បាយមាន់សែនសុខ មានជាតិខ្លាំងនឹងសាច់មាន់ស្រែធម្មជាតិពិតៗ អន្ទងចិត្តភ្ញៀវកុម្ម៉ង់ខ្ចប់ច្រើនៗ

ភ្នំពេញ៖ មាន់ស្រែពិតៗជាសាច់ដែលមិនងាយរកទិញនៅទីក្រុងនោះទេ ហើយនេះក៏ជាភាពពិសេសនៅក្នុងចានអាហារនៃហាង «បាយមាន់សែនសុខ» គួបផ្សំនឹងរូបមន្តចម្អិនដ៏ឈ្ងុយឆ្ងាញ់ ធ្វើឱ្យអតិថិជនជាច្រើនជាប់ចិត្តនឹងសាច់ចិញ្ចឹមតាមធម្មជាតិដ៏មានឱជារស។
ជាមួយជម្រើសបាយស ឬបាយលឿង សាច់មាន់ចៀនស្រួយ ឬចៀនទន់ស្រដៀងស្ងោរចំហុយ ចានអាហារមានអមនូវចំណិតត្រសក់ ប៉េងប៉ោះ ទឹកត្រីកោះកុង និងជ្រក់បន្លែយ៉ាងទំនងគួរឱ្យចង់ទទួលទាន។
បាយមាន់សែនសុខ ដែលបម្រើនូវប្រភេទសាច់មាន់ស្រែធម្មជាតិពិតៗ និងស្នាដៃចម្អិនឆ្ងាញ់ប្លែកបានបង្កើនឱកាសចាប់យកអតិថិជន បើទោះជាការបើកហាងអំឡុងពេលវិបត្តិកូវីដ គឺជារឿងប្រថុយមួយក៏ពិតមែន។
អ្នកគ្រប់គ្រងហាងបាយមាន់សែនសុខលោក ម៉ា ជឺយាន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «ហាងយើងចាប់បើកតាំងពីខែមីនា តែយើងបើកវេចខ្ចប់។ ទើបតែខែឧសភា ពេលស្ថានភាពប្រសើរឡើងបន្តិចទើបយើងចាប់បើកឱ្យអតិថិជនអាចចូលមកអង្គុយក្នុងហាងបាន»។
ឆ្លើយតបទៅនឹងចម្ងល់ពីជំនឿចិត្តបើកភោជនីយដ្ឋាននៅរដូវកាលកូវីដនេះ លោកលើកឡើងថា វាជាក្ដីស្រមៃមួយរបស់លោកតាំងពីដើម ដោយរូបលោកក៏ជាអ្នកចូលចិត្តទទួលទានបាយមាន់ ហើយគិតថាវាជាឱកាសចាប់យកអតិថិជនតាមរយៈស្នាដៃពិសេសរបស់ចុងភៅក្នុងពេល ដែលហាងជាច្រើនត្រូវបានបិទទ្វារ។
លោក ជឺយាន ប្រាប់ថា៖ «ភាពពិសេសរបស់ហាងយើង គឺជាបាយមាន់ស្រែធម្មជាតិសុទ្ធ។ យើងយកមាន់មកពីខេត្តតាកែវ ពីអ្នកដែលយើងស្គាល់ និងទុកចិត្ត។ បាយយើងមាន ២ រសជាតិ គឺបាយមាន់ចៀនស្រួយ និងបាយមាន់ចៀនទន់បែបស្ងោរ»។
ក្នុងតម្លៃចន្លោះពី ១២ ០០០ ទៅ ១៨ ០០០ រៀល បាយមាន់មានជម្រើស ៧ មុខដូចជា ស្លាប ភ្លៅ ទ្រូង និងគ្រឿងក្នុង។
ការកុម្ម៉ងបន្ថែមសាច់ ជើងមាន់ ស្លាប និងគ្រឿងក្នុង មានតម្លៃចន្លោះពី ១ ០០០ រៀល ទៅ ៨ ០០០ រៀល។
រីឯបាយសាច់ជ្រូកតម្លៃចាប់ពី ៧ ០០០ រៀល។ ហាងក៏មានបម្រើម្ហូបខ្មែរជាង ១០ មុខដូចជា ម្ជូរគ្រឿង ឡុកឡាក់សាច់គោ និងម្ជូរយួន តម្លៃ ១២ ០០០ រៀល។
យ៉ាងណាមិញ ហាងទទួលបានការកុម្ម៉ង់ច្រើនជាងគេ គឺបាយភ្លៅមាន់ទាំងចៀនស្រួយ និងចៀនទន់បែបស្ងោរ។ ក្នុងតម្លៃជាង ១ ម៉ឺនរៀលនេះ គឺភ្ញៀវបានបាយញ៉ាំ ១ ឆ្អែត ឯសាច់មាន់ស្រែទៀតសោត ក៏មានជាតិឆ្ងាញ់ និងត្រូវបានចម្អិនកម្ដៅមួយល្មមផ្ដល់ភាពស្រួយ និងស្វិតតិចៗជាភាពពិសេសរបស់មាន់ស្រែពិតៗ។
អ្វីដែលកាន់តែបន្ថែមរសជាតិឱ្យបាយមាន់កាន់តែមានភាពសម្បូរបែបនោះ គឺទឹកជ្រលក់ទាំង ២ ប្រភេទ។
ក្រៅពីមានបម្រើបាយម្ហូប ហាងក៏មានបែបភេសជ្ជៈដូចជាទឹកសណ្ដែក តៅហ៊ូ និងមានគម្រោងដាក់ភេសជ្ជៈជាច្រើនមុខទៀត។
ថ្វីដ្បិតថា ស្ថានភាពពីក្រៅមើលទៅស្ងាត់ជ្រងំ ប៉ុន្តែលោក ម៉ា ជឺយាន ថាហាងមានការមមាញឹកទៅលើការវេចខ្ចប់ច្រើនជាង។ ភ្ញៀវដែលចូលមកអង្គុយមានមួយៗតែភាគច្រើនតែងតែកុម្ម៉ង់ឌុប បន្ថែមដោយការវេចខ្ចប់ទៅផ្ទះទៀតផង។

ហាងក៏មានការរៀបចំកន្លែងអង្គុយសមរម្យ មានការរក្សាគម្លាតសុវត្ថិភាពបានត្រឹមត្រូវ មានការស្កេនកម្ដៅ និងមានអាល់កុលលាងដៃមុនពេលចូលហាងផងដែរ។
អ្នកគ្រប់គ្រងវ័យ ៣០ ឆ្នាំរូបនេះ ប្រាប់ពីផែនការសម្រាប់ហាងថ្ងៃខាងមុខពេលស្ថានភាពប្រសើរជាងនេះថា៖ «ប្រាកដណាស់អាជីវកម្មណាក៏ចង់ពង្រីកខ្លួនឱ្យកាន់តែប្រសើរ និងធំដែរ។ យើងមានគម្រោងច្រើនដែរគិតទុកដូចជា បើកសម្រាប់អាហារពេលល្ងាចជាលក្ខណៈស៊ុប តែស្ថានភាពបច្ចុប្បន្នយើងមិនចង់បង្ខំវាទេ។ យើងក៏កំពុងពង្រឹងអ្វីដែលយើងមានសិនដូចជាសេវាកម្មយើងជាដើម។ យើងគិតថា នៅមានកម្រិតនៅឡើយ»។
ហាងក៏មានប្រូម៉ូសិនពិសេសសម្រាប់សេវាកម្មដឹកជញ្ជូនឥតគិតថ្លៃសម្រាប់អតិថិជនដែលកុម្ម៉ង់ចាប់ពី ៣ ប្រអប់មិនថា ទីជិតទីឆ្ងាយចាប់ពីថ្ងៃនេះ រហូតដល់ចុងខែកក្កដា។
អតិថិជនអាចទាក់ទងកុម្ម៉ង់បានតាម App ដូចជាៈ Foodpanda, Nham24, Bloc, WOWNOW និង Wing delivery។
ហាងបាយមាន់សែនសុខ ចាប់បើកពីម៉ោង ៦ ព្រឹកដល់ម៉ោង ៣ រសៀល និងមានទីតាំងស្ថិតនៅតាមបណ្តោយ ផ្លូវ ឧកញ៉ា ១៩២៨ (ពីកាំកូរមកត្រង់ ជិតស្តុបបឹងបៃតង ក្រោមស្លាក JoTun)។
ព័ត៌មានបន្ថែមហាងអាចទាក់ទងបានតាមទូរស័ព្ទលេខ ០៩៨ ៤៩ ២៨២៨ និងតាមបណ្ដាញសង្គមហ្វេសប៊ុក @ChickenRiceSenSok៕
វីដេអូ៖