ភ្នំពេញ៖ អាហារ​ឆ្ងាញ់​ផ្សំ​គ្រឿង​បែប​ប្រពៃណី ប្រហុក​ខ្មែរ ​ជា​ផលិតផល​ក្នុង​ស្រុក​ថ្មី​មួយ គ្រោង​នឹង​ចេញលក់​នៅ​លើ​ទីផ្សារ​អឺរ៉ុប។ អាហារ​ប្រពៃណី​ដូន​តា​ខ្មែរ​នេះ ​ត្រូវ​បាន​រៀបចំ​ឡើង​យ៉ាង​ស្រស់​ស្អាត​បែប​បស្ចឹម​ប្រទេស​ជាមួយ​រសជាតិ​បែប​អាស៊ី​អាគ្នេយ៍។

ប្រហុក​ដែល​មាន​ត្រី​ជា​គ្រឿង​ផ្សំ​ចម្បង​ជាមួយ​អំបិល​ ត្រូវ​បាន​ប្រើ​ក្នុង​មុខ​ម្ហូប​បែប​​​ប្រណិត​​ ដោយ​បង្ហាញ​ពី​ភាព​​​ទាក់ទាញ​លើស​ពី​មុខ​ម្ហូប​បែប​ប្រពៃណី​ខ្មែរ។

គំនិត​ផ្តួចផ្តើម​ការ​នាំចេញ​នេះ​មាន​គោលបំណង​ណែនាំ​រសជាតិ​ពិសេស​របស់​ប្រហុក​ខ្មែរ​ទៅ​កាន់​ក្រអូមមាត់​ទាំង​ប្រជាជន​ខ្មែរ និង​អឺរ៉ុប។


លោក សេតធី ស៊ីថារ៉ាម៉ា ថមបាធូ ​ប្រធាន​ទីប្រឹក្សា​បច្ចេក​ទេស​របស់​អង្គការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​របស់​អង្គការ​សហប្រជាជាតិ (UNIDO) បាន​ឱ្យ​ដឹង​ថា ម្សៅ​ប្រហុក​ខ្មែរ​នេះ​មាន​ការ​កែច្នៃ​ដោយ​យក​ចិត្ដ​ទុក​ដាក់​បំផុត។

លោក​បាន​ថ្លែង​ថា៖ «ដំបូង​ឡើយ ខ្ញុំ​គិត​ថា ផលិតផល​នេះ​ប្រើ​ប្រភេទ​ម្សៅ​ទឹក​ដោះ​គោ​សម្រាប់​បំបាត់​ក្លិន​ប្រហុក​ ឬ​បង្កើត​ជា​ផលិតផល​ម្សៅ​ប្រហុក។ ប៉ុន្ដែ​យើង​ដឹង​ថា ម្សៅ​ទឹក​ដោះគោ​អាច​បង្ក​ជា​ប្រតិកម្ម​ចំពោះ​អ្នក​ប្រើប្រាស់​មួយ​ចំនួន។ ដូច្នេះ យើង​បាន​ស្នើ​ឱ្យ​ប្រើ​ជា​ប្រភេទ​ម្សៅ​អង្ករ​ ឬ​ម្សៅ​ដែល​ច្នៃ​ពី​ដំឡូង​មី​ជាដើម ជា​ប្រាកដ​ជា​សម​ប្រកប​ចំពោះ​អ្នក​ប្រើ​ប្រាស់​»។


យ៉ាងណាមិញ កិច្ច​ខិតខំ​ប្រឹង​ប្រែង​នាំ​យក​ប្រហុក​ខ្មែរ​ទៅកាន់​ទីផ្សារអឺរ៉ុប​បង្ហាញ​ទាំង​ឱកាស និង​បញ្ហា​ប្រឈម។

ផលិតករ​កម្ពុជា​ប្រឈម​មុខ​នឹង​ការ​ប្រកួត​ប្រជែង​ខ្លាំង​ពី​ប្រទេស​ជិតខាង ដូចជា​ប្រទេស​ថៃ និង​វៀតណាម ដែល​បាន​បង្កើត​វត្តមាន​នៅលើ​ទីផ្សារ​អន្តរជាតិ​រួចហើយ​ជាមួយនឹង​ផលិតផល​ប្រពៃណី​របស់​ខ្លួន។

លោក ហៃ លី​អ៊ាង ប្រធាន និង​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Confirel បាន​និយាយ​ថា៖ «ទោះ​ជា​យ៉ាងនេះ​ក្តី ប្រហុក​ខ្មែរ​មាន​គុណ​សម្បតិ្ត​ពិសេស។​ ទម្រង់​រសជាតិ​ដ៏​ប្លែក​របស់​វា រួមផ្សំ​ជាមួយ​នឹង​ភាព​ងាយស្រួល​ពេល​បំប្លែង​ទៅ​ជា​​ម្សៅ ផ្តល់​នូវ​អ្វី​ដែល​ថ្មី និង​ផាសុកភាព​ដល់​​ចុងភៅ​អឺរ៉ុប និង​អ្នក​ទទួល​ទាន»។

ជាងនេះ​ទៅ​ទៀត ប្រហុក​ខ្មែរ ត្រូវ​បាន​ទទួល​ស្គាល់​ចំពោះ​ស្ដង់ដា​គុណភាព​នៃ​វិញ្ញាបនបត្រ​និមិត្ដ​សញ្ញា​គុណភាព​ផល​ ផលិតផល​ជលផល​កម្ពុជា (CQS) និង​ការ​វិភាគ​គ្រោះថ្នាក់ និង​ចំណុច​ត្រួត​ពិនិត្យ​សំខាន់ៗ (HACCP) ដែល​ធានា​ថា ផលិតផល​​មាន​សុវត្ថិភាព និង​អាច​ទុក​ចិត្ត​បាន​សម្រាប់​ទីផ្សារ​អន្តរជាតិ។

កញ្ញា អ៊ឹម រចនា អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ឱ្យ​ដឹង​ថា ក្នុង​ចំណោម​បេក្ខភាព​​ជាច្រើន បច្ចុប្បន្ន​នេះ ការ​គាំទ្រ​ការ​វិនិយោគ​ខ្សែសង្វាក់​តម្លៃ ​គម្រោង​ផ្លូវ​លឿន (VCIS-FTS) បាន​ផ្ដល់​អត្ថប្រយោជន៍​ដល់​សហគ្រាស​ចំនួន ២៨​ ដោយ ១៧ សហគ្រាស​ សម្រេច​បាន​វិញ្ញាបនប័ត្រ CQS។​

ការបង្ហាញផលិតផលខ្មែរ នៅក្រុមហ៊ុន Confirel ។ រូបថត សហការី

កញ្ញា​និយាយ​ថា​ សហគ្រាស​ចំនួន​បួន​ដែល​មាន​សក្តានុពល​សម្រាប់​ការ​នាំ​ចេញ​របស់​សហភាព​អឺរ៉ុប​កំពុង​ទទួល​បាន​ (HACCP) និង​ប្រព័ន្ធ​តាមដាន​ឌីជីថល​។​

កញ្ញា រចនា បាន​ថ្លែង​ថា​៖ «​ដោយ​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ និង​ដៃគូ ក្រសួង​បាន​ផ្សព្វផ្សាយ​យ៉ាងសកម្ម​នូវ​ផលិតផល​ដែល​ទទួល​បាន​ការ​បញ្ជាក់ CQS នៅលើ​ទីផ្សារ​អន្តរជាតិ»។​

លោក ថមបាធូ បាន​បន្ថែម​ថា ដើម្បី​ឱ្យ​ផលិតផល​កែច្នៃ​ទាំង​នេះ​អាច​លក់​នៅលើ​ទីផ្សារ​អឺរ៉ុប​បាន​ លុះ​តែ​មាន​ការ​ទទួល​ស្គាល់​វិញ្ញាបនប័ត្រ​និមិត្ដ​សញ្ញា​គុណភាពផល ផលិតផល​ជលផល​កម្ពុជា​ (CQS)​ និងរង​ចាំដំណើរ​ការ​នីតិវិធី​ទាក់ទង​​ច្បាប់​អឺរ៉ុប។

ពីម្ហូប​បែប​​ប្រពៃណី​ទៅ​ការ​ច្នៃប្រឌិត

ប្រហុក​ខ្មែរ​គឺជា​អាហារ​សំខាន់​នៅក្នុង​ផ្ទះបាយ​ខ្មែរ​អស់​ជាច្រើន​សតវត្ស​មកហើយ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​សម្រាប់​រសជាតិ និង​ក្លិន​របស់​វា​។​

ទោះជា​យ៉ាងនេះ​ក្តី វា​ត្រូវ​បាន​ផ្លាស់ប្តូរទៅ​ជា​ម្សៅ​ប្រហុក ​ជា​ការច្នៃប្រឌិត​ដោយ​ក្រុមហ៊ុន Confirel បង្កើតឡើង​ដោយ លីអៀង​ ក្នុង​ឆ្នាំ២០០១ មាន​គោលបំណង​លើកកម្ពស់​​សហគមន៍​ជនបទ​ ដោយនាំ​យក​​ផលិត​ផល​ក្នុងស្រុក​ទៅកាន់​ពិភពលោក​។​

លោក លីអៀង បាន​ឱ្យដឹង​ថា៖ «ប្រហុក​មិន​មែនជា​ផលិតផល​ថ្មី​នោះទេ​ ហើយ​បើ​យោងតាម​ការ​ស្រាវជ្រាវ​ បាន​បង្ហាញថា ប្រហុក​ខ្មែរ​ត្រូវបាន​រក​ឃើញ​តាំងពី​សតវត្សរ៍​ទី ៧​។ ប៉ុន្ដែ​អកុសល្យ ដោយសារ​​រង​គ្រោះ​ពី​សង្គ្រាម កម្ពុជា​មិន​បាន​អភិវឌ្ឍ​លើ​ផលិតផល​ ដែលជា​អត្ដសញ្ញាណ​របស់​ខ្មែរ​នោះទេ»។ 

លោក​បាន​បន្តថា គម្រោង​កែច្នៃ​ម្សៅ​ប្រហុកមាន​បំណង​​បំប្លែង​ប្រហុក​ប្រពៃណី​ខ្មែរ​ទៅជា​ផលិតផល​ដែលមាន​គុណភាព និង​ងាយ​រក្សា​ទុក។

តាមរយៈ​គំនិត​ផ្តួចផ្តើម​នេះ Confirel ធានាថា ម្សៅ​ប្រហុក​នៅតែ​រក្សា​រសជាតិ​​ឆ្ងាញ់​បែប​ប្រពៃណី​នេះ​ និង​​បង្កើន​អនាម័យ ដែលស័ក្ដិសម​សម្រាប់ការ​នាំយក​មុខ​​ម្ហូប​ខ្មែរ និង​អន្តរជាតិ។

បុគ្គលិកដាក់បង្ហាញម្ហូប ផ្សំគ្រឿង​ពី​ម្សៅ​ប្រហុក។ រូបថត សហការី

លោក លីអៀង បាន​បន្ដ​ថា ៖ «នេះ​ជា​ក្រុមហ៊ុន​ដំបូង​គេ​ក្នុង​ប្រទេស​កម្ពុជា ដែល​ទទួល​បាន​វិញ្ញាបនបត្រ HACCP និង​មាន​វិញ្ញាបនបត្រ​សរីរាង្គ​អន្តរជាតិ​ច្រើន​មុខ»។

វិញ្ញាបនបត្រ HACCP និង CQS ធានាថា ​ម្សៅ​ប្រហុក​ប្រកាន់ខ្ជាប់​នូវ​ស្តង់ដា​សុវត្ថិភាព និង​គុណភាព​ខ្ពស់ ដែល​ត្រៀម​សម្រាប់​កា​រនាំ​ចេញ​ទៅកាន់​ទីផ្សារ​អឺរ៉ុប​។​

ភាព​វិសេស​របស់​ប្រហុក​ខ្មែរ​

ម្សៅ​ប្រហុក​តំណាងឱ្យ​ការវិវត្តន៍​ដ៏​សំខាន់​មួយ​ ដែល​អាច​​រក្សាបាន​នូវ​រសជាតិ​ប្លែក និង​ក្លិនស្អុយ​ដែល​ប្រហុក​ត្រូវបាន​គេ​ស្គាល់ ប៉ុន្តែ​នៅក្នុង​ទម្រង់​ដែល​ងាយស្រួល​រក្សាទុក ការ​ទទួល​ទាន​ និង​បញ្ចូល​ទៅក្នុង​ការបង្កើត​មុខម្ហូប​ផ្សេងៗ​។​

លោក លីអៀង បាន​និយាយថា: ​«​ម្សៅប្រហុក​​ក៏ត្រូវ​បាន​កាត់​បន្ថយ​ក្លិន​ស្អុយ​ខ្លាំង​ ដែល​ធ្វើឱ្យ​​វា​កាន់តែ​ទាក់​ចិត្ត​ទស្សនិកជន​កាន់តែ​ទូលំទូលាយ»។

ផលិតផល​ប្រកបដោយ​ភាព​ច្នៃប្រឌិត​នេះ​មិនមែន​គ្រាន់តែ​ជា​ភាពងាយស្រួល​ប៉ុណ្ណោះ​ទេ​ ប៉ុន្ដែ​វា​​ជា​​ការថែរក្សា​ផ្នែក​សំខាន់​មួយ​នៃ​បេតិកភណ្ឌ​កម្ពុជា។

ការ​អភិវឌ្ឍន៍​ម្សៅ​ប្រហុក​ត្រូវបាន​គាំទ្រ​ដោយ​គំនិត​ផ្តួចផ្តើម CAPFISH-Capture ​ជា​កិច្ច​សហការ​រវាង​អង្គការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​នៃ​អង្គការ​សហប្រជាជាតិ (UNIDO) និង​រដ្ឋបាល​ជលផល​កម្ពុជា ដែល​ផ្តល់​មូលនិធិ​ដោយ​សហភាព​អឺរ៉ុប​។​

គម្រោង​នេះ​មាន​គោលបំណង​ជំរុញ​វិស័យ​ជលផល​ក្រោយ​ការប្រមូល​ផល​របស់​កម្ពុជា បង្កើត​ការងារ បង្កើន​​ប្រាក់ចំណូល និង​លើកកម្ពស់​ស្តង់ដារ​សុវត្ថិភាព​ចំណីអាហារ​។​

CAPFISH-Capture ផ្តល់​ការវិនិយោគ​យ៉ាងសំខាន់​លើ​ឧបករណ៍ ជំនួយ​បច្ចេកទេស និង​ការបណ្តុះបណ្តាល ដើម្បី​ធានាថា ​ម្សៅ​ប្រហុក​ត្រូវ​តាម​ស្តង់ដា​សុវត្ថិភាព​ចំណីអាហារ​យ៉ាង​ម៉ត់ចត់​​​សម្រាប់​ទីផ្សារ​អន្តរជាតិ​។​

បញ្ហា​ប្រឈម​ទីផ្សារ​

ការ​នាំ​ចេញ​ស្បៀងអាហារ​របស់​ប្រទេស​ថៃ រួម​ទាំង​ប្រហុក​មាន​ការ​កើន​ឡើង ដែល​ជំរុញ​ដោយ​សេដ្ឋកិច្ច​ប្រសើរ​ឡើង និង​ការពង្រីក​ទីផ្សារ​។​

លោក Bryan Fornari ប្រធានសហប្រតិបត្តិការ អឺរ៉ុប​ ភក្ស​រសជាតិ​ម្សៅប្រហុក។ រូបថត ហុង រស្មី

នេះ​បើ​យោងតាម The Nation របស់​ថៃ បាន​ឱ្យ​ដឹងថា​៖ «​នៅ​ឆ្នាំ២០២៣ ការនាំចេញ​អាហារ​បាន​ឈានដល់ជាង ៣៦ ពាន់​លាន​ដុល្លារ​) ជាមួយនឹង​ការកើនឡើង​តាម​ការព្យាករណ៍​នៅ​ឆ្នាំ២០២៤​​។ ខណៈដែល​ប្រទេស​ចិន​នៅតែ​ជាទី​ផ្សារ​ធំ​បំផុត​របស់​ប្រទេស​ថៃ វា​មាន​កំណើន​គួរឱ្យ​កត់​សម្គាល់​ក្នុងការ​នាំចេញ​ទៅកាន់​អឺរ៉ុប»។​

ប្រភព​បាន​បន្ដ​ថា ​គន្លឹះ​ក្នុងការ​ពង្រីក​នេះ​គឺ​សមត្ថភាព​ក្នុងការ​បំពេញ​តាម​ស្តង់ដា​គុណភាព និង​និរន្តរភាព​ដែល​តម្រូវ​ដោយ​ទីផ្សារ​អឺរ៉ុប​។​

វៀតណាម​ក៏​បាននិងកំពុង​បោះជំហាន​ទៅមុខ​ក្នុងការ​នាំចេញ​ប្រហុក និង​កសិផល​ផ្សេងៗ​ទៀត​ទៅកាន់​ទ្វីបអឺរ៉ុប ជំរុញ​ដោយ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី EU-Vietnam (EVFTA) ដែល​ចូល​ជា​ធរមាន​ក្នុង​ឆ្នាំ ២០២០។

យោងតាម​ WTO Center បានបង្ហាញ​ថា៖ «​ក្នុង​ឆ្នាំ២០២២ ការនាំចេញ​សរុប​របស់​វៀតណាម​ទៅកាន់​ទីផ្សារ​អឺរ៉ុប​ បាន​កើន​ឡើងដល់ ៤៦,៨៣ ពាន់​លាន​ដុល្លារ ពោលគឺ​កើនឡើង ១៦,៧​ភាគរយ​ ធៀប​នឹង​ឆ្នាំមុន»។

​ទោះជា​យ៉ាងណាក៏ដោយ អ្នក​នាំចេញ​វៀតណាម​ត្រូវតែ​ស្វែងរក​ស្តង់ដា​ដ៏​តឹងរឹង​របស់សហភាព​អឺរ៉ុប​ លើ​គុណភាព និរន្តរភាព និង​សុវត្ថិភាព​ចំណីអាហារ ដើម្បី​រក្សា និង​ពង្រីក​វត្តមាន​ទីផ្សារ​របស់​ពួកគេ​។​

ប្រហុក​ខ្មែរឆ្ពោះទៅ​កាន់​​ទីផ្សារ​អឺរ៉ុប​

Confirel ដែលមាន​សុទិដ្ឋិនិយម​អំពី​សក្តានុពល​ទីផ្សារ​នៃ​ម្សៅ​ប្រហុក បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ផ្គូផ្គង​អាជីវកម្ម​ដែល​រៀបចំ​ដោយ CAPFISH-Capture នៅ​ទីក្រុង​ប៉ារីស​ក្នុង​ខែតុលា ឆ្នាំ២០២៣ ដែល​វា​បានទទួល​មតិ​​វិជ្ជមាន​លើ​ការផ្សព្វផ្សាយ​ផលិតផល​ជា​ផលិតផល​ខ្មែរ​តែមួយគត់​។​

លោក ហៃ លី​អ៊ាង ប្រធាន និង​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Confirel ជជែកជាមួយកញ្ញា អ៊ឹម រចនា អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។

លោក លីអៀង បាន​ឱ្យ​ដឹង​ថា៖ «​វិធីសាស្ត្រ​នេះ​មាន​គោលបំណង​ទាក់ទាញ​មិន​ត្រឹមតែ​ប្រជាជន​កម្ពុជា​នៅបរទេស​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏មាន​ប្រជាជន​អឺរ៉ុប​ចង់​ស្វែងរក​រសជាតិ​ថ្មី​ផងដែរ​»។​

​លោក​បន្តថា​៖ «​បន្ថែម​ពីលើ​ម្សៅ​ប្រហុក ក្រុមហ៊ុន Confirel គ្រោង​នឹង​ពង្រីក​ផលិតផល​របស់ខ្លួន​ដើម្បី​រួមបញ្ចូល​ផលិតផល​ត្រី​ផ្សេងទៀត ​ដូចជា ​ទឹកត្រី និង​ត្រី​ងៀត​​»​។

លោក លីអៀង បាន​និយាយថា ផលិតផល​ទាំងនេះ​នឹងត្រូវ​បាន​ប្រភព​មកពី​ជលផល​ក្រោយ​ការប្រមូល​ផល​ក្នុងស្រុក កែច្នៃ វេច​ខ្ចប់ និង​ចែកចាយ​ពី​រោងចក្រ​របស់ Confirel ក្នុង​ទីក្រុង​ភ្នំពេញ​។​

វិធីសាស្ត្រ​អភិវឌ្ឍន៍​​នេះ​មាន​គោលបំណង​លើក​អាជីវកម្ម​ខ្នាតតូច និង​បង្កើត​ឱកាស​ចំណេញ​កាន់តែច្រើន​សម្រាប់​កសិក​រ និង​អ្នក​កែច្នៃ​ក្នុងស្រុក​។​

ដើម្បី​រក្សាបាន​នូវ​ការផ្គត់ផ្គង់​ប្រកបដោយ​ស្ថិរភាព​នៃ​ម្សៅ​ប្រហុក Confirel ប្រើប្រាស់​គំរូ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ចំនួន​ពីរ​ គឺ​ការទិញ​ម្សៅ​ប្រហុក​ដែលទទួល​បាន​វិញ្ញាបនបត្រ​ CQS និង «ផលិតផល​ពាក់កណ្តាល​សម្រេច​» ពី​អ្នក​កែច្នៃ​ក្នុង​រយៈពេល​ខ្លី និង​ស្វែងរក​វត្ថុធាតុដើម​ដោយផ្ទាល់​ពី​ក្រុម​អ្នក​ផលិត​ក្នុង​រយៈពេល​វែង​ រួម​ទាំង​​​ក្រុមការងារ ​ដែល​ភាគច្រើន​ជា​​ស្ត្រី​៕