តេលាខ្មែរ ដែលជាក្រុមហ៊ុនប្រេងឥន្ធនៈរបស់ខ្មែរ បានរៀបចំកម្មវិធីចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងទូតសុច្ឆន្ទៈ ជាមួយនិងលោកស្រី ឱក សុគន្ធកញ្ញា ដែលជាតារាចម្រៀងល្បីនៅកម្ពុជា ដោយកម្មវិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅស្ថានីយតេលាខ្មែរ ចំការមន កាលពីថ្ងៃទី៣១ ខែសីហាឆ្នាំ២០២៤ ដែលទទួលបានការអញ្ជើញចូលរួមពីវត្តមានថ្នាក់ដឹកនាំតេលាខ្មែរ អតិថិជន ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូប។
តេលាខ្មែរ ពិតជាមានសេចក្តីសោមនស្សរីករាយណាស់ ក្នុងការទទួលយកតារាចម្រៀងដ៏ល្បីក្នុងប្រទេសកម្ពុជាយើង លោកស្រី ឱក សុគន្ធកញ្ញា បានចូលរួមជាសមាជិកជាមួយគ្រួសារ តេលាខ្មែរ របស់យើងដើម្បីជាតំណាង និងជួយជំរុញចក្ខុវិស័យរបស់តេលាខ្មែរ ក្រោមរូបភាពជាទូតសុច្ឆន្ទៈ។ ពួកយើងទាំងអស់គ្នាក្នុងតេលាខ្មែរ បេ្តជ្ញាចិត្តក្នុងការចូលរួមជួយអភិវឌ្ឍជីវភាពប្រជាជនខ្មែរឱ្យបានកាន់តែប្រសើរឡើង។
លោកឧកញ៉ា ឈុន វ៉ាន់ឌី អគ្គនាយករង មានប្រសាសន៍ថា៖«តេលាខ្មែរ បានពាំនាំយកនូវសមិទ្ធផលថ្មី ដែលជាផលិតផលស្តង់ដារអន្តរជាតិដើម្បីប្រកួតប្រជែងទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជានិងក្នុងតំបន់។
«តេលាខ្មែរសូមណែនាំជូនបងប្អូនឱ្យស្គាល់ពីផលិតផលប្រេងសាំង ប្រេងម៉ាស៊ូត គីណេតិច និង ហ្គាស (LPG)ព្រីម ជាបច្ចេកវិទ្យាចុងក្រោយបំផុតពីសហរដ្ឋអាមេរិក។ ផលប្រយោជន៍សំខាន់ៗ៤យ៉ាង រួមមាន៖សន្ទុះខ្លាំង សម្អាតម៉ាស៊ីនបានល្អ អាចធ្វើដំណើរបានឆ្ងាយនិងបរិមាណគ្រប់លីត្រ»។
លោកស្រីឱក សុគន្ធកញ្ញា មានប្រសាសន៍ថា៖ «ខ្ញុំពិតជាពេញចិត្តចំពោះការសហការនេះណាស់ ក៏ព្រោះតែ តេលាខ្មែរ ជាក្រុមហ៊ុនខ្មែរ ដែលសបញ្ជាក់ពីគុណតម្លៃដែលខ្ញុំពេញចិត្តបំផុតក្នុងការបង្ហាញពី មោទនភាពនៃវប្បធម៌ខ្មែរ និងការយកចិត្តទុកដាក់ទៅលើសង្គមជាតិយើងទាំងមូល»។
«ពីមុនខ្ញុំធ្លាប់មកស្ថានីយតេលាខ្មែរដែរ តែមិនមែនជាទូតសុច្ឆន្ទៈទេ ជាអតិថិជនធម្មតា។ គ្រាន់តែខ្ញុំមកដល់ភ្លាម ខ្ញុំទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ តាមរយៈការសំពះបែបខ្មែរដ៏ទន់ភ្លន់ ហើយមានចំណុចផ្សេងៗទៀត ដូចជា បរិស្ថានល្អ មានផាសុកភាពក្នុងស្ថានីយ សេវាកម្មអតិថិជនល្អ ដែលបានដក់ជាប់ក្នុងចិត្តខ្ញុំតែម្តង»។
«បទពិសោធន៍ដែលខ្ញុំទទួលបាននេះ ធ្វើឱ្យខ្ញុំជឿជាក់កាន់តែខ្លាំង និងប្តេជ្ញាចិត្តគាំទ្រ ផ្សព្វផ្សាយ និងលើកកម្ពស់កិត្តិនាមតេលាខ្មែរឱ្យបានទូលំទូលាយ។ ក្នុងនាមខ្ញុំជាទូតសុច្ឆន្ទៈតេលាខ្មែរ ខ្ញុំមិនគ្រាន់តែជាតួតំណាងនោះទេ តែខ្ញុំនឹងប្រឹងប្រែងចូលរួមក្នុងចក្ខុវិស័យរបស់តេលាខ្មែរផងដែរ គឺអនាគតរួមគ្នា ដើម្បីធ្វើដំណើរឆ្ពោះទៅរកការផ្គត់ផ្គង់ផលិតផលដែលមានគុណភាពខ្ពស់ និងបច្ចេកវិទ្យាថ្មី តាមស្តង់ដារអន្តរជាតិ ជាពិសេស គឺចូលរួមចំណែកក្នុងការសន្សំថវិកាបានមួយកម្រិត»។
លោកឧកញ៉ា ឈុន វ៉ាន់ឌី មានប្រសាសន៍បន្ថែមថា៖ «ក្រុមហ៊ុនពិតជាមានមោទនភាពណាស់ក្នុងការនាំចូលផលិតផលគុណភាពស្តង់ដារអន្តរជាតិនេះ សម្រាប់ផ្គត់ផ្គង់ជូនប្រជាជនខ្មែរ តាមរយៈសេវាកម្មល្អ ដែលសបញ្ជាក់ពីគុណតម្លៃវប្បធម៌ខ្មែរ និងក្រោមទស្សនៈវិស័យរួមគ្នាតែមួយខ្មែរស្រឡាញ់ខ្មែរ ខ្មែរគាំទ្រខ្មែរ។ ចំពោះចក្ខុវិស័យនេះ ក្រុមហ៊ុនប្ដេជ្ញាចិត្ត ក្នុងការចូលរួមអភិវឌ្ឍ និងលើកស្ទួយប្រទេសជាតិឱ្យមានភាពរីកចម្រើនឆ្ពោះទៅមុខ «អនាគតរួមគ្នា»។
សូមបញ្ជាក់ថា តេលាខ្មែរ ជាក្រុមហ៊ុនប្រេងឥន្ធនៈរបស់ខ្មែរ ដែលមានប្រវត្តិតាំងពីទស្សវត្ស៦០មកម៉្លេះ។ បច្ចុប្បន្ន ស្ថានីយតេលាខ្មែរកំពុងតែអភិវឌ្ឍស្ថានីយចែកចាយផលិតផលប្រេងឥន្ធនៈ និង ឧស្ម័នទូទាំងព្រះរាជាណាចក្រកម្ពុជារួមទាំងបន្ថែមនូវឧស្ម័ន (LPG) ផងដែរ៕