លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យជាស៊ីមជ្រោយចង្វារ សាលាបឋមសិក្សាជ្រោយចង្វារ និងសាលាបឋមសិក្សាវត្តមង្គលសិរីគៀនឃ្លាំង កាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៤ បានទទួលបណ្ណាល័យឌីជីថល និងបន្ទប់កុំព្យូទ័រ ដ៏ថ្មីស្រឡាងពីធនាគារ អ៊ូរី (ខេមបូឌា) ម.កតាមរយៈអង្គការ ឆាលហ្វាន និងអង្គការបង្រៀនដើម្បីកម្ពុជា ក្រោមការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា។
នេះមិនត្រឹមតែជាការបរិច្ចាគកុំព្យូទ័រ សម្ភារ និងសៀវភៅអានប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការឈានទៅចាប់យកចំណេះដឹងដ៏ទូលំទូលាយ ការផ្សាភ្ជាប់គម្លាតឌីជីថល និងការផ្តល់ឱ្យសិស្សានុសិស្សនូវឧបករណ៍ចាំបាច់ ដើម្បីកសាងអនាគតរបស់ពួកគេ។
បច្ចេកវិទ្យាទំនើបមានឥទ្ធិពលអាចធ្វើឱ្យថ្នាក់រៀនក្លាយទៅជាកន្លែងសិក្សាមួយដ៏រស់រវើក អាចជួយពង្រឹងសិស្សានុសិស្សដោយផ្ដល់ជំនាញកុំព្យូទ័រចាំបាច់ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងចំណេះដឹងអំពីសុវត្ថិភាពតាមប្រព័ន្ធអនឡាញ ដែលទាំងនេះជាការរួមចំណែកកសាងធនធានមនុស្សផ្នែកឌីជីថលប្រកបដោយទំនួលខុសត្រូវ និងការយល់ដឹងជាសកល។
នេះគឺជាការចាប់ផ្តើមទំព័រថ្មីនៃការអប់រំឌីជីថលនៅក្នុងប្រទេសកម្ពុជា ដែលជាពេលមួយអនុញ្ញាតឱ្យកុមារគ្រប់រូបមានឱកាសសិក្សារៀនសូត្រ លូតលាស់ និងរីកចម្រើននៅក្នុងវិស័យឌីជីថល។
ឯកឧត្តម ហូ សំបូរ អនុរដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា មានប្រសាសន៍ថា ពិធីសម្ពោធនេះ គឺជាជោគជ័យដ៏ធំធេងមួយឆ្ពោះទៅការសម្រេចបាននូវចក្ខុវិស័យរបស់យើង។
ឯកឧត្តមបានសាទរចំពោះសំណង់ថ្មីទាំងនេះថា ជាសញ្ញានៃវឌ្ឍនភាពដែលនឹងផ្តល់ដល់សិស្សានុសិស្សជាមួយនឹងជំនាញឌីជីថលដែលពួកគេត្រូវការ ដើម្បីអភិវឌ្ឍសមត្ថភាពក្នុងសតវត្សទី២១ និងជួយជំរុញអនាគតរបស់ប្រទេសកម្ពុជា ទៅកាន់យុគសម័យនៃវឌ្ឍនភាពដ៏អស្ចារ្យ។
ទន្ទឹមនឹងនេះ លោក ហុង ជូគីម នាយកប្រតិបត្តិនៃធនាគារ អ៊ូរី (ខេមបូឌា) ម.ក ជឿជាក់ថា ការបរិច្ចាគធនធាន គឺមិនទាន់ឈានដល់សក្តានុពលពេញលេញរបស់គម្រោងនេះឡើយ។
ផ្ទុយទៅវិញ លោកក៏ដូចជាធនាគារ អ៊ូរី យល់ឃើញថា នេះជាការវិនិយោគយុទ្ធសាស្ត្រមួយទៅក្នុងអនាគតរបស់ប្រទេសកម្ពុជា។ ទឹកមុខរីករាយ និងសេចក្តីរំភើបរបស់សិស្សានុសិស្ស បានក្លាយជាកត្តាជំរុញការប្តេជ្ញាចិត្តឥតងាករេរបស់ធនាគារ អ៊ូរី ក្នុងការបន្តផ្តល់ដល់យុវជនកម្ពុជាក្នុងនាមជាពលរដ្ឋឌីជីថលប្រកបដោយទំនួលខុសត្រូវ។
សូមបញ្ជាក់ថា គំនិតផ្តួចផ្តើមនេះ គឺជាចំណុចដ៏សំខាន់មួយនៅក្នុងទិដ្ឋភាពនៃការអប់រំរបស់ប្រទេសកម្ពុជា។ ជាទីដែលកិច្ចសហប្រតិបត្តិការ នវានុវត្តន៍ និងការប្តេជ្ញាចិត្ត រួមគ្នាត្រួសត្រាយផ្លូវសម្រាប់អនាគតឌីជីថលដ៏ត្រចះត្រចង់សម្រាប់កុមារគ្រប់រូប៕