ធនាគារ ឈីហ្វ ឈានចូលឆ្នាំ២០២៥ ជាមួយនឹងការប្តេជ្ញាចិត្តជាថ្មីចំពោះទំនុកចិត្ត វិជ្ជាជីវៈ ក្រមសីលធម៌ និងទំនាក់ទំនងល្អជាមួយអតិថិជនជាកត្តាជំរុញដ៏សំខាន់សម្រាប់បន្តភាពជោគជ័យរបស់ខ្លួន។
បណ្ឌិត សឿង ម៉ូរ៉ារិទ្ធ ប្រធាននាយកប្រតិបត្តិនៃធនាគារ ឈីហ្វ ជឿជាក់ថាគោលការណ៍ទាំងនេះ ដែលជាចំណុចស្នូលនៃប្រតិបត្តិការរបស់ខ្លួននឹងជួយបន្តនាំផ្លូវដល់ធនាគារក្នុងបរិយាកាសហិរញ្ញវត្ថុដែលមានការបម្រែបម្រួលយ៉ាងលឿន និងជំរុញឱ្យមានការរីកចម្រើនបន្ថែមទៀត។
បណ្ឌិត សឿង ម៉ូរ៉ារិទ្ធ មានជំនឿចិត្តថា គុណតម្លៃស្នូល និងវិធីសាស្រ្តអាជីវកម្មរបស់ធនាគារ នឹងបន្តពង្រឹងស្ថាប័នមួយនេះសម្រាប់ច្រើនឆ្នាំទៅមុខទៀត។
លោកបណ្ឌិតបានមានប្រសាសន៍ថា ៖«ទំនុកចិត្ត វិជ្ជាជីវៈ និងក្រមសីលធម៌ គឺជាសសរស្តម្ភដែលនាំយើងឱ្យឆ្លងកាត់គ្រប់ដំណាក់កាលនៃការរីកចម្រើន ហើយនឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ភាពជោគជ័យរបស់យើងនៅឆ្នាំ២០២៥ និងឆ្នាំបន្តបន្ទាប់»។
លោកបណ្ឌិតបន្ថែមថា ៖«យើងមានក្រុមការងាររឹងមាំ វិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិត និងគំរូអាជីវកម្មល្អ ដើម្បីបំពេញតម្រូវការអតិថិជនរបស់យើង សម្រាប់ទាំងពេលបច្ចុប្បន្ន និងអនាគត»។
ការប្តេជ្ញាចិត្តរបស់ធនាគារចំពោះការអនុវត្តក្រមសីលធម៌នេះ គឺត្រូវបានឆ្លុះបញ្ចាំងនៅក្នុងយុទ្ធសាស្ត្ររបស់ខ្លួនក្នុងការធ្វើអាជីវកម្ម។ ដូចដែលបណ្ឌិត សឿង ម៉ូរ៉ារិទ្ធ បានលើកឡើង «ធនាគារ ឈីហ្វមានការប្តេជ្ញាចិត្តខ្ពស់ ដោយផ្តោតសំខាន់លើភាពស្មោះត្រង់ និងយុទ្ធសាស្រ្តអាជីវកម្មរយៈពេលវែងជាងគិតលើផលចំណេញក្នុងរយៈពេលខ្លី។
យើងផ្តោតលើការកសាងទំនាក់ទំនងដ៏រឹងមាំ សុចរិតភាព និងប្រកបដោយនិរន្តរភាពជាមួយអតិថិជន ហើយវិធីសាស្រ្តប្រកបដោយក្រមសីលធម៌ចំពោះអាជីវកម្មគឺធានាថា យើងនឹងបន្តបម្រើអតិថិជនប្រកបដោយប្រសិទ្ធភាព»។
កំណើន និងការពង្រីកវិសាលភាព៖ មូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ពេលអនាគត
ធនាគារ ឈីហ្វ បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនក្នុងខែធ្នូ ឆ្នាំ២០១៣ ហើយមកដល់ឆ្នាំ២០២៥ នេះទ្រព្យសកម្មសរុបរបស់ធនាគារបានកើនឡើងគួរឱ្យកត់សម្គាល់ ជាមួយនឹងការកើនឡើងនៃកម្លាំងការងារ និងអតិថិជន។
ធនាគារ ឈីហ្វ ទទួលបានការរីកចម្រើនយ៉ាងខ្លាំង ចាប់តាំងពីត្រូវបានបង្កើតឡើងមក ជាមួយនឹង ដើមទុនចុះបញ្ជីដំបូងចំនួន ១០ លានដុល្លារ ដោយវិវត្តន៍ពីធនាគារឯកទេស ទៅជាធនាគារពាណិជ្ជពេញលេញនៅឆ្នាំ២០១៨។
វឌ្ឍនភាពនេះត្រូវបានមើលឃើញតាមរយៈការកើនឡើងគួរឱ្យកត់សម្គាល់នៃប្រាក់បញ្ញើសរុបដែលលើសពី ១៨៨ លានដុល្លារ និងទ្រព្យសកម្មសរុបលើសពី ២៧៨ លានដុល្លារគិតត្រឹមខែធ្នូ ឆ្នាំ២០២៤។
ធនាគារ ឈីហ្វ សម្រេចបានតាមផែនការប្រតិបត្តិការរបស់ខ្លួនសម្រាប់ឆ្នាំ ២០២៤ និងឆ្នាំសារពើពន្ធខាងមុខ ដែលជំរុញដោយភាពជឿនលឿនផ្នែកឌីជីថល បទប្បញ្ញត្តិល្អ និង គំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្រក្នុងការផ្សព្វផ្សាយ។
បណ្ឌិត សឿង ម៉ូរ៉ារិទ្ធ បានចាត់ទុកភាពជោគជ័យរបស់ធនាគារទៅនឹងទស្សនសាជីវកម្មរបស់ខ្លួនគឺ "The Chief Way" ដែលផ្តល់អាទិភាពដល់ទំនុកចិត្តលើគ្នាទៅវិញទៅមក និងភាពជាដៃគូជាមួយអតិថិជន។
លោកបណ្ឌិតបានសង្កត់ធ្ងន់ថា ៖«យើងផ្ដោតលើការកសាងទំនាក់ទំនងល្អរយៈពេលវែង ដោយផ្អែកលើទំនុកចិត្ត។ វិធីសាស្រ្តរបស់យើងត្រូវបានរួមបញ្ចូលនៅក្នុងវិជ្ជាជីវៈ និងភាពស្មោះត្រង់ ហើយជឿជាក់ថា នេះគឺជាគន្លឹះនៃភាពរីកចម្រើនរួមគ្នាទាំងធនាគារ និងអតិថិជន»។
នៅឆ្នាំ២០២៥ នេះ ធនាគារ ឈីហ្វ នឹងបន្តការពង្រីកវិសាលភាពរបស់ខ្លួនជាមួយនឹងការបើកដំណើរការអភិវឌ្ឍថ្មី ដែលទីស្នាក់ការកណ្តាលថ្មីគឺនៅក្នុង Chief Tower មានទីតាំងនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស កែងនឹងផ្លូវ ៣២២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្នុងរាជធានីភ្នំពេញ។ អគារស្នាក់ការកណ្តាលថ្មីនេះ ត្រូវបានកំណត់ថា ជាផ្នែកដ៏សំខាន់មួយនៃការរីកចម្រើនជាយុទ្ធសាស្រ្តរបស់ធនាគារ។
ទីតាំងនេះស្ថិតនៅតំបន់ពាណិជ្ជកម្មដ៏សំខាន់ ទីស្នាក់ការកណ្តាលរបស់ធនាគារ ឈីហ្វ នៅក្នុងអគារ Chief Tower នឹងផ្តល់នូវភាពងាយស្រួលកាន់តែប្រសើរ សម្រាប់ទាំងអតិថិជន និងដៃគូ ខណៈដែលនឹងបង្កើនវត្តមានរបស់ធនាគារនៅក្នុងតំបន់ពាណិជ្ជកម្មដ៏លេចធ្លោមួយនៅក្នុងទីក្រុង។
បណ្ឌិត សឿង ម៉ូរ៉ារិទ្ធ បានលើកឡើងពីសារៈសំខាន់នៃការអភិវឌ្ឍថ្មីនេះ ដោយមានប្រសាសន៍ថា៖« ទីស្នាក់ការកណ្តាលថ្មីរបស់យើងមិនមែនគ្រាន់តែជានិមិត្តរូបនៃការរីកចម្រើនរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែជាសក្ខីភាពមួយបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងចំពោះនវានុវត្តន៍ ទំនុកចិត្ត និងឧត្តមភាពសេវាកម្ម»។
ការយកចិត្តទុកដាក់បន្តរបស់ធនាគារលើតម្រូវការរបស់អតិថិជន គឺបង្ហាញឱ្យឃើញនៅក្នុងផ្នែកសេវាកម្មដែលបំពេញបន្ថែមដល់វត្តមានរបស់ខ្លួន រួមទាំងកម្មវិធីប្រាក់កម្ចីខ្នាតតូចបែបឌីជីថលដ៏លេចធ្លោរ “Chief Easy” និងភាពជាដៃគូជាមួយប្រព័ន្ធទូទាត់ឌីជីថលដូចជា ប្រព័ន្ធទូទាត់បាគងរបស់ធនាគារជាតិនៃកម្ពុជា CSS និងKHQR ជាដើម។
Chief Easy អនុញ្ញាតឱ្យអតិថិជនស្នើសុំប្រាក់កម្ចីបានរហូតដល់ ៥០០០ ដុល្លារ ដោយមិនត្រូវការទ្រព្យបញ្ចាំតាមរយៈទូរស័ព្ទដៃ ហើយទទួលបានការឆ្លើយតបក្នុងរយៈពេល ២៤ ម៉ោងនៅថ្ងៃធ្វើការ។ គំនិតផ្តួចផ្តើមនេះគាំទ្រដល់បរិយាប័ន្នហិរញ្ញវត្ថុដោយផ្តល់នូវភាពងាយស្រួលក្នុងការទទួលបានឥណទានផ្លូវការទៅតាមគោលបំណងផ្ទាល់ខ្លួន។
កម្មវិធី Chief Mobile 3.0 ដែលត្រូវបានធ្វើបច្ចុប្បន្នភាព ត្រូវបានរចនាឡើងដើម្បីបង្កើនបទពិសោធន៍របស់អ្នកប្រើប្រាស់ ដោយផ្តល់នូវការប្រើប្រាស់កាន់តែងាយស្រួលសម្រាប់តម្រូវការសេវាកម្មធនាគារឌីជីថល។
ធនាគារ ឈីហ្វ គ្រោងបន្តពង្រីកបណ្តាញសាខាបន្ថែមទៀតនៅក្នុងតំបន់ដែលមានសក្ដានុពលខ្ពស់ក្នុងរាជធានីភ្នំពេញ និងទីរួមខេត្តសំខាន់ៗ។
យុទ្ធសាស្រ្តនេះ រួមជាមួយនឹងការខិតខំប្រឹងប្រែងចំពោះការផ្លាស់ប្ដូរឌីជីថល ដែលជួយដល់ធនាគារ ក្នុងការបំពេញតម្រូវការអតិថិជនឲ្យកាន់តែល្អបន្ថែមទៀត និងពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះបរិយាប័ន្នហិរញ្ញវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
រក្សាភាពស្មោះត្រង់ជាតម្លៃស្នូល ចំពោះបញ្ហាប្រឈម
ភាពធន់ និងកំណើនជាលំដាប់របស់ធនាគារ ឈីហ្វ ក៏កើតឡើងដោយសារតែគោលនយោបាយគ្រប់គ្រងហានិភ័យដ៏រឹងមាំរបស់ខ្លួនផងដែរ។
បណ្ឌិត សឿង ម៉ូរ៉ារិទ្ធ បានសង្កត់ធ្ងន់ថា ធនាគារតែងតែផ្តល់អាទិភាពដល់ការគ្រប់គ្រងហានិភ័យ និងសុចរិតភាពដោយធានាថា រាល់ការសម្រេចចិត្តគឺស្របតាមចក្ខុវិស័យ រយៈពេលវែងរបស់ខ្លួន និងជាមួយបេសកកម្មរបស់ខ្លួន ក្នុងការក្លាយជាដៃគូហិរញ្ញវត្ថុដែលមានទំនុកចិត្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងតំបន់អាស៊ាន។
លោកមានប្រសាសន៍ថា ៖ «យើងផ្តោតលើការគ្រប់គ្រងហានិភ័យដោយប្រុងប្រយ័ត្ន និងជាមធ្យោបាយដែលគាំទ្រដល់កំណើនប្រកបដោយនិរន្តរភាព សម្រាប់អតិថិជន និងអាជីវកម្ម។ វិធីសាស្រ្តនេះបានជួយឱ្យយើងរក្សាស្ថិរភាពនៅក្នុងវិស័យហិរញ្ញវត្ថុដែលកំពុងវិវឌ្ឍន៍យ៉ាងឆាប់រហ័សនេះ»។
ខណៈពេលដែលធនាគារ ឈីហ្វ ឈានចូលដល់ឆ្នាំ២០២៥ ការបន្តផ្តោតលើការទំនុកចិត្ត វិជ្ជាជីវៈ ក្រមសីលធម៌ ទំនាក់ទំនងប្រកបដោយសុចរិតភាព និងនវានុវត្តន៍ ធ្វើឱ្យយើងឈរលើទីតាំងដ៏ល្អមួយសម្រាប់អភិវឌ្ឍខ្លួនបន្ថែមទៀត។ ដោយមានការគាំទ្រឥតងាករេរបស់អតិថិជន បុគ្គលិកប្រកបដោយសមត្ថភាព និងការគាំទ្រផ្នែកច្បាប់យ៉ាងរឹងមាំពីធនាគារជាតិនៃកម្ពុជា បណ្ឌិត សឿង ម៉ូរ៉ារិទ្ធ មានទំនុកចិត្តថា ធនាគារនឹងមិនត្រឹមតែសម្រេចបានតាមគោលដៅប៉ុណ្ណោះទេ ប៉ុន្តែអាចលើសពីគោលដៅរបស់ខ្លួនក្នុងឆ្នាំខាងមុខ។
លោកថ្លែងថា ៖«យើងឈានចូលដល់ឆ្នាំ២០២៥ ជាមួយនឹងចក្ខុវិស័យច្បាស់លាស់៖ ដើម្បីបន្តធ្វើជាដៃគូហិរញ្ញវត្ថុដែលទំនុកចិត្តសម្រាប់អតិថិជន រក្សាស្តង់ដារក្រមសីលធម៌ខ្ពស់បំផុត និងរួមចំណែកដល់កំណើនហិរញ្ញវត្ថុ និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា»។
ជាមួយនឹងការបើកដំណើរការទីស្នាក់ការកណ្តាលនៅក្នុង Chief Tower នាពេលខាងមុខនេះ និងការបន្តការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការអនុវត្តធុរកិច្ចប្រកបដោយក្រមសីលធម៌ធនាគារ ឈីហ្វ បានកំណត់សម្រាប់ភាពជោគជ័យជា បន្តនៅក្នុងវិស័យហិរញ្ញវត្ថុដែលមានការប្រកួតប្រជែង និងផ្លាស់ប្តូរជានិច្ច។
ធនាគារនៅតែផ្តោតលើការកសាងទំនាក់ទំនងរយៈពេលវែងដោយសុចរិតភាព និងការជំរុញទំនុកចិត្ត ដែលជាធាតុផ្សំដ៏សំខាន់សម្រាប់កំណើនប្រកបដោយនិរន្តរភាព និងវិបុលភាពនៅកម្ពុជា។
ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥ នេះ បណ្ឌិត សឿង ម៉ូរ៉ារិទ្ធ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសធនាគារជាតិនៃកម្ពុជា (NBC) អគ្គនាយកដ្ឋានពន្ធដារ (GDT) និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ក៏ដូចជាដៃគូអាជីវកម្មរបស់ធនាគារ និងអតិថិជនទាំងអស់៕