លោកស្រី Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋហ្វីលីពីនប្រចាំកម្ពុជាធ្វើទស្សនកិច្ចទៅកាន់ការិយាល័យសារព័ត៌មានភ្នំពេញប៉ុស្តិ៍ និង SR Digital Media នៅថ្ងៃទី១៣ ខែសីហានេះ និងបានចាត់ទុកភ្នំពេញប៉ុស្តិ៍ថាជា «បង្អួចនៃកម្ពុជាសម្រាប់ពិភពខាងក្រៅ»។
លោកស្រីថ្លែងដូច្នេះថា៖ «នៅពេលខ្ញុំចាប់ផ្ដើមស្វែងយល់ពីកម្ពុជា ភ្នំពេញប៉ុស្តិ៍គឺជាបង្អួចមួយក្នុងចំណោមបង្អួចទាំងឡាយសម្រាប់ខ្ញុំដើម្បីស្វែងយល់អំពីប្រជាជាតិកម្ពុជាឲ្យបានកាន់តែស៊ីជម្រៅ»។
លោកស្រីក៏បានសម្តែងការកោតសរសើរទៅលើកំណត់ត្រាប្រវត្តិសាស្ត្ររបស់ប្រព័ន្ធផ្សព្វផ្សាយដែលចាប់កំណើតតាំងពីឆ្នាំ ១៩៩២មួយនេះ។
លោកស្រីឯកអគ្គរដ្ឋទូតបន្តថា៖ «ស្ថានទូតហ្វីលីពីនសូមស្វាគមន៍ឱកាសសហការជាមួយភ្នំពេញប៉ុស្តិ៍នៅលើទិដ្ឋភាពនានាដើម្បីធ្វើឲ្យប្រសើរឡើងដល់វិស័យសារព័ត៌មាន និងគាំទ្រដល់បុព្វហេតុរួមដើម្បីពង្រឹងមិត្តភាពរវាងហ្វីលីពីននិងកម្ពុជា»។
លោក លី តៃសេង ចាងហ្វាងសារព័ត៌មានភ្នំពេញប៉ុស្តិ៍ និង SR Digital Media បានស្វាគមន៍លោកស្រីឯកអគ្គរដ្ឋទូតយ៉ាងកក់ក្ដៅ និងបានរៀបរាប់ត្រួសៗអំពីប្រវត្តិរបស់ភ្នំពេញប៉ុស្តិ៍ ដែលនៅតែប្រកាន់ជំហរឯករាជ្យ និងរាយការណ៍ព័ត៌មានដោយស៊ីជម្រៅ។
លោកបានមានប្រសាសន៍ថា៖ «ខ្ញុំមានសេចក្តីសោមនស្សរីករាយនិងសូមស្វាគមន៍លោកជំទាវឯកអគ្គរដ្ឋទូតក្នុងដំណើរទស្សនកិច្ចមកកាន់ការិយាល័យរបស់យើង ហើយទន្ទឹងរង់ចាំកិច្ចសហប្រតិបត្តិការជាមួយស្ថានទូតនៃសាធារណរដ្ឋហ្វីលីពីនលើបញ្ហាផ្សេងៗ រួមទាំងការលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ការផ្លាស់ប្តូរវប្បធម៌ និងមនុស្សធម៌»។
លោកស្រីឯកអគ្គរដ្ឋទូតបានថ្លែងអំពីកិច្ចសហប្រតិបត្តិការរវាងស្ថានទូតរបស់លោកស្រីនិងភាគីកម្ពុជា ដោយបានលើកឡើងពីភាពស្រដៀងគ្នារវាងប្រទេសទាំងពីរក្នុងវិស័យសិល្បៈ និងវប្បធម៌។
លោកស្រីឯកអគ្គរដ្ឋទូត និង លោក លី តៃសេង បានមើលឃើញពីទំនាក់ទំនងល្អរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យអប់រំ ដែលបច្ចុប្បន្ននេះ ពលរដ្ឋហ្វីលីពីនជាច្រើនកំពុងធ្វើការនៅក្នុងប្រទេសកម្ពុជា ដូចជាធ្វើជាគ្រូបង្រៀនជាដើម។ ទន្ទឹមនឹងនេះ ពលរដ្ឋកម្ពុជាជាច្រើនក៏បានបញ្ចប់ការសិក្សាពីប្រទេសហ្វីលីពីន រួមមានទាំងក្នុងវិស័យសារព័ត៌មានផងដែរ៕