កាហ្វេអេពិកអាត ទីក្រេបភេសជ្ជៈញ៉ាំអាហារឆ្ងាញ់ បន្ថែមក្ដីស្រឡាញ់ដោយស្នាមញញឹមពីជនពិការ
កំពត៖ ស្ថិតនៅកាច់ជ្រុងវិថីនៅសេសសល់ស្ថាបត្យកម្មសម័យបារាំង អេពិកអាត (Epic Arts Cafe) ជាហាងកាហ្វេដែលបានបើកទ្វារនៅខេត្តកំពត តាំងពីឆ្នាំ ២០០៦ ផ្ដោតសំខាន់លើការលើកកម្ពស់ជនពិការ ផ្ដល់ការហ្វឹកហាត់ និងឱកាសការងារក៏ដូចជារសជាតិអាហារ ព្រមទាំងភេសជ្ជៈឈ្ងុយឆ្ងាញ់។
ហាងកាហ្វេស្ថិតជាកម្មវិធីមួយក្នុងចំណោមកម្មវិធី ៣ របស់ អេពិកអាត ជាអង្គការអន្តរជាតិនៃសិល្បៈរួមបញ្ចូលគ្នា មានទីស្នាក់ការនៅកម្ពុជា និងបានចុះឈ្មោះជាអង្គការមនុស្សធម៌នៅអង់គេ្លសកាលពីឆ្នាំ ២០០៣។
នាយិកាអង្គការប្រចាំកម្ពុជា អ្នកស្រី អុន សុខនី បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីគោលដៅរបស់អង្គការថា៖ «យើងប្រើសិល្បៈជាទម្រង់បង្ហាញពីការតស៊ូមតិ និងកម្លាំងចិត្តសម្រាប់នាំមនុស្សមករួមគ្នា ទាំងអ្នកមានកាយសម្បទាមាំមួន និងអ្នកពិការ»។
អ្នកស្រីបន្តថា៖ «យើងមានទិសដៅចែករំលែកសារឱ្យដឹងថា មនុស្សគ្រប់រូបត្រូវបានរាប់បញ្ចូលដោយបានអនុវត្តតាមកម្មវិធី ៣ របស់អង្គការនោះគឺ កម្មវិធីអប់រំបញ្ចូលគ្នា សិល្បៈក្នុងសហគមន៍ និងអាជីវកម្មសង្គម»។
មកទល់ពេលនេះ អ្នកស្រីថា ហាងកាហ្វេអាចបណ្ដុះបណ្ដាលបុគ្គលិកបានជាង ៤០ នាក់ ក្នុងសេវាអាហារដ្ឋាន ដែលភាគច្រើន គឺជាជនពិការ ទាំងអ្នកពិការគថ្លង់ អ្នកពឹងផ្អែករទេះរុញ និងប្រើប្រាស់ឈើច្រត់។

ក្នុងចំណោមនោះលោក ឡៃ ណូត ដែលមានពិការភាពគថ្លង់ មាននាទីជាអ្នកគ្រប់គ្រងកាហ្វេ អេពិកអាត។
លោកបានរៀបរាប់ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ តាមរយៈអ្នកបកប្រែសញ្ញាលោក អុន ចំរើន យ៉ាងដូច្នេះថា៖ «ខ្ញុំបម្រើការជាអ្នកមើលការខុសត្រូវនៅហាងបាន ៤ ឆ្នាំ ហើយក៏ជាអ្នករាំ និងសម្ដែងក្នុងអង្គការដែរ។ នៅអង្គការ ខ្ញុំបានរៀនភាសាខ្មែរ អង់គ្លេស រួមទាំងការរាំផ្សេងៗ។ ពេលនេះខ្ញុំអាចសរសេរខ្មែរ និងអង់គ្លេសបានខ្លះៗ។
លោកបន្ថែមទៀតថា៖ «ចំពោះហាងវិញខ្ញុំអាចរៀនជំនាញម្ហូបភេសជ្ជៈផ្សេងៗ ដូចជាផ្លែឈើក្រឡុក ឆុងកាហ្វេ និងអ្វីច្រើនទៀត»។
ហាងកាហ្វេប្រើភាសា ខ្មែរ អង់គ្លេស និងភាសាសញ្ញាក្នុងការទំនាក់ទំនងដែលមិនមានអ្វីរាំងស្ទះការងារទេ។
សម្រាប់អតិថិជនវិញ នៅក្នុងបញ្ជីរាយនាមមុខម្ហូបមានភាសាអង់គ្លេស ភាសាខ្មែរ និងរូបភាព។ ភ្ញៀវក៏អាចប្រើប៊ិចគូសលើមុខម្ហូបត្រូវកុម្ម៉ង់។ ក្នុងនោះក៏មានភាសាសញ្ញាងាយៗ ដើម្បីឱ្យភ្ញៀវរៀនដូចជា ការសួររកបន្ទប់ទឹក សុំទឹកបន្ថែម ឬស្នើសុំអ្វីតិចតួច។
ចាប់បើកពីម៉ោង ៧ ព្រឹក ទៅ ៤ ល្ងាច កាហ្វេអេពិកអាត បម្រើអាហារពេលព្រឹក និងថ្ងៃត្រង់ រួមមាននំ ទឹកក្រឡុក និងអាហារសម្រន់ផ្សេងៗ ដោយ ៦០ ភាគរយ គឺអាហារបរទេស និង ៤០ ភាគរយ ជាម្ហូបខ្មែរ។ ហាងក៏មានដាក់លក់ផ្លែឈើតាមរដូវនៅទឹកដីកំពតផងដែរ។
បំពាក់ទៅដោយសេវាអ៊ីនធឺណិតល្បឿនលឿនល្អ ភ្ញៀវអាចមកអង្គុយញ៉ាំនំ ក្រេបភេសជ្ជៈ ធ្វើការ ឬសិក្សា។ ហាងក៏មានការទទួលកក់រៀបចំសម្រាប់ប្រជុំ និងជំនួបជាក្រុម។
ក្រៅពីលើកកម្ពស់ជនមានពិការភាព អេពិកអាត ក៏ប្រកាន់ខ្ជាប់គោលការណ៍បរិស្ថានផងដែរ។
នាយិកាអង្គការវ័យ ៣៩ ឆ្នាំរូបនេះឱ្យដឹងដែរថា៖ «នៅកន្លែងយើង មិនលើកទឹកចិត្តឱ្យប្រើប្លាស្ទិកទេ តែព្យាយាមកាត់បន្ថយ។ ដូច្នេះរាល់ការវេចខ្ចប់ យើងទាំងប្រអប់ ទាំងទុយោ គឺប្រើអ្វីដែលអាចរលាយបាន»។
ដើម្បីសម្របនៅក្នុងស្ថានភាពកូវីដនេះ ហាងបានកែសម្រួលបញ្ចូលអាហារខ្មែរច្រើន ដើម្បីទាក់ទាញភ្ញៀវក្នុងស្រុក និងមានការដឹកជញ្ជូនតាម Nham 24។ សម្រាប់អង្គការដៃគូនៅខេត្តកំពត ឬក្រុមយុវជនធ្វើការជួយសង្គម ក៏មានការបញ្ចុះតម្លៃផងដែរ។
រយៈពេល ១៥ ឆ្នាំ ដែលកាហ្វេអេពិកអាត អាចឈរជើងបាន គឺការតស៊ូរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ជនពិការ ភ្ជាប់ជាមួយសារទៅកាន់មហាជនថា៖ «ពិការភាព ពុំមែនជាឧបសគ្គឈានទៅរកការងារត្រឹមត្រូវ និងមោទនភាព» នោះទេ។
អ្នកស្រី សុខនី បន្តថា៖ «យើងនៅតែអាចផ្ដល់ការងារឱ្យជនពិការ និងតស៊ូមតិសម្រាប់សិទ្ធិពួកគាត់ បើទោះជាស្ថានភាពកូវីដយើងលំបាកខ្លាំងក៏ដោយ។ មួយទៀត គឺយើងមានមោទនភាពដែលឃើញគាត់កើនជំនាញ មានទំនុកចិត្ត ឯករាជ្យ និងប្រាក់ចំណូលអាចចិញ្ចឹមគ្រួសារ»។
រីឯអ្នកមើលការខុសត្រូវហាងវ័យ ៣១ ឆ្នាំ លោក ណូត ក៏បានឱ្យដឹងដែរថា លោកពិតជាសប្បាយចិត្តដែលបានធ្វើការនៅកាហ្វេ អេពិកអាត ព្រោះបុគ្គលិកងាយស្រួលប្រាស្រ័យទាក់ទងគ្នា ហើយតែងតែយកអាសាគ្នាទៅវិញទៅមក។
លោកក៏ផ្ដាំផ្ញើដែរថា៖ «សូមឱ្យមនុស្សទាំងអស់ស្រឡាញ់ និងជួយគាំទ្រគ្នា មិនថាអ្នកនោះមានរូបរាង ឬពណ៌សម្បុរបែបណាទេ ហើយនៅពេលហាងរើសបុគ្គលិកបន្ថែម គឺជនពិការ ដែលចង់ស្វែងរកការងារអាចមកដាក់ពាក្យបាន»។
អ្នកស្រី សុខនី បានបន្ថែមថា រាល់ចំណូលកាហ្វេ អេពិកអាត មួយផ្នែកត្រូវយកទៅទ្រទ្រង់កម្មវិធីអង្គការ។
នាយិកាអង្គការរូបនេះអំពាវនាវថា៖ «ដូច្នេះខ្ញុំចង់ឱ្យភ្ញៀវជួយគាំទ្រហាងកាហ្វេយើង ព្រោះវាមិនមែនត្រឹមជាអាហារដ្ឋានទេ វាជាកន្លែងជួយដល់បញ្ហាសង្គម ជួយលើកកម្ពស់សិទ្ធិ និងផ្ដល់ការងារដល់ជនពិការ។ យើងមិនមែនផ្ដោតលើហេតុផលខាងលើហើយទាមទារឱ្យភ្ញៀវមកទេ ព្រោះម្ហូបយើងក៏ឆ្ងាញ់ មានគុណភាពល្អ សេវាកម្មល្អ ទីតាំងល្អជាប្រយោជន៍សម្រាប់ទាំងភ្ញៀវ និងសង្គម»។
ព័ត៌មានបន្ថែមនៅទំព័រហ្វេសប៊ុក @everypersoncounts និង @EpicArtsCafe៕