
សិក្ខាសលាផ្សព្វផ្សាយស្ដីពី «ការធានារ៉ាប់រងជាកាតព្វកិច្ច» កាលពីថ្ងៃទី១៦ ខែមិថុនា។ រូបថត សហការី
ខេត្ដរតនគិរី៖ និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) បានបន្ដចុះផ្សព្វផ្សាយស្តីពី «ការធានារ៉ាប់រងជាកាតព្វកិច្ច» ដើម្បីលើកកម្ពស់ចំណេះដឹងអំពីការធានារ៉ាប់រងជាកាតព្វកិច្ច។
ការផ្សព្វផ្សាយនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីតំណាងមន្ទីរ ស្ថាប័នពាក់ព័ន្ធនានាជុំវិញខេត្ត គ្រឹះស្ថានឯកជន សមាគម ប្រតិបត្តិករវិស័យដឹកជញ្ជូន និងសាធារណជនក្នុងខេត្តរតនគិរី។
អ្នកស្រី ហោ សុវឌ្ឍនា អគ្គនាយករង សមាជិកក្រុមការងារអន្តរក្រសួង តំណាងលោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃ និយ័តករធានារ៉ាប់រងកម្ពុជា បានថ្លែងថា៖ «ទីផ្សារធានារ៉ាប់រងនៅកម្ពុជា គឺជាទីផ្សារមួយ ដែលកំពុងមានការវិវត្តឆ្ពោះទៅមុខយ៉ាងឆាប់រហ័ស ដែលបច្ចុប្បន្ន មានក្រុមហ៊ុនធានារ៉ាប់រងចំនួន ៣៦ កំពុងធ្វើប្រតិបត្តិការអាជីវកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា»។
អ្នកស្រីបន្ដថា ក្រុមហ៊ុនទាំងនោះមានទ្រព្យសកម្មសរុបជាង ១,១៩ប៊ីលានដុល្លារអាម៉េរិក និងទំហំបុព្វលាភដុលប្រមាណ ៣៥៧លានដុល្លារអាម៉េរិក និងបានរួមចំណែកក្នុងសេដ្ឋកិច្ចប្រមាណ ១,១៣% ក្នុងនោះប្រជាជនកម្ពុជាម្នាក់ជាមធ្យមប្រើប្រាស់សេវាធានារ៉ាប់រងប្រមាណ ២០,៦៥ដុល្លារអាម៉េរិក»។

សិក្ខាសាលាមានការចូលរួមពីតំណាងមន្ទីរ ស្ថាប័នពាក់ព័ន្ធនានាជុំវិញខេត្ត គ្រឹះស្ថានឯកជន សមាគម ប្រតិបត្តិករវិស័យដឹកជញ្ជូន និងសាធារណជនក្នុងខេត្តរតនគិរី។ រូបថត សហការី
យោងតាម (ន.ធ.ក.) បានឱ្យដឹងថា ទីផ្សារធានារ៉ាប់រងនៅកម្ពុជា មានផលិតផលសម្បូរបែប ដូចជា ផលិតផលធានារ៉ាប់រងអាយុជីវិត ធានារ៉ាប់រងសុខភាព ធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល ធានារ៉ាប់រងទ្រព្យសម្បត្តិ ធានារ៉ាប់រងភារៈទទួលខុសត្រូវយានយន្ត ធានារ៉ាប់រងភារៈទទួលខុសត្រូវការដ្ឋាន និងធានារ៉ាប់រងខ្នាតតូចសម្រាប់ប្រជាពលរដ្ឋដែលមានចំណូលទាប។
អ្នកស្រី សុវឌ្ឍនា បានបន្ថែមថា និយ័តករធានារ៉ាប់រងកម្ពុជា បានកំណត់យកការពង្រឹងការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ច ជាអាទិភាព តាមរយៈការជំរុញការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ ក៏ដូចជាស្ថាប័នមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ អំពីការធានារ៉ាប់រង និងការធានារ៉ាប់រងជាកាតព្វកិច្ច ដែលកំណត់ដោយច្បាប់៕