ម្ហូបអាហារសុខភាពបែបកូនកាត់ខ្មែរ-បារាំង តាមរដូវកាល ស្នាដៃចុងភៅឆ្នើមនៅសៀមរាប បង្ហាញវត្តមាននៅភ្នំពេញ
ភ្នំពេញ៖ សម្រាប់អ្នកចូលចិត្ត និងមិនអាចភ្លេចរសជាតិម្ហូបអាហារសុខភាពបែបកូនកាត់ខ្មែរ-បារាំង ហើយកន្លងមកទាល់តែទៅខេត្តសៀមរាប ទើបអាចរកទទួលទានបាននៅភោជនីយដ្ឋាន Cuisine Wat Damnak។
ឥឡូវនេះ មុខម្ហូបអាហារសុខភាពទាំងអស់នោះ ក៏អាចរកបានផងដែរនៅរាជធានីភ្នំពេញ គឺលោកអុ្នកអាចកុម្ម៉ង់បានជាមួយនឹងមេចុងភៅធំជនជាតិបារាំង Joannès Rivière។
ភោជនីយដ្ឋាន Cuisine Wat Damnak ដែលធ្លាប់ជាប់ឈ្មោះល្បីជាភោជនីយដ្ឋានល្អរយៈពេល ២ ឆ្នាំជាប់គ្នាក្នុងចំណោមភោជនីយដ្ឋានល្អបំផុតទាំង ៥០ នៃតំបន់អាស៊ី (Asia's 50 Best Restaurants) មានទីតាំងមូលដ្ឋានស្ថិតនៅបណ្ដោយវិថី ៧ មករា ភូមិវត្តដំណាក់ ក្នុងសង្កាត់សាលាកម្រើក ក្រុង និងខេត្តសៀមរាប។ ឥឡូវនេះ ទីតាំងថ្មីនៅក្នុងរាជធានីភ្នំពេញ ស្ថិតនៅលើដងវិថីសម្តេចមង្គលអៀម (ផ្លូវលេខ ២២៨) សង្កាត់បឹងរាំង ២ ខណ្ឌដូនពេញ។
លោក ងួន វេងឆាយ នាយកគ្រប់គ្រងភោជនីយដ្ឋាន Cuisine Wat Damnak ឱ្យដឹងថា៖ «ដោយមានកេរ្តិ៍ឈ្មោះល្បី ផលិតផលល្អ គួបផ្សំនឹងក្រុមការងារធ្វើការស្រុះដៃជើងគ្នា កាលពីនៅខេត្តសៀមរាប ឥឡូវនេះ យើងក៏អាចនាំយករសជាតិដើម ទាំងនោះមកបម្រើជូននៅរាជធានីភ្នំពេញហើយ។ យើងចង់ឱ្យភ្ញៀវខ្មែរទាំងអស់ មិនចាំបាច់ទាល់បានទៅខេត្តសៀមរាប ទើបអាចទទួលទាននូវមុខម្ហូបអាហារសុខភាពយើងនោះទេ គឺចង់ឱ្យពួកគាត់អាចភ្លក្សរសជាតិម្ហូបអាហារសុខភាពជារសជាតិដើមរបស់យើងបានគ្រប់គ្នាតែម្តង»។
នាយកគ្រប់គ្រងភោជនីយដ្ឋាន Cuisine Wat Damnak រូបនេះបន្តថា៖ «ខ្ញុំជឿថា បងប្អូនខ្មែរពិតជាពិបាករកទីកន្លែងអាហារដ្ឋានណា ដែលមានបម្រើនូវមុខម្ហូបបែបខ្មែរពិតៗណាស់។
ជាក់ស្តែងភាពល្បីផ្នែកម្ហូបអាហារកូនកាត់បែបខ្មែរ-បារាំង នៅភោជនីយដ្ឋាន Cuisine Wat Damnak ដែលប្រើតែគ្រឿងផ្សំក្នុងស្រុកនៃតំបន់ជុំវិញទឹកដីអង្គរ និងផលានុផលបានដាំដុះក្នុងស្រុកនៅតាមខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា ហើយតែងតែផ្លាស់ប្តូរនូវមុខម្ហូបជារៀងរាល់សប្តាហ៍។ ឥឡូវនេះ កំពុងតែបើកបម្រើជូនបងប្អូននៅក្នុងរាជធានីភ្នំពេញយើងហើយ!។
កាន់តែពិសេសនោះ នៅភ្នំពេញ យើងមានបម្រើ ២ ពេលគឺពេលថ្ងៃត្រង់ និងពេលល្ងាច ខណៈនៅសៀមរាប យើងបានបើកបម្រើតែពេលល្ងាចប៉ុណ្ណោះ។ យើងក៏មានគម្រោងរៀបចំប្រភេទស្រាល្អៗ សម្រាប់បម្រើភ្ញៀវទៅតាមចំណូលចិត្តដែរ ដោយមានជំនាញខាងស្រាមកបង្ហាញដល់ភ្ញៀវទៀតផងដែរ»។
លោក ងួន វេងឆាយ ធ្លាប់មានបទពិសោធច្រើនឆ្នាំ បម្រើការងារនៅក្រៅប្រទេស ដូចជាក្នុងឆ្នាំ ២០១៣ លោកបានបម្រើការងារ នៅឯរីសតដ៏ប្រណីតឈ្មោះ Luxury Fiji Resort នៃតំបន់កោះ Vomo Island ស្ថិតនៅលើទឹកដីប្រទេសដែនកោះហ្វីជី ដោយលោកជាអ្នកគ្រប់គ្រងខាងម្ហូបអាហារ និងភេសជ្ជៈ (Food and Beverage Manager)។
នៅចន្លោះឆ្នាំ ២០១៤-២០១៦ លោកបានមកធ្វើការក្នុងសណ្ឋាគារ Studio City Hotel នៅទីក្រុងម៉ាកាវ ប្រទេសចិន ដោយលោកកាន់ការងារជាអ្នកគ្រប់គ្រងខាងម្ហូបអាហារ និងភេសជ្ជៈដដែល ខណៈនៅចន្លោះឆ្នាំ ២០១៦-២០១៨ លោក ងួន វេងឆាយ ធ្វើការនៅសណ្ឋាគារ Wynn Palace Hotel នៅក្នុងទីក្រុងម៉ាកាវ ប្រទេសចិន ដដែល ដោយលោកគ្រាន់តែមកកាន់ការងារតំណែងថ្មី គឺជាអ្នកគ្រប់គ្រងផ្នែក Cafe Fontana វិញ។
នៅឆ្នាំ ២០១៨ លោក ងួន វេងឆាយ បានវិលត្រឡប់មកស្រុកខ្មែរវិញ និងចាប់ដៃគូរកស៊ី បើកភោជនីយដ្ឋាន Cuisine Wat Damnak ជាមួយនឹងមេចុងភៅឆ្នើមជនជាតិបារាំង លោក Joannès Rivière។
នាពេលសួរថា តើម្ហូបអាហារអ្វីឆ្ងាញ់ និងប្រចាំត្រកូលនៅភោជនីយដ្ឋាន Cuisine Wat Damnak នោះលោក ងួន វេងឆាយ បានលើកឡើងដូច្នេះថា៖ «តាមធម្មតាមុខម្ហូបនៅទីកន្លែងយើង គឺប្រើរបៀបធ្វើម្ហូបអាហារបត់បែនទៅតាមស្ថានភាពនៃចំណូលចិត្តរបស់ភ្ញៀវនៅក្នុងតំបន់។ ជាពិសេស មេចុងភៅយើង គឺលោក Joannès Rivière ជាជនជាតិបារាំង ដែលលោកបានមករស់នៅស្រុកខ្មែរជិត ២ ទសវត្សរ៍មកហើយនោះ គាត់តែងតែរិះរកគំនិតច្នៃម្ហូបនានា ទៅតាមភាពជាក់ស្តែងនៃភោគផលដំណាំ បន្លែ និងសាច់ មានក្នុងតំបន់ ឬតាមចំណូលចិត្តប្រចាំថ្ងៃដូចបងប្អូនខ្មែរយើងដែរ»។
លោកបន្ថែមថា៖ «លោក Joannès Rivière គាត់ក៏មានការស្វែងយល់ពីជីវភាព និងរបៀបរស់នៅរបស់បងប្អូនខ្មែរច្រើន រួមទាំងចេះនិយាយភាសាខ្មែរច្រើនទៀត។ ពេលទៅផ្សារដើម្បីទិញបន្លែបង្ការ និងសាច់ម្តងៗ យកមកធ្វើម្ហូបនោះ គាត់រមែងស្វែងយល់ពីរបបអាហារប្រចាំថ្ងៃរបស់បងប្អូនខ្មែរយើង ហើយក៏នឹកច្នៃជាមុខម្ហូបតាមបែបរសជាតិរបស់ខ្មែរ»៕
