ទីក្រុង​ឡាអេ​៖ ធីប​ទឹកសូកូឡាក្ដៅៗ​មួយពេលសិន។ ភេសជ្ជៈ​ត្រជាក់ផលិតចេញពី​ផ្នែក​ខ្លះ​នៃ​ផ្លែ​កា​កាវ​ ដែល​ធ្លាប់តែ​​​ត្រូវបាន​គេ​បោះចោល ​បាន​ទាក់ទាញ​អ្ន​កក្រេបភេសជ្ជៈ​ដែល​​គិតគូរ​ពី​សុខភាព​ និង​បរិស្ថាន។


ភេសជ្ជៈ Elix ត្រូវ​បានដាក់​បង្ហាញ​កាលពីសប្ដាហ៍​មុន​​ដោយ​ក្រុមហ៊ុន​ស្វី​ស Barry Callebaut ដែលជា​ក្រុមហ៊ុន​ផលិត​សូកូឡា​ធំ​បំផុត​របស់​ពិភពលោក​។


ការ​បង្កើត​ភេសជ្ជៈ​ថ្មី​ចម្រាញ់​ពី​​ផ្លែកាកាវ​ដែល​ជាធម្មតា​ត្រូវគេបោះចោល​នោះ គឺជា​ផ្នែក​មួយ​នៃ​និន្នាការ​រីកចម្រើន​ក្នុងការ​ប្រើប្រាស់​ធនធាន​ផ្លែឈើ ១០០ ភាគរយ​នៅក្នុង​អាហារ​កែច្នៃ​ ដើម្បី​កាត់បន្ថយ​កាកសំណល់​ និង​សម្ពាធ​លើ​បរិយាកាស។


ជាធម្មតា​ផ្លែ​កា​កាវ ៧០ ភាគរយ ​រួមទាំង​សម្បក ផ្លែ​ និង​ទឹក​ ត្រូវបាន​គេបោះបង់​ចោល​ ក្រៅពី​ការ​ប្រើ​គ្រាប់​របស់​វា​ចម្រាញ់ធ្វើជាសូកូឡា។


រូបតំណាង៖ ភេសជ្ជៈ​ត្រជាក់ផលិតចេញពី​ផ្នែក​ខ្លះ​នៃ​ផ្លែ​កា​កាវ​ ដែល​ធ្លាប់តែ​​​ត្រូវបាន​គេ​បោះចោល។


លោក Peter Boone នាយក​ប្រតិបត្តិ​របស់ Barry Callebaut បាន​ប្រាប់ទីភ្នាក់ងារ AFP មុន​ព្រឹត្តិការណ៍​បើក​ដំណើរការ​​នៅ​ទីក្រុងអាំស្ទែដាំថា៖ «វា​ [ទឹក​ផ្លែកាកាវ] មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​រសជាតិ​ផ្លែឈើ ហើយ​វា​ក៏​មាន​គុណប្រយោជន៍​ដល់សុខភាពផងដែរ»។

ភេសជ្ជៈ​នេះ​បាន​បើក​ដំណើរការ​ជា​លើកដំបូង​នៅ​ទ្វីបអឺរ៉ុប​ ដោយ​​ទីភ្នាក់ងារ​សុវត្ថិភាព​ម្ហូបអាហារ​របស់​សហភាព​អឺរ៉ុប​បាន​គាំទ្រ​ការ​អះអាងថា ​សារធាតុ​ flavanols ដែល​វា​ផ្ទុក​មាន​អត្ថប្រយោជន៍​ដល់​ចរន្តឈាម។

ការអនុម័ត​ដោយ​រដ្ឋបាល​ចំណីអាហារ​ និង​ឱសថ​អាមេរិក​ ក៏​ត្រូវបានរំពឹង​ថា នឹង​ធ្វើឡើង​នៅ​​និ​ទាឃ​រដូវ​ឆ្នាំ ២០២២ ។

Elix គឺ​ជា​សមិទ្ធផល​ថ្មីបំផុត​របស់​​ក្រុមហ៊ុន​​ផ្គត់ផ្គង់​អាហារ​យក្ស​ដូចជា Nestle, Unilever និង Mondelez ដើម្បី​អភិវឌ្ឍ​ផលិត​ផល​របស់​ខ្លួន ខណៈតម្រូវការ​សូកូឡា​នៅទីផ្សារ​ប្រទេស​អភិវឌ្ឍ​មានការ​ធ្លាក់ចុះ។

នៅ​ឆ្នាំ ២០១៧ ក្រុមហ៊ុន Barry Callebaut បានដាក់​បង្ហាញ​សូកូឡា​ពណ៌​ផ្កាឈូក​ប្រភេទ​ថ្មី​ដែលមាន​ឈ្មោះថា Ruby។ នៅ​ឆ្នាំ ២០១៩ ក្រុមហ៊ុន​ក៏បាន​ចាប់ផ្តើម​ច្នៃ​សូកូឡា​ប្រភេទ​ថ្មី​ដោយ​ប្រើ​ផ្លែកាកាវ​ទាំងមូល។

រូបតំណាង៖ ភេសជ្ជៈ​ត្រជាក់ផលិតចេញពី​ផ្នែក​ខ្លះ​នៃ​ផ្លែ​កា​កាវ​ ដែល​ធ្លាប់តែ​​​ត្រូវបាន​គេ​បោះចោល។

កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ប្រើ​ផ្លែកា​កាវ​ទាំងអស់​មក​ច្នៃ​ធ្វើ​ចំណីអាហារ ត្រូវបាន​ធ្វើឡើង​ឆ្លើយតប​នឹង​​ការរិះគន់​ថា​​ឧស្សាហកម្ម​សូកូឡារួមចំណែក​​បំផ្លាញ​ព្រៃឈើ​នៅក្នុង​ប្រទេស​ផលិត​កំពូលៗគឺ​ កូត​ឌី​វ័រ ​និង​ហ្គា​ណា។

ក្រុម​បរិស្ថាន Mighty Earth ក្នុង​ឆ្នាំ ២០១៧ បាន​បញ្ចេញឈ្មោះ​ប៊្រេន​ Barry Callebaut ក្នុងចំណោម​អ្នក​ផលិត​ដែល​បាន​ជំរុញ​ដោយ​ប្រយោល​នូវ​ការបាត់បង់​ឧទ្យាន​ជាតិ​រហូតដល់ ៩០ ភាគរយ​នៅក្នុង​ប្រទេស​ទាំងនោះ។

លោក Boone បាន​និយាយថា ​ភេសជ្ជៈ​ថ្មី​នេះ​គឺជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ដោះស្រាយ​បញ្ហា​ខាងលើ។

លោក​បាន​បន្ត​ថា៖ «យើង​បានចាប់ផ្តើម​កែច្នៃ​កាកសំណល់ ​និង​បង្កើត​តម្លៃ​កាន់តែច្រើន​នៅ​ទីបញ្ចប់​សម្រាប់​កសិករ​ ហើយ​យើង​ក៏​នឹង​ធ្វើ​ឱ្យ​កាន់តែ​ប្រសើរ​ដល់​​បរិស្ថាន​ផងដែរ»៕ AFP

ការ​ផលិតសូកូឡា ជាធម្មតា​ផ្លែ​កា​កាវ ៧០ ភាគរយ ​រួមទាំង​សម្បក ផ្លែ​ និង​ទឹក​ ត្រូវបាន​គេបោះបង់​ចោល​។