អ្នក​សេដ្ឋកិច្ច​មាន​​សុទិដ្ឋិនិយម​ថា ​ការ​នាំ​ទំនិញ​ដែល​មាន​ដើម​កំណើត​នៅ​កម្ពុជា​ទៅ​ទីផ្សារ​ប្រទេស​វៀតណាម នឹង​ហក់​ឡើងកាន់​តែ​​​​ច្រើន​​បន្ទាប់​ពី​រដ្ឋាភិបាល​វៀតណាម សម្រេចផ្តល់​ភាពអនុគ្រោះពន្ធសូន្យភាគរយ(០%) លើ​មុខទំនិញកម្ពុជាចំនួន ២៨ បន្ទាត់ពន្ធគយ សម្រាប់​រយៈ​ពេល​ ២​ឆ្នាំ​។

សេចក្តី​ជូនដំណឹង​ក្រសួង​ពាណិជ្ជកម្ម ចុះ​​ថ្ងៃ​ទី​៣ ខែ​មិថុនា ​ឱ្យ​ដឹង​ថា ក្រោម​កិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគី​រវាង​រដ្ឋាភិបាល​កម្ពុជា និងរដ្ឋាភិបាលនៃ​សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលចុះហត្ថលេខាកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ក្នុងនោះ​ប្រទេស​កម្ពុជា នឹងទទួលបានភាពអនុគ្រោះពន្ធសូន្យភាគរយ​(០%) នូវមុខទំនិញដែលមានដើមកំណើតនៅ​ប្រទេសកម្ពុជា ចំនួន ២៨ បន្ទាត់ពន្ធគយ​ពីសាធារណរដ្ឋសង្គមនិយមវៀតណាម​សម្រាប់អនុវត្តឆ្នាំ២០២៥-២០២៦។

ក្នុង​ន័យ​ជំរុញ​ការ​អនុវត្ត​សេចក្តី​ជូន​ដំណឹង​ខាង​លើ ក្រសួង​ពាណិជ្ជកម្ម​ បាន​លើក​ឡើង​ថា៖​«​ផលិតករ និងអ្នកនាំចេញ​អាចធ្វើការស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ ទម្រង់ អេស (CO Form S) តាមរយៈគេហទំព័រ https://co.moc.gov.kh ចំពោះមុខទំនិញដូចមានក្នុងឧបសម្ព័ន្ធ ១ ដើម្បីនាំចេញទៅកាន់​សាធារណរដ្ឋសង្គមនិយមវៀតណាម ក្រោមអត្រាអនុគ្រោះពន្ធសូន្យភាគរយ (0%)»។

សេចក្តី​ជូនដំណឹងបានបន្ត​​ថា ដោយឡែក​សម្រាប់បរិមាណ​មុខទំនិញអង្ករ និងសន្លឹកថ្នាំជក់ សម្រាប់អនុវត្តឆ្នាំ២០២៥ សូមផលិតករ និងអ្នកនាំចេញ​មកដាក់ពាក្យស្នើសុំនៅ​ក្រសួងពាណិជ្ជកម្ម (នាយកដ្ឋាននាំចេញ នាំចូលនៃអគ្គនាយកដ្ឋានសេវា​ពាណិជ្ជកម្ម) រៀងរាល់ម៉ោងធ្វើការចាប់ពី​ថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ២០២៥។


បើយោងតាមក្រសួងពាណិជ្ជកម្ម ទំនិញទាំងនោះរួមមានផលិតផលកសិកម្មមួយចំនួន រួមទាំងសាច់សត្វផងដែរ។

ការ​សម្រេច​របស់​រដ្ឋាភិបាល​វៀតណាម​ ដោយ​​មិន​យក​ពន្ធ​គយ​សម្រាប់​​ទំនិញកម្ពុជា​ចំនួន​ ២៨ បន្ទាត់​ពន្ធ​ខាង​លើ បាន​​កើត​ឡើង​ស្រប​ពេល​ដែលប្រទេស​កម្ពុជា និងថៃ កំពុង​កើត​មាន​ជម្លោះ​​ជា​មួយ​គ្នា​ទាក់​ទង​នឹង​ខ្សែបន្ទាត់​ព្រំដែន​ ដែល​​​ជម្លោះ​នេះ​អាច​​ធ្វើ​ឱ្យ​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​​រវាង​ប្រទេស​ទាំង ២ ​ជួប​បញ្ហាមួយ​ចំនួន​​។​​​​

ទិន្នន័យ​​កត់​ត្រា​ដោយ​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ (GDCE) ឱ្យ​ដឹង​ថា ក្នុងឆ្នាំ​២០២៤ ការ​នាំ​ចេញ​នាំចូល​ទំនិញ​រវាង​កម្ពុជា និង​វៀតណាម មាន​ទឹក​ប្រាក់​សរុប ៧,៧៨​ ពាន់​លាន​ដុល្លារ កើន​ឡើង​ ១៨,២ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០២៣ ដែល​មាន​ចំនួន ៦,៥៨ ពាន់​លាន​ដុល្លារ​។ ទំនិញ​កម្ពុជា​នាំ​ទៅ​វៀតណាម មាន​ទឹក​ប្រាក់ ៣,៦១ ពាន់​លាន​ដុល្លារ កើន​ឡើង ២១,៦​ភាគរយ និងវៀតណាម​នាំចូល ៤,១៧ ពាន់​លាន​ដុល្លារ កើន ១៥,៤ ​ភាគរយ​។

ដោយឡែក​សម្រាប់​រយៈ​ពេល ៤ខែ​ដើម ​ឆ្នាំ​២០២៥ ការ​ផ្លាស់​ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំង ២ មាន​ទឹក​ប្រាក់ ៣,២២ ពាន់លាន​ដុល្លារ កើន​ឡើង ៧ ​ភាគ​រយបើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​​ឆ្នាំ​២០២៤ ​ក្នុង​នោះ​កម្ពុជា​នាំ​ទំនិញ​ទៅ​វៀតណាម ១,៧៩ ពាន់​លាន​ដុល្លារ កើនឡើង ៤,៥ ​ភាគរយ និង​វៀតណាម​នាំចូល ១,៤៣ ​ពាន់​​លាន​ដុល្លារ កើន​ឡើង ១០,៣ ​ភាគរយ​៕​

អនុ​ប្រធាន​សមាគម​ពាណិជ្ជកម្ម​កម្ពុជា-ចិន លោក ឡោ វិចិត្រ បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍នៅ​ថ្ងៃ​ទី​៥ ខែមិថុនា​ថា ថ្មីៗ​នេះ​រដ្ឋាភិបាល​កម្ពុជា និង​​វៀតណាម បាន​បង្ហាញ​នូវមហិច្ឆិតា​ក្នុង​ការ​​​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​កើន​ដល់ ២០​ពាន់លាន​ដុល្លារ​នា​ពេល​ដ៏​ខ្លីខាង​មុខ។ ​បច្ចុប្បន្ន​ប្រទេស​វៀតណាម​ត្រូវ​គេ​ដឹង​ថា គឺ​ជា​ទីផ្សារ​ដ៏​មាន​សក្តានុពល​សម្រាប់​​ការ​នាំ​ចេញ​ទំនិញ​កម្ពុជា ក្រៅ​ពី​​សហរដ្ឋ​អាមេរិក កាណាដា សហគមន៍​​អឺរ៉ុប ចិន ថៃ ជប៉ុន និង​កូរ៉េ ជា​ដើម។​ លោក​បន្ត​ថា ភាគ​ច្រើន​​នៃ​ប្រភេទ​ទំនិញ​ដែល​កម្ពុជា​​នាំ​ទៅ​​​​វៀតណាម​ គឺ​ជាផលិតផល​កសិកម្ម​មិន​ទាន់​កែច្នៃ ​ដូច​ជា ស្វាយចន្ទី ស្រូវ ជ័រកៅស៊ូ ដំឡូងមី ចេក ស្វាយ និង​ធនធានធម្មជាតិ​មួយ​ចំនួន។​

លោក​​បន្ថែម​​ថា ជម្លោះ​ប្រដាប់​អាវុធ​រយៈ​ពេល​ខ្លី​នៅ​ព្រំដែន​​កម្ពុជា-​ថៃ កាល​ពី​ចុងខែ​ឧសភា ក៏បាន​ជំរុញ​​ឱ្យ​សកម្ម​ភាព​នៃ​ការ​ផ្លាស់​​ប្តូរ​ទំនិញ​រវាង​កម្ពុជា-វៀតណាម កើន​ឡើង​ផងដែរ​។ ការ​សម្រេច​របស់​អាជ្ញាធរ​វៀតណាម ដែល​មិន​យក​ពន្ធ​លើ​មុខ​ទំនិញ​មាន​ដើម​កំណើត​នៅ​កម្ពុជា​ រយៈ​ពេល ២​ឆ្នាំ​នេះ​គឺប្រាកដ​ជា​​ធ្វើ​ឱ្យ​មាន​លំហូរ​ទំនិញ​ពី​កម្ពុជា​ទៅ​វៀតណាម​មាន​កាន់​តែ​ច្រើន។​​

លោកបាន​ថ្លែង​ថា៖​«​កិច្ច​សម្រប​សម្រួល​ផ្នែក​ពន្ធ​គយ​នេះ​ នឹង​ជួយ​ធ្វើ​ឱ្យ​មាន​លំហូរ​ទំនិញ​ពី​កម្ពុជា​ទៅ​​ប្រទេស​វៀតណាម​​កាន់​តែ​ច្រើនទៀត​នា​ពេល​ឆាប់ៗ ខណៈ​រដ្ឋាភិបាលប្រទេស​​ទាំង​ ២ សុទ្ធតែ​មានឆន្ទៈ​​ធ្វើ​ឱ្យ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កើន​ឡើង​»។​​ លោក​បន្ថែម​ថា៖​«​នៅ​ពេល​យើងនាំទំនិញ​ទៅ​ប្រទេស​គេ​កាន់​តែ​ច្រើន ការ​នាំ​ចូល​មក​វិញ​ក៏​នឹង​​កើន​ឡើងដែរ ដូច្នេះ​ផែនការ​ក្នុង​ការ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​កើនដល់ ២០​ ពាន់​លាន​ដុល្លារ​នឹង​អាច​សម្រេច​បាន​ក្នុង​ពេល​ឆាប់​ៗ»។​​

លោក​លើក​ឡើង​ទៀត​ថា ការបន្ទាប ឬ​មិន​យក​ពន្ធ​ពី​សំណាក់​អាជ្ញាធរ​​វៀតណាម ក៏​នឹង​ជួយលើក​ទឹក​ចិត្ត​​ឱ្យវិនិយោគិន​ក្នុង​ស្រុក និង​បរទេស​ចូល​មក​​​វិនិយោគ​លើ​ការដាំដុះ ​ផលិត ឬ​កែច្នៃ​ផលិតផល​កាន់​តែ​ច្រើន​នៅ​កម្ពុជា ស្រម​ពេលដែល​​ការ​អភិវឌ្ឍ​ប្រព័ន្ធធារាសាស្រ្ត និង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​នៅ​កម្ពុជា ក៏​កាន់​តែ​ល្អ​ប្រសើរ​​។​

លោក​​និយាយទៀត​ថា បន្ថែម​ពី​លើ​នេះ កិច្ច​ប្រជុំ​លើក​ទី​១ នៃ​គណៈកម្មាធិការ​សមាជ​រដ្ឋសភា​ និង​ព្រឹទ្ធសភា​ កាល​ពី​ដើមសប្តាហ៍​ ថ្នាក់​ដឹក​នាំ​កម្ពុជា​ក៏​បាន​លើក​ឡើង​អំពី​ការ​គាំទ្រ និង​ធានា​ជំរុញ​ដំណើរ​ការ​អភិវឌ្ឍ​ក្នុង​វិស័យ​កម្ពុជា​ឱ្យ​បោះ​ជំហាន​ទៅ​មុខ​កាន់​តែ​លឿនផងដែរ​។​

លោក​អះអាង​ថា៖​«នេះនឹងធ្វើឱ្យ​វិស័យកសិកម្មនៅកម្ពុជា​អាចអភិវឌ្ឍន៍ទាំងប្រព័ន្ធកសិកម្មសម័យថ្មី និងបច្ចេកវិទ្យា ហើយក៏​នឹង​ជួយ​ធ្វើ​ឱ្យ​គុណភាព​ទំនិញ​​នាំចេញទៅទីផ្សារបរទេស​កាន់​តែ​ប្រសើរ​»៕​