Content image - Phnom Penh Post

លោក សុខ វឿន ប្រធាន​នាយក​ប្រតិបត្តិ អិ​ល​អូ​អិ​ល​ស៊ី (​ខេ​ម​បូ​ឌា​) ភីអិលស៊ី និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា រួមជាមួយ​នឹង លោក រ័ត្ន សោភ័ណ អនុប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា​ កាលពី​ថ្ងៃទី​ ០៧ ខែកុម្ភៈ ឆ្នាំ​ ២០២៣ បានផ្តល់​សន្និសីទ​សារព័ត៌មាន​មួយ​ស្តីពី «​ស្ថានភាព​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ និង​វិធានការ​បុ​រេ​សកម្ម​ឆ្លើយតប​ទៅនឹង​ការផ្តល់សេវា​ហិរញ្ញវត្ថុ​ក្រៅផ្លូវការ​» ដែល​សន្និសីទ​សារព័ត៌មាន​នេះ​ត្រូវបាន​រៀបចំឡើង​ដោយ​សមាគម​ធនាគារ​នៅ​កម្ពុជា និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​។

​សន្និសីទ​សារព័ត៌មាន​នេះ​ត្រូវបាន​ធ្វើឡើង​ដើម្បី​បង្ហាញជូន​សាធារណជន​ពី​បច្ចុប្បន្នភាព​នៃ​ស្ថានភាព និង​សុខភាព​នៃ​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ ព្រមទាំង​ផ្សព្វផ្សាយ​នូវ​ផែនការ​សកម្មភាព ដែល​សមាគម​ទាំង​ ២ បាននិងកំពុង​ដាក់ចេញ​ក្នុងការ​ជំរុញ​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ និង​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នៅ​ឆ្នាំ​ ២០២៣ និង​ឆ្នាំ​បន្តបន្ទាប់​។

​វេទិកា​សន្និសីទ​សារព័ត៌មាន​ដ៏​សំខាន់​នេះ​ក៏បាន​ជជែក​ពិភាក្សា​និង​បកស្រាយ​អំពី​សេចក្តីថ្លែងការណ៍​រួម ដែល​ចេញ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា និង​អគ្គស្នងការ​នគរបាល​ជាតិ កាលពី​ថ្ងៃទី​ ០២ ខែកុម្ភៈ ឆ្នាំ​ ២០២៣ ស្តីពី​ការចាត់វិធានការ​ផ្លូវច្បាប់​យ៉ាង​តឹងរ៉ឹង​ចំពោះ​ការផ្តល់​ប្រាក់កម្ចី​ខុសច្បាប់ និង​ការផ្សាយពាណិជ្ជកម្ម​គ្រប់​ប្រភេទ​ពាក់ព័ន្ធ​នឹង​ការផ្តល់សេវា​ហិរញ្ញវត្ថុ​ដែល​គ្មាន​ច្បាប់​អនុញ្ញាត និង​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​ចៀសវាង​ដាច់ខាត​ចំពោះ​ការខ្ចីប្រាក់​ពី​អ្នកផ្តល់​សេវា​ហិរញ្ញវត្ថុ​ក្រៅផ្លូវការ​ដែល​ពុំមាន​ការអនុញ្ញាត​ពី​ធនាគារជាតិ​នៃ​កម្ពុជា​។ ចំពោះ​ប្រជាពលរដ្ឋ​ដែលមាន​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​សកម្មភាព​ផ្តល់​ឥណទាន​ខុសច្បាប់ សូម​រាយការណ៍​ទៅ​ធនាគារជាតិ​នៃ​កម្ពុជា តាមរយៈ​លេខ​ទូរស័ព្ទ​ដូច​មាន​បញ្ជាក់​នៅក្នុង​សេចក្តីថ្លែងការណ៍​៕