ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា បានអបអរការទទួលជ័យជម្នះចំនួនពីរផ្ទួនគ្នាក្នុងពិធីប្រគល់ពានរង្វាន់គោលដៅទេសចរណ៍ពិភពលោកប្រចាំទ្វីបអាស៊ី និង អូសេអានី World Travel Awards Asia and Oceania 2024 នៅទីក្រុងម៉ានីលកាលពីយប់មិញនេះ ដោយត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនអាកាសចរណ៍ដែលមានតម្លៃទាបបំផុតឈានមុខគេនៅតំបន់អាស៊ីក្នុងរយៈពេល ៩ ឆ្នាំជាប់ៗគ្នា និងជាក្រុមហ៊ុនអាកាសចរណ៍ដែលមានសេវាបដិសណ្ឋារកិច្ចលើយន្តហោះល្អក្នុងតម្លៃទាបបំផុតឈានមុខគេនៅតំបន់អាស៊ីក្នុងរយៈពេល ៨ឆ្នាំជាប់ៗគ្នាផងដែរ។
ភាពឈានមុខគេរបស់ក្រុមហ៊ុន អ៊ែរ អេស៊ា ក្នុងប្រភេទធំៗពីរត្រូវបានលេចឡើងម្តងហើយម្ដងទៀត ដែលធ្វើឡើងដោយឆ្លងកាត់ដំណាក់កាលបោះឆ្នោតជ្រើសរើសពីសំណាក់អតិថិជន ស្ថានប័នឧស្សាហកម្មអាកាសចរណ៍ និងភ្ញៀវទេសចរណ៍រាប់លានអ្នកទូទាំងតំបន់។
យោងតាមកំណត់ត្រារយៈពេល ២៣ ឆ្នាំរបស់ខ្លួននៃកិច្ចប្រតិបត្តិការពហុមជ្ឈមណ្ឌលបណ្ដាញផ្លូវអាកាសដែលវិវត្ដក្នុងតំបន់អាស៊ី ក្រុមហ៊ុន អ៊ែរ អេស៊ា បន្តផ្តល់នូវការកែលម្អតាមបទពិសោធរបស់អតិថិជន ដោយស្របតាមការប្ដេជ្ញារបស់ខ្លួនក្នុងការផ្ដល់ជូននូវជម្រើសនៃការធ្វើដំណើរក្នុងតម្លៃទាបបំផុត។ តាមរយៈការកែលម្អជាបន្តបន្ទាប់សម្រាប់ដំណើរការកក់ ចំណុចទំនាក់ទំនងការធ្វើដំណើរ ក៏ដូចជាសេវាកម្មសម្បូរដ៏បែបចម្រុះច្រើនមុខទៀតប្រកបដោយភាពច្នៃប្រឌិតដើម្បីតម្រូវដល់ភាពងាយស្រួលសម្រាប់អតិថិជន ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ធានាទាំងការផ្ដល់នូវតម្លៃដ៏សមរម្យបំផុតនិងគុណភាពខ្ពស់ដើរទន្ទឹមគ្នា។
ចំពោះការបើកដំណើរការឡើងវិញ និងគម្រោងបើកដំណើរការប្រើប្រាស់នូវកងនាវាអាកាសចរណ៍របស់ខ្លួននាពេលខាងមុខនេះ នឹងមិនត្រឹមតែអាចនាំឱ្យក្រុមហ៊ុន AirAsia ស្វែងរកទិសដៅថ្មីៗប៉ុណ្ណោះទេ ថែមទាំងអាចពង្រីកផ្លូវហោះហើរដោយឆ្លងកាត់ទ្វីបផ្សេងៗគ្នាផងដែរ នេះជាការពិតជាក់ស្ដែងដូចនឹងការផ្ដល់ជូននូវតម្លៃដ៏សមរម្យបច្ចុប្បន្ននេះដែរ។
លោក Bo Lingam ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ AirAsia Aviation Group Limited បានលើកឡើងថា «វាពិតជាពានរង្វាន់ដ៏អស្ចារ្យមួយនឹកស្មានមិនដល់ ដែលត្រូវបានទទួលស្គាល់ដោយអ្នកបោះឆ្នោតជាច្រើន ហើយបាននាំយើងឱ្យឈ្នះពានរង្វាន់នេះ នៅក្នុងកម្មវិធីលំដាប់អន្ដរជាតិ World Travel Awards ដែលស្ដែងឱ្យឃើញពីការពេញចិត្តពេញថ្លើមពីសំណាក់ភ្ញៀវទេសចរណ៍របស់យើង។ ដោយមានសន្ទុះភ្ញៀវទេសចរណ៍កើនឡើងយ៉ាងច្រើនកុះករជាង ៨០០លាននាក់ ចាប់តាំងពីថ្ងៃដំបូងទល់រហូតមកដល់សព្វថ្ងៃនេះ ដំណើរនៃភាពរីកចម្រើនរបស់យើងផ្អែកទៅលើការបង្កើតនូវភាពច្នៃប្រឌិតថ្មីៗ និងការកែលម្អតម្រូវសម្រាប់ភាពងាយស្រួល។
«នៅក្នុងឆ្នាំ២០២៤ យើងរំពឹងថានឹងដំណើរការជើងហោះហើរចំនួន ៤៤0, 000។ ដោយសន្ទុះនៃការរីកលូតលាស់របស់យើងជាមួយនឹងយន្ដហោះ និងផ្លូវហោះហើរថ្មីៗនោះ គឺទទួលបានដោយការប្រកាន់ខ្ជាប់នូវគោលជំហរដ៏រឹងមាំនៃប្រតិបត្ដិការ និងយោងទៅតាមបទពិសោធរបស់អតិថិជនផ្ទាល់ ហើយក៏បានមកពីការស្ទង់មតិដោយផ្ដល់ពិន្ទុពីអ្នកផ្សព្វផ្សាយសុទ្ធសាធ ខណៈពេលដែលប្រតិបត្តិការហោះហើររបស់យើងបានពង្រីកច្រើនជាង ៦ដងមកហើយ ចាប់តាំងពីឆ្នាំ២០២១»។
«ពេលសម្លឹងឆ្ពោះទៅកាន់អនាគត យើងពិតជាមានក្ដីរំភើបរីករាយចំពោះផែនការរបស់យើងក្នុងការតភ្ជាប់ទៅកាន់ទ្វីបកាន់តែច្រើន ជាមួយនឹងការបន្ថែមជម្រើសជើងហោះហើរ បូករួមនឹងការផ្ដល់នូវតម្លៃដ៏សមរម្យ និងសេវាកម្មដ៏ល្អឥតខ្ចោះដល់ភ្ញៀវទេសចរណ៍របស់យើង ដោយយើងអនុវត្តតាមគោលការណ៍និរន្ដរភាពយ៉ាងយកចិត្តទុកដាក់ក្នុងប្រតិបត្តិការរបស់យើង»។
«យើងសូមអរគុណយ៉ាងជ្រាលជ្រៅដល់អ្នករៀបចំកម្មវិធី World Travel Awards ដៃគូឧស្សាហកម្មអាកាសចរណ៍របស់យើងទាំងអស់ និងភ្ញៀវទេសចរណ៍របស់យើងសម្រាប់ការជឿទុកចិត្ត និងការគាំទ្រ។ ពានរង្វាន់ទាំងនេះគឺជាសក្ខីភាពមួយដែលបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែរបស់ AirAsia Allstars ជាង ២១,000 នាក់របស់យើងដែលទទួលភ្ញៀវយ៉ាងចិត្តទុកដាក់ និងចាត់ទុកពួកគេជាវត្ថុដ៏មានតម្លៃលើសពីអ្វីៗទាំងអស់ ហើយយើងនឹងនៅតែបន្ដវិវឌ្ឍឱ្យកាន់តែប្រសើរឡើងជានិច្ច។
Suhaila Hassan នាយកក្រុមហ៊ុន AirAsia Group of Cabin Crew បានបន្ថែមថា «ការផ្ដោតលើគោលការណ៍ប្រតិបត្ដិការដ៏ល្អឥតខ្ចោះរបស់យើងតាមរយៈការផ្ដល់នូវជើងហោះហើរក្នុងតម្លៃទាបនេះ បានជំរុញឱ្យមានផលប្រយោជន៍ច្រើនក្នុងការចំណាយដ៏សមរម្យបំផុត ស្របពេលយើងកំពុងបន្ដលើកកម្ពស់គុណភាពសេវាកម្មបន្ថែមផ្សេងៗទៀត។ ជាមួយនឹងអ្នកបម្រើការលើយន្ដហោះ ៥000 នាក់ដែលជាអ្នកផ្ដល់សេវាកម្មដ៏មានជំនាញ និងឆ្លងកាត់បទពិសោធបម្រើភ្ញៀវលើយន្ដហោះរាប់លាននាក់ពីមួយឆ្នាំទៅមួយឆ្នាំ ក្រុមហ៊ុន អ៊ែរ អេស៊ា ក៏បានជាប់ឈ្មោះជាជម្រើសអាកាសចរណ៍ល្អជាងគេ ដែលមានសេវាបដិសណ្ឋារកិច្ចលើយន្តហោះល្អលើសពីតម្លៃដែលចំណាយនៅតំបន់អាស៊ីក្នុងរយៈពេល ៨ឆ្នាំជាប់ៗគ្នា នេះហើយដែលបញ្ជាក់ឱ្យឃើញពីការប្ដេជ្ញារបស់ពួកគេ និងជំរុញឱ្យយើងនៅតែបន្ដវិវឌ្ឍន៍ថែមមួយកម្រិតទៀត»។
លោក Graham Cooke ស្ថាបនិក និងជាប្រធាននៃកម្មវិធីពានរង្វាន់គោលដៅទេសចរណ៍ពិភពលោក World Travel Awards ក៏មានប្រសាសន៍ផងដែរថា «ក្រុមហ៊ុន AirAsia នៅតែបន្តគ្រប់គ្រងពានរង្វាន់សម្រាប់សេវាកម្មជើងហោះហើរដែលមានតម្លៃទាបជាងគេនេះ។ សូមអបអរសាទរដល់ក្រុមហ៊ុន អ៊ែរ អេស៊ា ដែលបានធ្វើសម្រេចម្តងទៀតនៅក្នុងប្រភេទពានរង្វាន់សំខាន់ៗចំនួនពីរនៅទូទាំងទ្វីបអាស៊ី និងអាស៊ីប៉ាស៊ីហ្វិក។ ហើយយើងនឹងទន្ទឹមរង់ចាំមើលក្រុមហ៊ុន AirAsia Group នឹងលេចខ្ពស់ឡើងជាបន្តបន្ទាប់ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ»។
គួរបញ្ជាក់ផងដែរថា៖ ក្រុមហ៊ុន Airline Group ក៏ត្រូវបានទទួលស្គាល់នៅក្នុងឆ្នាំ២០២៤ ថាជាក្រុមហ៊ុនអាកាសចរណ៍ដែលមានតម្លៃទាបបំផុតក្នុងពិភពលោករយៈពេល ១៥ឆ្នាំជាប់ៗគ្នា ហើយត្រូវបានទទួលស្គាល់ថាជាអាកាសចរណ៍ដែលមានសុវត្ថិភាពជាងគេលើពិភពលោកក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ដែលមានតម្លៃជើងហោះហើរទាបដទៃទៀត។
ជាមួយគ្នានេះដែរ ដោយស្របតាមកិច្ចខិតខំប្រឹងប្រែងដើរតាមគោលការណ៍និរន្ដរភាព ដោយរួមបញ្ចូលទាំងជាមួយកិច្ចសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈក្នុងវិស័យឧស្សាហកម្មអាកាសចរណ៍របស់ខ្លួន ក្រុមហ៊ុន AirAsia ត្រូវបានឈរក្នុងចំណាត់ថ្នាក់របស់យុទ្ធនាការកិច្ចគាំពារដើម្បីនិរន្ដរភាពបរិស្ថាន Gold Environmental Sustainability ដែលត្រូវបានវាយតម្លៃនិងត្រួតពិនិត្យរបាយការណ៍ដោយមជ្ឈមណ្ឌលអាកាសចរណ៍ CAPA-Envest Global Airline Sustainability Benchmarking Report ក្នុងឆ្នាំ២០២៣។
កាន់តែពិសេសបំផុតនោះ ដើម្បីជាការអបអរជ័យជម្នះដ៏អស្ចារ្យនេះ ក្រុមហ៊ុន AirAsia នឹងផ្តល់ជូននូវតម្លៃប្រូម៉ូសិនសម្រាប់ជើងហោះហើរក្នុងស្រុកពីរាជធានីភ្នំពេញទៅខេត្តសៀមរាប ព្រមទាំងជើងហោះហើរអន្តរជាតិពីរាជធានីភ្នំពេញទៅកូឡាឡាំពួរក្នុងតម្លៃចាប់ពី ៤៩ដុល្លារក្នុងមួយជើង។
សម្រាប់ជើងហោះហើរទាំងអស់ អ្នកអាចកក់បានចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ តាមរយៈកម្មវិធីទូរស័ព្ទដៃ AirAsia MOVE (អតីត airasia Superapp) និងគេហទំព័រ airasia.com ចំពោះការធ្វើដំណើរចាប់ពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦។
** តម្លៃសំបុត្រហោះហើរក្នុងមួយជើង បានរួមបញ្ចូលទាំងពន្ធអាកាសយានដ្ឋាន ថ្លៃបន្ថែមប្រេង និងថ្លៃសេវាកម្មផ្សេងៗតាមការអនុវត្ត។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។