
កសិករនៅខេត្តបន្ទាយមានជ័យ រៀបពោតក្រហម ត្រៀមទុកលក់ឱ្យឈ្មួញនាំចេញទៅប្រទេសថៃ នាពេលកន្លងមក។ ភ្នំពេញប៉ុស្តិ៍
អ្នកជំនាញសេដ្ឋកិច្ច និងអ្នកជំនាញវិស័យទេសចរណ៍ បានសាទរចំពោះការសម្រេចរបស់ថ្នាក់ដឹកនាំកម្ពុជាដែលបានជ្រើសរើសយកដំណោះស្រាយតាមផ្លូវច្បាប់នៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ដើម្បីឈានទៅបិទបញ្ចប់ឱ្យបានឆាប់នូវបញ្ហាជម្លោះព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ដ៏រាំរ៉ៃជាមួយប្រទេសថៃ ដែលវិធីសាស្រ្តនេះក៏នឹងជួយឱ្យទំនាក់ទំនងពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំង ២ រក្សាបាននូវភាពល្អប្រសើរផងដែរ។
ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន ក្នុងកិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា កាលពីព្រឹកថ្ងៃទី២ ខែមិថុនា បានថ្លែងថា ប្រសិនបើបញ្ហាព្រំដែនរវាងកម្ពុជា និងថៃមិនត្រូវបានដោះស្រាយតាមរយៈតុលាការយុត្តិធម៌អន្តរជាតិ(ICJ) វាអាចនាំទៅរកស្ថានភាពដូចនៅ Gaza ដែលអ៊ីស្រាអែល និងប៉ាឡេស្ទីនប្រយុទ្ធគ្នាដោយគ្មានទីបញ្ចប់។ លោកបានបន្តថា អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ដែលបានចុះហត្ថលេខារវាងភាគីទាំង ២ គឺមិនអាចធ្វើបានទៀតទេ ដោយសារតែវាមានរយៈពេល ២៥ឆ្នាំហើយនៅតែគ្មានដំណោះស្រាយ ហើយថែមទាំងមានការប៉ះទង្គិចគ្នាបណ្ដាលឱ្យស្លាប់ទាហានខ្មែរម្នាក់ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា។
លោកបានថ្លែងថា៖«បើមិនឱ្យតុលាការកាត់ក្ដីទេ រឿងនេះគឺដូចតំបន់ហ្គាហ្សា រវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល ដូចគ្នា...ដោះស្រាយអត់ចប់ទេ ហើយវ៉ៃគ្នារហូត បើមិនតូចក៏ធំ បើមិនធំក៏ដូចដែរ។ អីចឹងតើខ្លាចអីនឹងទៅកាន់តុលាការ បើយើងមានចិត្តស្មោះត្រង់»។
បញ្ហាជម្លោះនេះត្រូវបានអ្នកជំនាញសេដ្ឋកិច្ច និងអ្នកជំនាញក្នុងវិស័យទេសចរណ៍ អះអាងថានឹងជះផលអវិជ្ជមានដល់ប្រទេសទាំង ២ ប្រសិនបើអូសបន្លាយពេលកាន់តែយូរ។
ទិន្នន័យកត់ត្រាដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ឱ្យដឹងថា ក្នុងឆ្នាំ២០២៤ ការនាំចេញនាំចូលទំនិញរវាងកម្ពុជា និងថៃ មានទឹកប្រាក់សរុប ៤,២៩ ពាន់លានដុល្លារ កើនឡើង ១៥,៥ ភាគរយបើធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ៣,៧១ ពាន់លានដុល្លារ។ ទំនិញកម្ពុជានាំទៅប្រទេសថៃមានទឹកប្រាក់ ៨៤៤,៩ លានដុល្លារ កើនឡើង ៣,៣ភាគរយ និងថៃនាំចូល ៣,៤៤ ពាន់លានដុល្លារ កើន ១៨,៩ភាគរយ។ ផ្អែកតាមទិន្នន័យនេះគឺជញ្ជីងពាណិជ្ជកម្មកម្ពុជាមានឱនភាពប្រមាណ ២,៦ ពាន់លានដុល្លារ កើនពីចំនួន ២,០៨ ពាន់លានកាលពីឆ្នាំ២០២៣។
ដោយឡែកសម្រាប់រយៈពេល ៤ខែដើម ឆ្នាំ២០២៥ ការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំង ២ មានទឹកប្រាក់ ១,៤៩ ពាន់លានដុល្លារ កើនឡើង ៦,៤ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ក្នុងនោះកម្ពុជានាំទំនិញទៅថៃ ៣២៧,៧៨ លានដុល្លារ ធ្លាក់ចុះ ២,៩ភាគរយ និងថៃនាំចូល ១,១៧ ពាន់លានដុល្លារ កើនឡើង ៩,៤ភាគរយ។
អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិន លោក ឡោ វិចិត្រ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី៣ ខែមិថុនាថា ទោះបីប្រទេសកម្ពុជា និងថៃ បានកើតមានបញ្ហាជម្លោះប្រដាប់អាវុធរយៈពេលខ្លីជាមួយគ្នាកាលពីសប្តាហ៍មុនក៏ដោយ ក៏សកម្មភាពនៃការធ្វើពាណិជ្ជកម្ម និងទំនាក់ទំនងការទូត រវាងរដ្ឋាភិបាលនៃប្រទេសទាំង ២ នៅពេលនេះហាក់មិនទាន់ឡើងកម្តៅគួរឱ្យកត់សម្គាល់ទេ ហើយក៏មិនទាន់ឃើញមានការប្រកាសពីការធ្វើពហិការមិនប្រើប្រាស់ផលិតផលនៃប្រទេសនីមួយៗនោះទេ។ ការដោះស្រាយបញ្ហាតាមផ្លូវច្បាប់អន្តរជាតិកាន់តែលឿន គឺកាន់តែល្អ ព្រោះវានឹងមិនធ្វើឱ្យប៉ះពាល់ច្រើនដល់ទំនាក់ទំនងពាណិជ្ជកម្មនៃប្រទេសទាំង ២។
លោកបាននិយាយថា៖«ដោយសារប្រទេសទាំង ២ មិនបានឈានដល់ការប្រកាសពីការធ្វើពហិការប្រើប្រាស់ផលិតផលរបស់គ្នាទៅវិញទៅមក ដូច្នេះផលប៉ពាល់នៃលំហូរពាណិជ្ជកម្មរវាងប្រទេសទាំង ២ នៅមិនទាន់មានសញ្ញាធ្លាក់ចុះគួរឱ្យកត់សម្គាល់ទេ។ ម្យ៉ាងទៀត ការប៉ះទង្គិចនៅតាមព្រំដែនកាលពីសប្តាហ៍កន្លងមក គឺមិនមែនទើបតែកើតឡើងជាលើកដំបូងនោះទេ»។
លោកបញ្ជាក់ថា៖«ដរាបណារដ្ឋាភិបាលទាំង ២ មានឆន្ទះក្នុងការទប់ស្កាត់ជម្លោះតាមព្រំដែនមិនឱ្យក្លាយទៅជាជម្លោះផ្នែកការទូត និងពាណិជ្ជកម្ម គឺវានឹងមិនរីករាលដាលដល់ផ្នែកផ្សេងៗទៀតឡើយ»។
ទាក់ទងនឹងការវិនិយោគ លោក វិចិត្រ បានអះអាងថា ដោយសារច្បាប់វិនិយោគរបស់កម្ពុជា មានលក្ខណអំណោយផល និងមិនមានការរើសអើងសម្រាប់ជាតិសាសន៍ណាមួយ ដូច្នេះបើវិនិយោគិនបរទេស រួមទាំងវិនិយោគិនថៃនៅតែមើលឃើញពីឱកាសក្នុងការទទួលបានផលចំណេញ គឺគេប្រាកដជាចូលមកបណ្តាក់ទុនផ្ទាល់នៅកម្ពុជា។
បើតាមលោក វិចិត្រ ភាពអំណោយផលខ្លាំងនៃច្បាប់វិនិយោគកម្ពុជា ដែលប្រទេសផ្សេងៗស្ទើរតែមិនមាននោះ គឺការអនុញ្ញាតឱ្យវិនិយោគិនបរទេសអាចមានសិទ្ធិធ្វើជាម្ចាស់លើអាជីវកម្មរបស់ខ្លួន ១០០ភាគរយ ហើយប្រាក់ចំណេញដែលទទួលបានក៏គេអាចយកចេញទៅវិញបានទាំងអស់ផងដែរ។
លោកបានថ្លែងថា៖«ដរាបណាប្រទេសកម្ពុជានៅតែមានស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កម្លាំងពលកម្មវ័យក្មេងប្រកបដោយសមត្ថភាព ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនពិសេសកំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិ និងច្បាប់វិនិយោគអំណោយផល គឺខ្ញុំនៅតែមានសុទិដ្ឋិនិយមថា កម្ពុជាគឺជាទីតាំងដ៏ទាក់ទាញសម្រាប់ការបណ្តាក់ទុនលើគ្រប់វិស័យពីសំណាក់គ្រប់អ្នកវិនិយោគគ្រប់ជាតិសាសន៍»។
ចំណែកលោក គឹម ហួត ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង ដែលជាខេត្តមានច្រកទ្វារព្រំដែនច្រើនជាប់ជាមួយប្រទេសថៃ ធ្លាប់បាននិយាយថា ភាគច្រើននៃទំនិញកម្ពុជានាំទៅប្រទេសថៃគឺជាផលិតកម្មកសិកម្មមានដូចជា ដំឡូងមី ពោត ផ្លែស្វាយ ម្រេច ផ្លែស្វាយ និងសណ្តែក ជាដើម ចំណែកទំនិញថៃនាំចូលវិញមានដូចជា គ្រឿងសំណង់ សម្ភារអគ្គិសនី គ្រឿងយន្តកសិកម្ម ចំណីអាហារ គ្រឿងទេស ភេសជ្ជៈ និងផ្លែឈើ ជាដើម។
សម្រាប់វិស័យទេសចរណ៍ ត្រូវបាន លោក ខៀវ ធី ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរអង្គរ លើកឡើងថា វិស័យទេសចរណ៍ គឺតែងមានភាពផុយស្រួយបំផុតនៅពេលមានជម្លោះប្រដាប់អាវុធណាមួយកើតឡើង។ ក្នុងនាមជាអ្នកនៅក្នុងវិស័យទេសចរណ៍ គឺលោកចង់ឃើញកម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ខណៈកម្ពុជាមានទីតាំងសក្តានុពលជាច្រើនសម្រាប់ទាក់ទាញភ្ញៀវទេសចរគ្រប់ជាតិសាសន៍ឱ្យមកកម្សាន្ត។
លោកបានថ្លែងថា៖«ការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រើប្រាស់យន្តការតុលាការយុត្តិធម៌អន្តរជាតិ គឺជារឿងដ៏ត្រឹមត្រូវ ព្រោះកម្ពុជាមានឯកសារ និងកំពុងប្រើប្រាស់នូវផែនទីដែលមានការទទួលស្គាល់ជាអន្តរជាតិ។ ជាទូទៅកន្លែងណាដែលមានសង្គ្រាម គឺមិនមានភ្ញៀវទេសចរទៅដើរកម្សាន្តនោះទេ»។
ក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសសរុប ៦,៧ លាននាក់ កើនឡើង ២២,៩ ភាគរយបើធៀបនឹងឆ្នាំ២០២៣ ក្នុងនោះភ្ញៀវជនជាតិថៃ មានចំនួនច្រើនជាងគេ គឺប្រមាណជិត ២,១៥លាននាក់ កើនឡើង ១៧,៩ភាគរយ។ សម្រាប់រយៈពេល ៣ខែដើមឆ្នាំ ២០២៥ កម្ពុជាទទួលបានភ្ញៀវបរទេស ១,៨៤លាននាក់ កើនឡើង ១៦,១ភាគរយធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤ ក្នុងនោះភ្ញៀវជនជាតិថៃ មានចំនួន ៥០ម៉ឺននាក់ កើនឡើង ១៩,៥ភាគរយ៕