រដ្ឋាភិបាលកម្ពុជា​ បានសម្រេចជាគោលការណ៍នូវ​កញ្ចប់ថវិកាពិសេសចំនួន ៣៥ លានដុល្លារអាមេរិក​​បន្ថែម​សម្រាប់​គាំទ្រដល់ការផ្ដល់​​កម្ចីក្នុងអត្រាការប្រាក់អនុគ្រោះ​ ​ជូនទៅ​​ដល់​សហគមន៍កសិកម្មទំនើប ក្នុងរយៈពេល ៣ឆ្នាំ ដើម្បី​ជួយ​​​ពង្រឹងគុណភាពវិស័យ​កសិកម្ម និងទីផ្សារផងដែរ​។​

ក្នុង​ពិធី​សមា​ជរដ្ឋសភា​ ​និងព្រឹទ្ធសភា លើកទី១ កាល​ពី​ថ្ងៃទី៣ ខែមិថុនា ឆ្នាំ ២០២៥ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត បាន​ថ្លែង​ថា រាជរដ្ឋាភិបាលកម្ពុជា​បានសម្រេចជាគោលការណ៍នូវ​កញ្ចប់ថវិកាពិសេសចំនួន ៣៥ លានដុល្លារ​បន្ថែមទៀត​ដើម្បីគាំទ្រដល់ការផ្ដល់​​កម្ចីក្នុងអត្រាការប្រាក់អនុគ្រោះ​​ជូន​សហគគមន៍កសិកម្មទំនើបនៅក្នុងរយៈពេល ៣ ឆ្នាំ ដែលជាយន្ត​ការ​ពង្រឹងគុណភាពកសិកម្ម និងទីផ្សារ ហើយ​​រដ្ឋាភិបាលក៏​នឹង​ពង្រីកការអភិវឌ្ឍសហគមន៍កសិកម្មទំនើប និង​សមាជិក​កសិករឱ្យកាន់​ច្រើន​ថែម​ទៀត​។​

លោក​បន្ត​ថា ចំពោះការ​អភិវឌ្ឍ​សហគមន៍​កសិកម្មទំនើប​នេះ គឺ​កម្ពុជា​កំពុង​​​សម្រេ​ចបាន​លទ្ធផល​សំខាន់ៗ​ដូចជា បានបង្កើត​សហគមន៍កសិកម្មទំនើប​ចំនួន​ ១២ បន្ថែ​ម​លើសហគមន៍​កសិកម្ម​ដែល​មានស្រាប់​សរុបចំនួន ២ ៦០១ និង​ត្រូវ​ចុះបញ្ជី​ទទួលស្គាល់ជាផ្លូវការ​ក្នុង​ខេត្តចំនួន ៧ រួមមាន ខេត្ត​សៀមរាប កំពង់ធំ តាកែវ កំពង់ឆ្នាំង កណ្តាល ត្បូងឃ្មុំ​ និង​ពោធិ៍សាត់​ លើមុខដំណាំយុទ្ធសាស្រ្តចំនួន​ ៤ មុខ គឺដំណាំស្រូវ ស្វាយចន្ទី ដំណាំបន្លែ និង​ម្រេច​។​

លោក​បាន​ថ្លែង​ថា៖​«រាជរដ្ឋាភិបាលបានសម្រេចជាគោលការណ៍ ដោយត្រៀម​កញ្ចប់ថវិកាពិសេសចំនួន ៣៥ លានដុល្លារអាមេរិក​​បន្ថែមទៀត ដើម្បីគាំទ្រដល់ការផ្ដល់​កម្ចីទាប​ជូន​សហគមន៍កសិកម្មទំនើប នៅក្នុងរយៈពេល ៣ ឆ្នាំ ២០២៥-២០២៧។ទន្ទឹមនឹងនេះរាជ​រដ្ឋាភិបាលក៏បាននិងកំពុង​ពង្រីកការអភិវឌ្ឍ​សហគមន៍កសិកម្មទំនើប​នៅតាមបណ្តា​ខេត្ត​ និងគ្របដណ្ដប់លើដំណាំ ដែលមានសក្ដានុពលខ្ពស់ផ្សេងទៀត ដូចជា ស្វាយចន្ទី កៅស៊ូ និងទុរេន ជាដើម​»​។


លោក​​លើក​ឡើង​ទៀត​ថា វឌ្ឍនភាព​នៃ​វិស័យ​កសិកម្ម​ដែល​កម្ពុជា​សម្រេច​បាន​នា​ពេល​កន្លង​មក គឺ​ពិតជាកើត​ចេញ​ពី​​ការខិតខំប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​អាណត្តិមុនៗ​ និង​រដ្ឋាភិបាលអាណត្តិនេះ​ តាម​រយៈ​ការ​ដាក់ចេញនូវគោលនយោបាយ​ដ៏ត្រឹមត្រូវ​ និងស្របតាមស្ថានភាពសង្គម និង​សេដ្ឋកិច្ចគ្រប់កាលៈទេសៈ​​។

លោក​បាន​បញ្ជាក់​ថា៖​«​ក្នុងដំណាក់កាលកម្ពុជា​ខ្វះស្បៀង​ រាជ​រដ្ឋាភិបាល​បានដាក់ចេញនូវ​គោលនយោបាយ​យុទ្ធសាស្រ្តស្តីពី«ការ​ផ្ទេរអនុវត្តន៍​ផ្ទាល់បែបបើកទូលាយ​មកការអភិវឌ្ឍបែបស៊ីជម្រៅនៅឆ្នាំ​១៩៨៧​ ដូច​ដែលសម្តេចតេជោ(លោក ហ៊ុន សែន) បានពន្យល់លម្អិត​​នៅក្នុង​គោល​ដៅជំរុញ​បន្ថែម​ផលិតកម្ម​ និងបង្កើនទិន្នផល​​តាមរយៈការ​ដោះស្រាយ​ទឹក​ ការបង្កើនការដំាដុះ​ ការធ្វើប្រភព​ប្រពល​វប្បកម្ម(គឺជាការធ្វើស្រែ ដែលមិនចាំបាច់រង់ចាំទឹកភ្លៀង​ទើបអាចធ្វើស្រែបាននោះទេ គឺមានប្រព័ន្ធប្រលាយទឹកគ្រប់គ្រាន់ ដែលមានទឹកជានិច្ច​​សម្រាប់​ធ្វើស្រែគ្រប់រដូវ) លើ​ផ្ទៃដីដែលស្រាប់​ ព្រមទាំងការស្រាវជ្រាវការប្រើប្រាស់បច្ចេកវិទ្យាទំនើប​ និងពូជថ្មី​ៗ ព្រមទាំង​ការធ្វើទំនើបកម្មគ្រឿងយន្តកសិកម្ម​ ការដាក់ចេញ​គោលនយោបាយ​អនុគ្រោះពន្ធដល់វិស័យ​កសិកម្ម​ និងការបង្កើនផ្ទៃដីផលិតកម្ម​»។

លោក​បាន​​និយាយ​ថា​៖​«ជាលទ្ធផលវិស័យ​កសិកម្ម​កម្ពុជា បច្ចុប្បន្ន​មានលទ្ធភាពទ្រទ្រង់​សន្តិសុខស្បៀង​ពេញលេញ​នៅគ្រប់កាលៈទេសៈ​ និងបញ្ជៀសបាន​ទាំងស្រុងនូវវិបត្តិស្បៀងអាហារ​មិនថាក្នុងស្ថានភាព​នៃរីករាលដាលជំងឺកូវីដ ១៩ ឬគ្រោះធម្មជាតិ​ និងភាពតាន់តឹងនៃភូមិសាស្រ្តនយោបាយ​ក្នុងតំបន់ និងពិភពលោក​នោះទេ ព្រមទាំងមានភាពធន់​ទៅ​នឹង​ការប្រែប្រួលអាកាសធាតុ​ និងវិបត្តិខាងក្រៅ​​​»។

គិតមកដល់ពេលនេះ ទាំងសហគមន៍កសិកម្មទំនើបថ្មី​ចំនួន ១២ និង​​សហគមន៍ដែលមានសម្រាប់ ២៦០១ សហគមន៍ បានដាំដំ​ណាំ​​គ្រប់ដណ្តប់លើ​ផ្ទៃដី​សរុប​ ១១ ៤២១ ហិកតា និងមានល​ទ្ធផល​ប្រចាំ​ឆ្នាំចំនួន ១៩,៧៧ លាន​ដុល្លារអាមេរិក​ ហើយ បច្ចុប្បន្ន​សហ​​គមន៍​​​​កសិកម្ម​ទំនើបចំនួន ៦ កំពុងទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលជាប្រាក់កម្ចី​ដែល​មាន​អត្រាការប្រាក់ទាប ក្នុងរង្វង់ ៧ភាគរយ​​ក្នុង ១​ឆ្នាំ សម្រាប់ការធ្វើទុនបង្វិល​ដែលមានទឹកប្រាក់សរុបប្រមាណ ១,៩ លានដុល្លារអាមេរិក​៕