឹត្តទៅ និងលក្ខន្តិកៈសហព័ន្ធ ជាដើម ជាពិសេសស្របពេលនឹងការគ្រោងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធ ប្រធាននិងសមាជិកក្រុមប្រឹក្សាភិបាលនាពេលខាងមុខ។
ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស៊ុន ចាន់ថុល បាននិយាយថា វិស័យស្រូវអង្ករ បានដើរតួនាទីជាសសរស្តម្ភមួយយ៉ាងសំខាន់ក្នុងការទ្រទ្រង់វិស័យសន្តិសុខស្បៀង និងសេដ្ឋកិច្ច ដែលរយៈពេលជាង ១០ឆ្នាំមកនេះ វិស័យស្រូវអង្ករកម្ពុជាបានធ្វើឱ្យមានលំនឹងសន្តិសុខស្បៀង និងការពង្រីកសក្តានុពលពាណិជ្ជកម្ម និងវិនិយោគជាបន្តបន្ទាប់។ វិស័យនេះបានទាញយកការវិនិយោគពីវិនិយោគិនក្នុងស្រុក និងក្រៅប្រទេស និងបានជំរុញឱ្យវិស័យនេះមានការវិនិយោគយ៉ាងគំហុកពីរោងម៉ាស៊ីនកិនស្រូវមានចំនួនមិនដល់ ១០ទីតាំង(កាលពី ១០ឆ្នាំមុន) បានកើនដល់ជាង ៨០ទីតាំង ដែលមានបំពាក់នូវឧបករណ៍សម្ភារបច្ចេកវិទ្យាទំនើបបំផុតចុងក្រោយរបស់ពិភពលោក។
បន្ថែមពីលើនេះ លោក ចាន់ថុល ក៏បានលើកឡើងអំពីអត្ថប្រយោជន៍យ៉ាងវិសេសវិសាលរបស់គម្រោងព្រែកជីកហ្វូណនតេជោ ដែលក្រោយពីការសាងសង់រួច នឹងជាចំណែកមួយនៃប្រព័ន្ធភស្ដុភារកម្មកម្ពុជាដែលនឹងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញពីកម្ពុជាទៅទីផ្សារអន្តរជាតិបានកាន់តែឆាប់រហ័ស ជំរុញពន្លឿនខ្សែច្រវាក់ផ្គត់ផ្គង់ដែលមានជាអាទិ៍ផលិតផលស្រូវអង្ករជាដើម។
ទិន្នន័យចុងក្រោយរបស់ CRF បង្ហាញថា ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥ កម្ពុជាប្រមូលប្រាក់បានពីការនាំចេញស្រូវ និងអង្ករទៅក្រៅប្រទេសសរុប ៩៩៣,២៤ លានដុល្លារ កើនឡើង ៦,៧៨ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤។
ក្នុងនោះការនាំចេញអង្ករ មានបរិមាណ ៣៤៤ ១៩៩ តោន គិតជាប្រាក់ចំនួន ២៥២,៣ លានដុល្លារ(រយៈពេល ៥ខែ ឆ្នាំ២០២៤ មានទឹកប្រាក់ ២១៩,៩១លានដុល្លារ) ចំណែកការនាំចេញស្រូវទៅលក់ឱ្យប្រទេសជិតខាង សម្រេចបាន ៣ ១០២ ៩៧៣ តោន ទទួលបានប្រាក់ ៧៤០,៩៤លានដុល្លារ កើនពី ៧១០,២៣លានដុល្លារកាលពីរយៈពេល ៥ខែដើមឆ្នាំ២០២៤។
កាលពីឆ្នាំ២០២៥ កម្ពុជារកចំណូលពីការនាំចេញស្រូវ និងអង្ករ បានចំនួន ១ ៩៨៧,១៦លានដុល្លារ ក្នុងនោះការនាំចេញស្រូវ មានទឹកប្រាក់ ១ ៤៩៦ លានដុល្លារ និងនាំចេញអង្ករ ៤១៩,១៩ លានដុល្លារ៕