
ប្រជាកសិករនៅខេត្តបន្ទាយមានជ័យ ដឹកដំឡូងមីទៅលក់ឱ្យឈ្មួញ។ ភ្នំពេញប៉ុស្តិ៍
ការនាំចេញទំនិញរបស់កម្ពុជាទៅបណ្តាប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) នារយៈពេល ៤ខែដើមឆ្នាំ ២០២៥ មានទឹកប្រាក់ជាង ៣,៦ពាន់លានដុល្លារអាមេរិក កើនឡើងជិត ៨ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤។
RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលផ្តួចផ្តើមឡើងដោយប្រទេសសមាជិកអាស៊ានទាំង ១០។ បច្ចុប្បន្ន RCEP មានសមាជិកចំនួន ១៥ ប្រទេស ក្នុងនោះ ១០ប្រទេស គឺជាសមាជិកអាស៊ាន និងចំនួន ៥ ផ្សេងទៀតរួមមាន ប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។
ទិន្នន័យក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ចន្លោះពីខែមករា-មេសា ឆ្នាំ២០២៥ កម្ពុជាបាននាំទំនិញទៅទីផ្សារបណ្តាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀង RCEP ក្នុងទឹកប្រាក់ជិត ៣,៦២ពាន់លានដុល្លារ កើនឡើង ៧,៦ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។ ប្រទេសសមាជិក RCEP ដែលទទួលទិញទំនិញពីកម្ពុជាច្រើនជាងគេ រួមមាន វៀតណាម ចិន ជប៉ុន ថៃ និងកូរ៉េខាងត្បូង។
ទន្ទឹមនឹងការនាំចេញខាងលើ កម្ពុជាក៏បាននាំចូលទំនិញពីបណ្តាប្រទេសនៃកិច្ចប្រមព្រៀង RCEP ក្នុងទឹកប្រាក់ប្រមាណ ៩,៣១ ពាន់លានដុល្លារ កើនឡើង ១៨,៨៥ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៤ ដែលមាន ៦,៨៣ ពាន់លានដុល្លារ។ នេះបើតាមក្រសួងពាណិជ្ជកម្ម។
ផ្អែកតាមទិន្នន័យខាងលើ គឺរយៈពេល ៤ខែដើមឆ្នាំ ២០២៥ ការនាំចេញ នាំចូលទំនិញរវាងកម្ពុជាជាមួយប្រទេសសមាជិក RCEP មានទឹកប្រាក់សរុប ១២,៩៣ ពាន់លានដុល្លារ កើន ១៥,៤៧ ភាគរយ ឬស្មើ ៦៦ភាគរយនៃទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជារយៈពេល ៤ខែ ដែលមាន ១៩,៥ ពាន់លានដុល្លារ។
អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិន លោក ឡោ វិចិត្រ បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី៩ ខែមិថុនាថា [Lor Vichet, vice-president of the Cambodia Chinese Commerce Association (CCCA) ទោះចំនួនទឹកប្រាក់នាំចេញទំនិញកម្ពុជាទៅបណ្តាប្រទេស RECP កើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេល ២-៣ឆ្នាំចុងក្រោយនេះ ប៉ុន្តែបើធៀបនឹងចំនួនទឹកប្រាក់នាំទំនិញទៅទីផ្សារប្រទេសនៅអាមេរិកខាងជើង(សហរដ្ឋអាមេរិក-កាណាដា) និងសហគមន៍អឺរ៉ុប គឺនៅមានបរិមាណតិចតួចនៅឡើយ។ មូលហេតុដែលការនាំចេញទៅ RCEP មានចំនួនតិច គឺដោយសារមុខទំនិញរបស់បណ្តាប្រទេសក្នុងតំបន់អាស៊ានទាំង ១០ ប្រហាក់ប្រហែលគ្នា។
លោកបន្តថា កម្ពុជាអាចពង្រីកការនាំចេញទៅនានាលើពិភពលោក ជាពិសេស RCEP បានកាន់តែច្រើន ប្រសិនបើអាចទាក់ទាញវិនិយោគិនឱ្យចូលមកបណ្តាក់ទុនផ្ទាល់លើរោងចក្រផលិតគ្រឿងបង្គុំ ដំឡើងរថយន្ត ផលិតបន្ទះឈីប ឬគ្រឿងយន្តប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ខណៈនៅពេលនេះផលិតផលឧស្សាហកម្មនាំចេញរបស់កម្ពុជា មានភាគច្រើនស្ថិតក្នុងវិស័យវាយនភណ្ឌ តែប៉ុណ្ណោះ។
លោកបានថ្លែងថា៖«ទោះបីបច្ចុប្បន្ន RCEP គឺជាទីផ្សារធំជាងគេលើពិភពលោក ឬតំណាងឱ្យទីផ្សារពិភពលោកប្រហែល ១/៣ ក៏កម្ពុជានៅតែមិនអាចការបង្កើនការនាំចេញទៅទីនោះឱ្យហក់ឡើងខ្ពស់ភ្លាមៗបានឡើយ»។ លោកបន្តថា៖«រយៈពេលពីនេះ ទៅ ៥ឆ្នាំខាងមុខខ្ញុំនៅតែមើលឃើញថា កម្ពុជាមិនទាន់អាចបង្កើនទឹកប្រាក់នាំចេញទៅ RCEP ឱ្យខ្ពស់ជាងអាមេរិក កាណាដា និងតំបន់ អឺរ៉ុបឡើយ»។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក ប៉ែន សុវិជាតិ បាននិយាយថា បន្ទាប់ពីកិច្ចព្រមព្រៀង RCEP ចូលជាធរមានកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២(ដំណាលគ្នាជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន) វាបាននាំមកនូវផលវិជ្ជមានជាច្រើនសម្រាប់ទីផ្សារនាំចេញកម្ពុជា។ កិច្ចព្រមព្រៀង RCEP បានអត្ថប្រយោជន៍ដលប្រទេសហត្ថលេខីទាំងអស់នូវការអនុគ្រោះពន្ធលើទំនិញផ្សេងៗ ការផ្ទេរបច្ចេកវិទ្យា ការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស និងឱកាសការងារដែលជំរុញដោយការវិនិយោគផ្ទាល់ពីបរទេស(FDI)។
លោកថ្លែងថា៖«ការចូលជាធរមានរបស់កិច្ចព្រមព្រៀងRCEP នៅឆ្នាំ២០២២ បានក្លាយជាកត្តាជំរុញថ្មីមួយសម្រាប់កំណើនការនាំចេញរយៈពេលវែងរបស់កម្ពុជា ខណៈស្ថិតក្រោមកិច្ចព្រមព្រៀងនេះ វាបានជួយកាត់បន្ថយពន្ធមួយចំនួនដែលអាចឱ្យកម្ពុជាទាញយកឱកាសដើម្បីជំរុញការនាំចេញទំនិញ»។
លោកបន្ថែមថា៖«ដោយសារភាពល្អប្រសើរនៃស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោកក្នុងរយៈពេលប៉ុន្មានខែដើមឆ្នាំនេះ បានជួយឱ្យការនាំចេញទំនិញកម្ពុជាទៅកាន់បណ្តាប្រទេស RCEP កើនឡើងជាបន្តបន្ទាប់។ ប្រទេសចិន គឺជាទីផ្សារចម្បងមួយរបស់កម្ពុជាដែលបានទទួលទិញផលិតផលកសិកម្មជាច្រើនដូចជា អង្ករ ចេកលឿង ស្វាយ មៀន និងម្រេចជាដើម»។
ក្រសួងពាណិជ្ជកម្ម ឱ្យដឹងថា បណ្ដាប្រទេសជាសមាជិករបស់RCEP តំណាងឱ្យប្រជាជនប្រហែល ២,២ពាន់លាននាក់ ឬ ៣០ភាគរយនៃចំនួនប្រជាជនពិភពលោក ដែលរួមចំណែកដល់ ២៦,២ពាន់ពាន់លានដុល្លារនៃផលិតផលក្នុងស្រុកសរុប (GDP) ដែលស្មើនឹង ៣០ភាគរយនៃផលិតផលក្នុងស្រុកសរុបទូទាំងពិភពលោក។ ប្រទេសជាសមាជិកទាំងនេះមានចំនួនប្រហែល ២៨ភាគរយនៃពាណិជ្ជកម្មពិភពលោក៕