ធនាគារ ហត្ថា ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅក្នុងព្រះរាជាណាចក្រថៃ និងជាសមាជិកមួយនៃ MUFG Financial Group របស់ប្រទេសជប៉ុន កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា បានប្រកាសដាក់សម្ពោធជាផ្លូវការនូវប័ណ្ណវីសា ហត្ថា នៅផ្សារទំនើប អ៊ីអនម៉ល មានជ័យ។
នៅក្នុងកម្មពិធីសម្ពោធនេះ មានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់លោកឧកញ៉ា ហួត អៀងតុង ប្រធាននាយកនៃធនាគារ ហត្ថា និងលោកស្រី Ivana Tranchini អ្នកគ្រប់គ្រងនៃក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា រួមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់មកពីស្ថាប័នទាំង ២ និងដៃគូយុទ្ធសាស្ត្រផ្សេងៗជាច្រើនរូបទៀត។
ព្រឹត្តិការណ៍នេះ បានបង្ហាញពីការប្ដេជ្ញាចិត្តរបស់ធនាគារ ហត្ថា ក្នុងការផ្តល់ជូនអតិថិជនរបស់ខ្លួននូវបទពិសោធថ្មីៗនៃការទូទាត់បែបឌីជីថលប្រកបដោយភាពងាយស្រួល លឿនរហ័ស មានសុវត្ថិភាពខ្ពស់ និងប្រើប្រាស់បានទូលំទូលាយជាសកល ។ ព្រឹត្តិការណ៍នេះ គឺជាភាពជោគជ័យថ្មីមួយទៀតសម្រាប់ធនាគារ ហត្ថា ដែលកំពុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួនប្រកបដោយភាពរីកចម្រើន មានវិជ្ជាជីវៈមានទំនួលខុសត្រូវខ្ពស់ចំពោះអតិថិជន និងតែងតែបំពេញតម្រូវការរបស់អតិថិជនជាអាទិភាពចម្បង។
លោកឧកញ៉ា ហួត អៀងតុង បានសម្តែងការសាទរចំពោះសមិទ្ធិផលដ៏សំខាន់នេះ ដោយលោកបានមានប្រសាសន៍ថា៖ «យើងមានសេចក្តីរំភើបរីករាយក្នុងការផ្តល់ជូននូវសេវាទូទាត់ប្រាក់តាមបែបឌីជីថលជាសាកលដល់អតិថិជនបច្ចុប្បន្ន និងអនាគតរបស់យើង។ នេះបង្ហាញពីវឌ្ឍនភាពដ៏សំខាន់នៅក្នុងផែនការផ្លាស់ប្តូរឌីជីថលរបស់យើង នៅពេលដែលយើងពង្រីកប្រព័ន្ធអេកូធនាគារឌីជីថលរបស់យើង ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជនទូទៅ និងម្ចាស់អាជីវកម្ម»។
លោកមានប្រសាសន៍បន្ថែមថា៖ «តាមរយៈការប្រើប្រាស់ប័ណ្ណឥណពន្ធ វីសា អតិថិជនអាចធ្វើការទូទាត់ប្រាក់តាមអនឡាញ ឬក្នុងហាងទំនិញណាមួយបានយ៉ាងងាយស្រួល និងមានសុវត្ថិភាពខ្ពស់នៅទីកន្លែងជាច្រើនជុំវិញពិភពលោក ដែលមាននិមិត្តសញ្ញា Visa»។
លោកស្រី IvanaTranchini បានមានប្រសាសន៍ថា៖ «យើងមានក្តីរំភើបក្នុងការធ្វើជាដៃគូជាមួយធនាគារ ហត្ថា ដើម្បីផ្តល់ជូនអ្នកប្រើប្រាស់នៅកម្ពុជានូវសុវត្ថិភាព និងភាពងាយស្រួលនៃប័ណ្ណឥណពន្ធ វីសា។ យោងតាមការសិក្សាអំពីឥរិយាបទរបស់អតិថិជន បានបង្ហាញថា ការប្រើប្រាស់ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាននៅក្នុងប្រទេសកម្ពុជា មានការកើនឡើងជាលំដាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រួមជាមួយនឹងការចាប់អារម្មណ៍លើប័ណ្ណដែលមាន Contactless និងប័ណ្ណនិម្មិត»។
លោកស្រីបន្ថែមថា៖ «យើងនៅតែបន្តប្តេជ្ញាចិត្តក្នុងការជំរុញដំណើរការផ្លាស់ប្តូរឌីជីថលរបស់ប្រទេសកម្ពុជាតាមរយៈការធ្វើឱ្យបទពិសោធននៃការទូទាត់របស់អ្នកប្រើប្រាស់កាន់តែប្រសើរឡើង ជាមួយនឹងដំណោះស្រាយទូទាត់បែបឌីជីថលប្រកបដោយភាពច្នៃប្រឌិតបំផុត»។
ដើម្បីអបអរសាទរសមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់នេះ ធនាគារ ហត្ថា ក៏មានការផ្តល់ជូនពិសេសសម្រាប់អ្នកកាន់ប័ណ្ណ វីសាថ្មី របស់ធនាគារផងដែរ។ ការផ្តល់ជូនពិសេសទាំងនេះរួមមានការលើកលែងថ្លៃសេវាប័ណ្ណប្រចាំឆ្នាំរហូតដល់ ៥ ឆ្នាំ និងផ្តល់ជូនទឹកប្រាក់ត្រឡប់មកវិញ ១០% បន្ថែមពីលើមុខងារពិសេសនៃប័ណ្ណនេះ។
លើសពីនេះ ធនាគារ ហត្ថាក៏បានផ្តល់សិទ្ធិផ្តាច់មុខសម្រាប់ម្ចាស់ប័ណ្ណ វីសា Platinum រួមមានការចូលសម្រាកនៅក្នុងបន្ទប់រង់ចាំពិសេសរបស់អាកាសយានដ្ឋានជាង ១៣០ កន្លែងទូទាំងពិភពលោក និងការធានារ៉ាប់រងលើការធ្វើដំណើរក្រៅប្រទេសរហូតដល់ ១.០០០.០០០ ដុល្លារអាមេរិក។
ដើម្បីរីករាយជាមួយអត្ថប្រយោជន៍ទាំងអស់ដែលបានរៀបរាប់ខាងលើ អតិថិជនអាចដាក់ពាក្យស្នើសុំប័ណ្ណ ហត្ថា វីសា នៅសាខាណាមួយដែលជិតលោកអ្នកបំផុត ឬតាមរយៈទូរស័ព្ទទៅលេខ 1800 212 222 ឬ 023 999 266៕