កិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីលើកកម្ពស់ខេត្តព្រះសីហនុ
Bay of Lights Entertainment (BOLE) ដែលជាក្រុមហ៊ុនបដិសណ្ឋារកិច្ច និងគ្រប់គ្រងទ្រព្យសកម្មឈានមុខគេនៅកម្ពុជា និង Millennium Destinations (MD) ដែលជាក្រុមហ៊ុនត្រូវបានទទួលស្គាល់តាមរយៈការងារលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីប្រកបដោយនិរន្តរភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បានរួមកម្លាំងគ្នាដើម្បីជំរុញទេសចរណ៍ប្រកបដោយនិរន្តរភាពនៅកម្ពុជា។
កិច្ចសហការនេះនឹងចាប់ផ្តើមជាមួយវេទិកាផ្សព្វផ្សាយកម្ពុជា-ព្រះសីហនុ (Cambodia Branding Forum – Sihanoukville Chapter) ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយផ្តោតលើការជំរុញគុណតម្លៃ និងឱកាស តាមរយៈការអភិវឌ្ឍទេសចរណ៍ ទីផ្សារ និងម៉ាកយីហោប្រកបដោយភាពវិជ្ជមាន។
តាមរយៈការរួមកម្លាំងគ្នានៃស្ថានប័នទាំង២ នេះ មានគោលបំណងលើកកម្ពស់ឧស្សាហកម្មទេសចរណ៍ លើកកម្ពស់ការអនុវត្តវិស័យទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ និងកំណត់ទីតាំងខេត្តព្រះសីហនុជាគោលដៅដ៏ទាក់ទាញនិងប្រកួតប្រជែងសម្រាប់ភ្ញៀវទេសចរ អាជីវកម្ម និងអ្នករស់នៅឱ្យយល់ដឹងអំពីការថែរក្សាបរិស្ថាន។
សេចក្តីប្រកាសអំពីភាពជាដៃគូ
តាមរយៈសម្ព័ន្ធភាពនេះ, BOLE មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការជំរុញការអនុវត្តប្រកបដោយនិរន្តរភាព ដែលផ្តោតសំខាន់លើការគាំពារបរិស្ថានជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ច។ ភាពជាដៃគូនេះមានគោលបំណងជំរុញការផ្លាស់ប្តូរដ៏មានអត្ថន័យនៅក្នុងវិស័យទេសចរណ៍ និងការធ្វើដំណើរដើម្បីបង្កើនភាពទាក់ទាញ និងគំនិតផ្តួចផ្តើមមួយចំនួនតាមរយៈបណ្តាញទំនាក់ទំនងសង្គមនិងបណ្តាញរួមគ្នា។
ដោយមើលឃើញពីភាពកំណើនគួរឱ្យកត់សម្គាល់ក្នុងវិស័យទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ បេសកកម្មរបស់ BOLE គឺផ្តោតលើការផ្តល់នូវបទពិសោធន៍ដែលមិនអាចបំភ្លេចបាននិងមិនប៉ះពាល់បរិស្ថានសម្រាប់ភ្ញៀវទេសចរ និងអ្នកធ្វើដំណើរដែលក្រុមហ៊ុននឹងពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការទទួលខុសត្រូវសហគមន៍ និងបរិស្ថាន។
វេទិកាផ្សព្វផ្សាយកម្ពុជា - ព្រះសីហនុ Cambodia Branding Forum – Sihanoukville Chapter
BOLE និង MD ក៏មានមោទនភាពផងដែរក្នុងការប្រកាសវេទិកាផ្សព្វផ្សាយកម្ពុជា - ព្រះសីហនុ (Cambodia Branding Forum – Sihanoukville Chapter) នាពេលខាងមុខ ដែលគ្រោងធ្វើនៅថ្ងៃទី១៣ ខែធ្នូ នៅឯកន្លែងអភិវឌ្ឍន៍គម្រោង Bay of Lights ។ វេទិការួមនេះ នឹងមានការចូលរួមពីមន្ត្រីរដ្ឋាភិបាល អ្នកដឹកនាំសំខាន់ៗក្នុងឧស្សាហកម្មនេះ ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកនៅក្នុងវិស័យទេសចរណ៍ ដើម្បីពិភាក្សានិងធ្វើការតស៊ូមតិសម្រាប់យុទ្ធសាស្ត្រនិងគោលនយោបាយទេសចរណ៍ប្រកបដោយនិរន្តរភាពបន្ថែមទៀត។
អ្នកចូលរួមនឹងចែករំលែកការយល់ដឹង ធ្វើការស្វែងយល់ពីការអនុវត្តល្អបំផុត និងរួមចំណែកក្នុងការបង្កើតអនាគតប្រកបដោយការទទួលខុសត្រូវបន្ថែមទៀត សម្រាប់វិស័យទេសចរណ៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
លោក David Richard នាយកគ្រប់គ្រង Bay of Lights បានមានប្រសាសន៍ថា៖«យើងមានសេចក្តីសោមនស្សរីករាយណាស់ ក្នុងការប្រកាសជាផ្លូវការនូវកិច្ចសហការនេះ ព្រោះវាជាកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យខេត្តព្រះសីហនុ ក្លាយជាគោលដៅពិសេស»។
«តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើងក្នុងការរៀបចំវេទិកា Cambodia Branding Forum – Sihanoukville Chapter នេះ យើងអាចផ្តល់អត្ថប្រយោជន៍ដល់ទាំងផ្នែកបរិស្ថាន និងសេដ្ឋកិច្ចក្នុងតំបន់ ខណៈដែលជំរុញការពិភាក្សា ជុំវិញការអនុវត្តប្រកបដោយនិរន្តរភាព ទាំងការអនុវត្តអាជីវកម្មល្អ និងដំណោះស្រាយសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព»។
លោកស្រី Catherine Germier-Hamel ស្ថាបនិកនិងជានាយកប្រតិបត្តិនៃ Millennium Destinations មានប្រសាសន៍ថា៖ «កិច្ចសហការរបស់យើងជាមួយ Bay of Lights Entertainment ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់យើងចំពោះនិរន្តរភាពនិងការអភិវឌ្ឍសហគមន៍ ហើយយើងទាំង២ ជឿថានឹងជំរុញឱ្យមានការផ្លាស់ប្តូរខ្លាំងក្លានៅក្នុងខេត្តព្រះសីហនុ»។
«រួមគ្នា យើងនឹងបង្កើនភាពខ្លាំងរបស់យើង ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងគាំទ្រដល់កំណើនសេដ្ឋកិច្ចនៃខេត្តព្រះសីហនុ»។
សូមបញ្ជាក់ថា Bay of Lights Entertainment គឺជាក្រុមហ៊ុនឈានមុខគេផ្នែកកម្សាន្ត បដិសណ្ឋារកិច្ច និងគ្រប់គ្រងទ្រព្យសកម្មដែលមានកន្លែងកម្សាន្តដ៏ពេញនិយមបំផុតនៅខេត្តព្រះសីហនុ ដែលមានដូចជា ក្លឹបកម្សាន្ត Adventure Club, Nitro Kart Circuit និង Fly Max Reverse Bungee ជាដើម។ ក្រុមហ៊ុនដំណើរការអាជីវកម្មកម្សាន្តចម្រុះជាច្រើននៅក្នុងគម្រោងអភិវឌ្ឍន៍ Bay of Lights នៅទីក្រុងរាម ដែលជំរុញកំណើនទេសចរណ៍របស់ខេត្តព្រះសីហនុតាមរយៈសេវាកម្មពិសេសៗ និង ផ្តល់ជូនបទពិសោធន៍ដែលមិនអាចបំភ្លេចបានសម្រាប់ភ្ញៀវទេសចរ៕