ក​ម្ពុជា​រក​ប្រាក់​បានជិត ១ ពាន់​លាន​ដុល្លារ​ពី​ការនាំ​ចេញ​ស្រូវ(Paddy Rice) និង​អង្ករ​(Milled Rice) ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈ​ពេល ៥ខែ ​ដើម​ឆ្នាំ​២០២៥ កើន​ជិត ៧ ភាគ​រយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​២០២៤។ នេះ​បើ​យោង​តាមសហព័ន្ធ​ស្រូវអង្ករ​កម្ពុជា(CRF)។

ទិន្នន័យ​ CRF ដែល​ផ្សព្វផ្សាយ​ក្នុង​ថ្ងៃ​ទី៤ ខែ​មិថុនា ​ឱ្យ​ដឹង​ថា ចាប់​ពី​ខែ​មករា ដល់​ខែ​ឧសភា ឆ្នាំ​២០២៥ កម្ពុជា​ប្រមូល​ប្រាក់​បាន​ពី​ការ​នាំ​ចេញស្រូវ និង​អង្ករ​ទៅ​ក្រៅ​ប្រទេស​​សរុប ៩៩៣,២៤ លាន​ដុល្លារ កើន​ឡើង​ ៦,៧៨​ភាគ​រយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នាឆ្នាំ​២០២៤។

យោង​តាម​ CRF សម្រាប់​ការ​នាំ​ចេញ​អង្ករ​ គឺទៅ​កាន់​គោល​ដៅ​ចំនួន ៦៣ប្រទេស/ដែនដី ដោយ​មាន​​​បរិមាណ​​ ៣៤៤ ១៩៩ តោន គិតជាប្រាក់ចំនួន ២៥២,៣ លានដុល្លារ(រយៈ​ពេល ៥ខែ ឆ្នាំ​២០២៤ មាន​ទឹក​ប្រាក់ ២១៩,៩១​លាន​ដុល្លារ)។  ប្រទេស​នៅ​ក្នុង​តំបន់​អឺរ៉ុប​បាន​ទទួល​ទិញ​អង្ករ​ពី​កម្ពុជា​ច្រើន​ជាង​គេ​ ជា​មួយ​នឹង​បរិមាណ​ ១៦០ ៧៣២ តោន (ស្មើនឹង​ប្រាក់ ១២៦,៧៥ លាន​ដុល្លារ), ប្រទេស​ចិន និង​តំបន់​រដ្ឋបាល​ស្វយ័ត ៩០ ៦៦៥តោន (៥២,២៥​ លាន​ដុល្លារ), ប្រទេស​សមាជិក​អាស៊ាន ៤៩ ៧០០​តោន (​៣៤,៥៦​លាន​ដុល្លារ), និង​ប្រទេសចំនួន​ ៣០ ផ្សេង​ទៀត​នៅ​​តំបន់​អាហ្វ្រិក មជ្ឈឹមបូព៌ា មាន​បរិមាណ ៤៣ ០៩៩​តោន (៣៧,៨លាន​ដុល្លារ​)។

ចំណែក​ការ​នាំ​ចេញ​ស្រូវ​ទៅ​លក់​ឱ្យ​ប្រទេស​ជិតខាង សម្រេច​បាន​ ៣ ១០២ ៩៧៣ ​តោន ដោយ​ទទួល​បាន​ប្រាក់​ ៧៤០,៩៤​លាន​ដុល្លារ កើន​ពី​ ៧១០,២៣​លាន​ដុល្លារ​កាល​ពី​រយៈ​ពេល ៥ខែ​ដើម​ឆ្នាំ​២០២៤។​


កាល​ពី​ឆ្នាំ​២០២៥ កម្ពុជា​រក​ចំណូល​ពី​ការ​នាំ​ចេញ​ស្រូវ និង​អង្ករ បាន​ចំនួន ១ ៩៨៧,១៦លាន​ដុល្លារ ក្នុង​នោះ​ការ​នាំ​ចេញ​ស្រូវ មាន​ទឹក​ប្រាក់ ១ ៤៩៦ លាន​ដុល្លារ និង​នាំ​ចេញ​អង្ករ ៤១៩,១៩ លាន​ដុល្លារ​៕​