
តម្រាភោជនាហារ រចនាឡើងយ៉ាងពិសេស រំលេចព្រះឆាយាល័ក្ខណ៍ សម្ដេចព្រះរាជកនិដ្ឋា អ្នកនិពន្ធសៀវភៅម្ហូបដំបូង។ ហុង មិនា
ភ្នំពេញ៖ តម្រាភោជនាហារ ជាសៀវភៅម្ហូបពណ៌ខៀវរំលេចព្រះឆាយាល័ក្ខណ៍ សម្ដេចព្រះរាជកនិដ្ឋា នរោត្ដម រស្មីសោភ័ណ្ឌ អមដោយក្បាច់ស៊ុមពណ៌មាស និងស៊កក្នុងស្រោមច្រក។
ជាមួយនឹងការរចនាយ៉ាងពិសេស វាហាក់ដូចជាល្អឥតខ្ចោះចំពោះសៀវភៅមុខម្ហូប ដែលត្រូវបានដកស្រង់ពីស្នាព្រះហស្តសម្ដេចព្រះរាជកនិដ្ឋា។
សៀវភៅគំរូដើមបោះពុម្ពក្នុងឆ្នាំ ១៩៦០ មានភាសាអង់គ្លេសជាង ៣០០ មុខម្ហូប និងខ្មែរចំនួន ១៧០ មុខផ្សេងទៀត ដែលត្រូវបានបោះពុម្ពក្នុងឆ្នាំ ១៩៧០។
សម្ដេចព្រះរាជកនិដ្ឋា នរោត្ដម រស្មីសោភ័ណ្ឌ ឬ Princess Norodom Rasmi Sobbhana បានប្រសូតនៅក្នុងឆ្នាំ ១៨៩៥ និងសោយទិវង្គតក្នុងឆ្នាំ ១៩៧១ នៅរាជដំណាក់ក្នុងរាជធានីភ្នំពេញ។
ព្រះអង្គមិនត្រឹមតែព្យាយាមថែរក្សារូបមន្ដមុខម្ហូបប្រចាំរាជវាំងប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងបញ្ចូលស្នាដៃម្ហូបផ្សេងៗទៀត តាមរយៈការចងក្រងបញ្ជីមុខម្ហូបខ្មែរទាំងមូលផងដែរ។
លោក ប៊េណាដ ខូហេន ជាស្ថាបនិក Angkor Database ជាធនធានអប់រំមិនរកប្រាក់ចំណេញ ដែលផ្ដល់សេវាកម្មព័ត៌មានស្ដីពីប្រវត្ដិសាស្ដ្រ និងវប្បធម៌ខ្មែរ ដូចជា សៀវភៅ រូបថត និងភាពយន្ដ បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «នៅកម្ពុជាអត់មានការរឹតបន្ដឹងចំពោះក្រម «ក្រយា» និងមានការធ្វើឱ្យខុសប្លែកពីមុខម្ហូបពលរដ្ឋខ្មែរទូទៅឡើយ ដោយខុសពីរាជវង្សនៅថៃ និងជប៉ុន»។
លោកបន្ដថា៖ «រូបមន្ដម្ហូបទាំងនោះឆ្លុះបញ្ចាំងពីការសព្វព្រះរាជហឫទ័យជាម្ហូបមិនសូវហឹររបស់ព្រះបរមរតនកោដ្ឋ។ ជាថ្មីម្ដងទៀត ព្រះរាជកនិដ្ឋា គិតគូរពីចំណូលចិត្ដពលរដ្ឋខ្មែរគ្រប់រូប ពេលព្រះអង្គកត់ត្រា និងអភិវឌ្ឍប្រពៃណីម្ហូបអាហារ»។

សម្ដេចព្រះរាជកនិដ្ឋា នរោត្ដម រស្មីសោភ័ណ្ឌ (រូបឆ្វេង) និងលោក John F Kennedy។ រូបថត សហការី
តម្រាភោជនាហារពេលនេះ ត្រូវបានបោះពុម្ពឡើងវិញ និងដាក់លក់ដោយប្រាក់ចំណូលទាំងអស់នឹងបរិច្ចាគដល់ទង្វើមនុស្សធម៌។ វាត្រូវបានបញ្ចូលនៅក្នុងយុទ្ធនាការ «អាហារការទូតឆ្នាំ ២០២១-២០២៣» ផ្សព្វផ្សាយដោយក្រសួងក្នុងការលើកស្ទួយមុខម្ហូបខ្មែរលើឆាកអន្ដរជាតិ។
លោក ខូហេន ជាអ្នកនៅពីក្រោយគម្រោងនេះ និយាយថា៖ «ខ្ញុំគិតថា ចំណងជើងក្របមុខរបស់សៀវភៅបានឆ្លុះបញ្ចាំងពីគោលបំណងរបស់ព្រះអង្គ ដែលចូលរួមអភិរក្ស និងអភិវឌ្ឍភាពល្បីល្បាញនៃម្ហូបខ្មែរ»។
សៀវភៅ ១៨៤ ទំព័រ មានសមាសធាតុ ៤ សំខាន់ៗ ដូចជា មូលដ្ឋានគ្រឹះនៃប្រវត្ដិច្បាប់ចម្លងភាសាអង់គ្លេសចុះផ្សាយក្នុងឆ្នាំ ១៩៦០ សម្រាប់ប្រិយមិត្ដជាបរទេស និងកម្រងអត្ថបទខ្មែរពិសេសចំនួន ១៧០ មុខ ក៏ដូចជា ការរចនាម្ហូប ៣ ឈុតពិសេសចំនួន ៥ ប្រភេទ។
លោកបន្ថែមថា៖ «ការរចនាម្ហូប ៣ ឈុតពិសេសចំនួន ៥ ប្រភេទ ត្រូវបានជ្រើសរើស និងរៀបចំឡើងដោយបងប្អូនស្រី ៣ នាក់ ត្រកូល ម៉ែន ដែលនាំយកជំនាញរបស់ខ្លួនក្នុងផ្នែកប្រវត្ដិសាស្ដ្រ ការអភិរក្សកេរដំណែល និងសិល្បៈអាហារមកកាន់គម្រោងនេះ»។
បងប្អូនស្រីទាំង ៣ បានជ្រើសរើសឈុតម្ហូបទាំង ៥ ប្រភេទ ដោយមានបំណងថា អាហារប្រពៃណីខ្មែរអាចត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ។
លោក ខូហេន បានឱ្យដឹងថា ការស្រាវជ្រាវលើសៀវភៅស្ទើរបាត់បង់ពីរាជកាលមាសចាប់ផ្ដើមក្នុងឆ្នាំ ២០១៩ ដើម្បីឆ្លើយតបបំណងប្រាថ្នារបស់លោកគ្រូ វាសនា ម្ចាស់រីសត Templation Angkor Resort ក្នុងខេត្ដសៀមរាប។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក៏ដូចជាក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិថ្មីៗបានបង្កើតយុទ្ធនាការផ្សព្វផ្សាយម្ហូបខ្មែរលើឆាកអន្ដរជាតិ ហៅថា Food Diplomacy 2021-2023 និងមើលពីសក្ដានុពលនៃសៀវភៅតម្រាភោជនាហារ។
លោក ខូហេន និយាយថា៖ «វាពិតជាសមទំនងណាស់នាវេលាដែលមានកង្វល់ពីបញ្ហាសុខភាព ដោយមានការផ្ដើមបង្ហាញមុខម្ហូបខ្មែរដែលផ្ដោតលើផលិតផល និងគ្រឿងផ្សំស្រស់ៗ បែបជនបទ»។

តម្រាភោជនាហារ ឆ្លុះបញ្ចាំងពីព្រះរាជហឫទ័យព្រះបរមរតនកោដ្ឋ។ ហុង មិនា
ប្រាក់ចំណូលពីការលក់សៀវភៅ ៥ ពាន់ក្បាលដំបូង នឹងត្រូវផ្ដល់ជូនមូលនិធិរស្មីសោភ័ណ្ឌសម្រាប់ស្ដ្រី និងអារាមរស្មីសោភ័ណ្ឌ ក្នុងខេត្ដកណ្ដាល ជាឈ្មោះលំនាំតាមព្រះរាជកនិដ្ឋា និងរៀបចំឡើងដោយបងប្អូនត្រកូល ម៉ែន ទាំង ៣។
មូលនិធិរស្មីសោភ័ណ្ឌសម្រាប់ស្ដ្រី ត្រូវបានបង្កើតឡើងដោយព្រះនាង នរោត្ដម ម៉ារី ដើម្បីពង្រីកកិច្ចគាំទ្រស្នាព្រះហស្តរបស់សម្ដេចព្រះរាជកនិដ្ឋា សម្រាប់ការពង្រឹងដល់វិស័យសុខុមាលភាពសាធារណៈ និងអប់រំ ផ្ដល់សិទ្ធិអំណាចដល់ស្ដ្រី ក៏ដូចជាអភិវឌ្ឍសិប្បកម្មប្រពៃណីចីរភាព។
លោក ខូហេន លើកឡើងថា៖ «ព្រះអង្គម្ចាស់ស៊ីសុវត្ថិ តេសសូ ក៏បានផ្ដល់ការចូលរួមចំណែកចំពោះគម្រោងនេះ ដែលព្រះអង្គមានបេសកកម្មអភិរក្ស និងអភិវឌ្ឍភាពល្បីល្បាញនៃវប្បធម៌»។
តម្រាភោជនាហារ ត្រូវបានដាក់លក់នៅតាមគោលដៅមួយចំនួនជុំវិញប្រទេសកម្ពុជា ក្នុងតម្លៃសម្រាប់ការបរិច្ចាគ ២១ ដុល្លារ ១ ក្បាល ហើយខាងមុខនេះ វានឹងត្រូវបានលក់អនឡាញសម្រាប់អតិថិជនមកពីជុំវិញពិភពលោក។
សម្រាប់ព័ត៌មានស្ដីពីការទិញសៀវភៅតម្រាភោជនាហារសុំទាក់ទងតាមអ៊ីមែល angkor.database@templation.asia៕