
ក្រុមហ៊ុន ខូហ្វី និងអង្គការ SNV កាលពីថ្ងៃទី ២១ ខែកុម្ភៈ បានចុះអនុះសារណៈលើកិច្ចសហការផ្តល់មូលនិធិសម្រាប់គម្រោង «អភិវឌ្ឍន៍ដោយចីរភាពនៃខ្សែច្រវ៉ាក់តម្លៃដំណាំកាហ្វេនៅខេត្តមណ្ឌលគិរី» ដែលទទួលបានការគាំទ្រដោយមូលនិធិហូឡង់សម្រាប់ការអភិវឌ្ឍន៍អាកាសធាតុ (DFCD) ដើម្បីលើកស្ទួយ និងអភិវឌ្ឍន៍ដំណាំកាហ្វ បណ្តុះបណ្តាលកសិករកបន្ថែមទៀតទៅលើការដាំដុះកាហ្វេស្របតាមស្តង់ដាអន្តរជាតិនៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ។
ពិធីនេះទទួលបានការអញ្ញើញចូលរួមជាអធិបតីរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម Remco van Wijngaarden ឯកអគ្គរដ្ឋទូតប្រទេសហូឡង់ ប្រចាំប្រទេសថៃ និងកម្ពុជា និងមន្ត្រីជាន់ខ្ពស់របស់ធានាគារអភិវឌ្ឍន៍សហគ្រិនហូឡង់ (FMO) រួមទាំងគណៈប្រតិភូអមរដ្ឋមន្ត្រី ផងដែរ។
លោក ហ៊ឺ តារា តំណាងឱ្យក្រុមហ៊ុន «ខូហ្វី» មានប្រសាសន៍ថា ៖«ការចុះអនុះសារណៈលើកិច្ចសហការនេះ គឺជាការបើកទំព័រថ្មីរបស់ក្រុមហ៊ុនខូហ្វីក៏ដូចជាប្រជាកសិករដំណាំកាហ្វេនៅខេត្តមណ្ឌលគីរីផងដែរ ដោយក្រុមហ៊ុនបានបេជ្ញាចិត្តក្នុងការអភិវឌ្ឍដំណាំកាហ្វេនៅខេត្តមណ្ឌលគិរី ក្នុងគោលបំណងកែលម្អគុណភាព និងពង្រីកការដាំដុះ ដំណាំកាហ្វេឱ្យស្របតាមតម្រូវការទីផ្សារនិងបង្កើនផលិតភាពដែលអាចឱ្យកសិករទទួលបាននូវជីវភាពល្អប្រសើរពីដំណាំកាហ្វេ»៕