
កម្មវិធីឆ្នាំនេះនឹងមានសិក្ខាកាមចូលរួមចំនួន១៥នាក់ដែលនឹងទទួលបានការបណ្តុះបណ្តាលជាក់ស្តែងស្តីពីម៉ាក (trademarks) ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (geographical indication-GI) គំនូរឧស្សហកម្ម និងយុទ្ធសាស្ត្រសម្រាប់ពាណិជ្ជកម្មនិងការគ្រប់គ្រងបច្ចេកវិទ្យា។ រូបថត សហការី
ភ្នំពេញ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំកម្ពុជា កំពុងបន្តរពង្រឹងមូលដ្ឋានគ្រឹះសេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការអភិវឌ្ឍធនធានមនុស្ស ជាពិសេសលើការច្នៃប្រឌិត និងសិទ្ធិកម្មសិទ្ធិបញ្ញា (IP)។
កាលពីថ្ងៃទី ២ ខែមិថុនា KOICA បានរៀបចំការតម្រង់ទិសមុនចេញដំណើរសម្រាប់មន្ត្រីរដ្ឋាភិបាលកម្ពុជាដែលត្រៀមនឹងចាប់ផ្តើមវគ្គបណ្តុះបណ្តាលឆ្នាំទី ៣ នៃ «ការកសាងសមត្ថភាពសម្រាប់កម្មសិទ្ធិបញ្ញា និងប្រព័ន្ធកម្មវិធីទទួលស្គាល់ប្រកាសនីយបត្រតក្កកម្មនៅកម្ពុជាសម្រាប់ឆ្នាំ២០២៣ដល់ឆ្នាំ២០២៥»។
វគ្គបណ្តុះបណ្តាលនេះនឹងប្រព្រឹត្តទៅនៅសាធារណរដ្ឋកូរ៉េចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី២១ ខែមិថុនាឆ្នាំ២០២៥ជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការទូលំទូលាយរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA)ជាមួយកម្ពុជាដើម្បីពង្រឹងមូលដ្ឋានគ្រឹះសេដ្ឋកិច្ចរបស់ ប្រទេសកម្ពុជាតាមរយៈការអភិវឌ្ឍធនធានមនុស្ស ដោយផ្តោតលើការច្នៃប្រឌិត និងសិទ្ធិកម្មសិទ្ធិបញ្ញា។
យោងតាម KOICA បានឱ្យដឹងថា៖ «បន្ទាប់ពីវគ្គបណ្តុះបណ្តាលឆ្នាំទី១និងទី២ កម្មវិធីឆ្នាំនេះនឹងមានសិក្ខាកាមចូលរួមចំនួន១៥នាក់ដែលនឹងទទួលបានការបណ្តុះបណ្តាលជាក់ស្តែងស្តីពីម៉ាក (trademarks) ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (geographical indication-GI) គំនូរឧស្សហកម្ម និងយុទ្ធសាស្ត្រសម្រាប់ពាណិជ្ជកម្មនិងការគ្រប់គ្រងបច្ចេកវិទ្យា»។
កម្មវិធីនេះមានគោលបំណងលើកកម្ពស់សមត្ថភាពរបស់កម្ពុជាក្នុងការបង្កើត និងប្រើប្រាស់កម្មសិទ្ធិបញ្ញា(intellectual property-IP) ដោយហេតុនេះគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងការបង្កើតឱកាសថ្មីៗតាមរយៈការការពារប្រកបដោយប្រសិទ្ធភាព និងការអនុវត្ត កម្មសិទ្ធិបញ្ញា។
លោកស្រី សេជីន លី នាយិការងនៃការិយាល័យ KOICA ប្រចាំប្រទេសកម្ពុជា បានអបអរសាទរដល់សិក្ខាកាមចូលរួមទាំងអស់ដែលបានត្រូវបានជ្រើសរើសឱ្យចូលរួមវគ្គបណ្តុះបណ្តាលនិងបានសង្កត់ធ្ងន់ថា ការបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលកំពុងកើនឡើងរបស់កម្ពុជា សម្រាប់វឌ្ឍនភាពក្នុងវិស័យកម្មសិទ្ធិបញ្ញា។
KOICA បានបង្ហាញថា៖ «លោកស្រីបានថ្លែងថា គំនិតផ្តួចផ្តើមនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋាភិបាលកូរ៉េ ក្នុងការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់កម្ពុជា តាមរយៈការពង្រឹងធនធានមនុស្សនៅក្នុងវិស័យសំខាន់នេះ»។
លោកស្រី លី ក៏បានកត់សម្គាល់ផងដែរថា កិច្ចសហប្រតិបត្តិការរបស់ កយកា-KOICA ជាមួយកម្ពុជា បានពង្រីកលើសពីកម្មសិទ្ធិបញ្ញា ដោយកយកា-KOICAបានជួយដល់វិស័យផ្សេងៗទៀត រួមទាំង សុខភាពសាធារណៈ ការអប់រំ និងកសិកម្ម។
ចាប់តាំងពីឆ្នាំ១៩៩៤មក កយកា-KOICA បាននិងកំពុងផ្តល់ទាំងកម្មវិធីបណ្តុះបណ្តាលរយៈពេលខ្លី និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ តាមរយៈកម្មវិធីការកែលម្អសមត្ថភាពនិងវឌ្ឍនភាពសម្រាប់ថ្ងៃស្អែក(CIAT) ឬកម្មវិធីបណ្តុះបណ្តាល ដល់មន្ត្រីរដ្ឋាភិបាលកម្ពុជានៅទូទាំងវិស័យជាច្រើន។
លោក ពេជ អង្គ ប្រធានក្រុមការងារច្បាប់ពាណិជ្ជកម្មនិងជាសមាជិកក្រុមប្រឹក្សាអ្នកច្បាប់អមទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានចូលរួមក្នុងវគ្គតម្រង់ទិសមុនចេញដំណើរក្នុងនាមជាអតីតកម្មសិក្សាការីដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះកាលពីឆ្នាំ២០២៤។
លោកបានចែករំលែកការឆ្លុះបញ្ចាំងអំពីរបៀបដែលវគ្គបណ្តុះបណ្តាលបានរួមចំណែកដល់ការទទួលខុសត្រូវប្រកបដោយវិជ្ជាជីវៈ ហើយបានផ្តល់ដំបូន្មានជាក់ស្តែង និងការលើកទឹកចិត្ត ដោយផ្អែកលើបទពិសោធន៍រស់នៅ និងការសិក្សារបស់គាត់នៅប្រទេសកូរ៉េផងដែរ។
តំណាងមកពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្ដន៍ និងក្រសួងពាណិជ្ជកម្ម បានធ្វើបទបង្ហាញអំពីរបាយការណ៍ប្រចាំប្រទេស ដោយលើកឡើងពីស្ថានភាពបច្ចុប្បន្ននៃប្រព័ន្ធសិទ្ធិកម្មសិទ្ធិបញ្ញារបស់កម្ពុជា។
គំនិតផ្តួចផ្តើមឆ្នាំ ២០២៤ បានឃើញអ្នកចូលរួមចំនួន ២០ នាក់ ដែលជាមន្ត្រីរដ្ឋាភិបាលមកពីក្រសួង និងអ្នកជំនាញផ្នែក IP នៃវិស័យឯកជន ធ្វើដំណើរទៅកាន់ប្រទេសកូរ៉េ ដើម្បីទទួលបានការយល់ដឹងអំពីច្បាប់ IP ប្រព័ន្ធប៉ាតង់ និងយុទ្ធសាស្ត្រធ្វើពាណិជ្ជកម្ម៕