Content image - Phnom Penh Post

កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ ក្រុមហ៊ុន Acteus Group បាន​បរិច្ចាគ​ម៉ាស់ N95 ចំនួន ១០ ០០០ ម៉ាស់​ដល់​អង្គការ Pour Un Sourire D’Enfant ឬ​ហៅថា​អង្គការ​ដើម្បី​ភាពញញឹម​នៃ​កុមារ (PSE) ដែលជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​សប្បុរសធម៌​របស់ខ្លួន ដើម្បី​ជួយ​ដល់​កុមារ​ក្រីក្រ ក្នុង​អំឡុងពេល​នៃ​ការផ្ទុះ​ជំងឺ​កូវីដ​ ១៩ នៅ​កម្ពុជា​។

Acteus Smile គឺជា​កម្មវិធី​សប្បុរសធម៌​របស់​ក្រុមហ៊ុន Acteus Group​។ ចាប់តាំងពី​ការផ្ទុះ​ឡើង​នៃ​មេរោគ​កូរ៉ូណា​នៅ​ជុំវិញ​ពិភពលោក អាជីវកម្ម និង​សាលារៀន​ត្រូវ​បាន​រងផលប៉ះពាល់​ដោយសារ​ការបិទទ្វារ​ជា​បណ្តោះអាសន្ន ហើយ​កុមារ​មួយចំនួន​មិនមាន​លទ្ធភាព​ទទួលបាន​សម្ភារ​ការពារ​ត្រឹមត្រូវ​នោះទេ​។

ក្នុង​គ្រា​ដ៏លំបាក​នេះ អង្គការ​សប្បុរសធម៌​បាន​សហការ​ជាមួយ​សហគមន៍​ពាណិជ្ជកម្ម​អន្តរជាតិ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​បរិច្ចាគ​សម្ភារ​ការពារ​មួយ​ចំនួន​ដូចជា​ម៉ាស់​ជាដើម ដើម្បី​ធានាថា​មាន​ការផ្គត់ផ្គង់​សម្ភារ​ទាំងនោះ​គ្រប់គ្រាន់ ក្នុង​អំឡុងពេល​មាន​ជំងឺ​រាតត្បាត​នេះ​។

លោក Pierre Combedimanche អ្នក​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន Acteus បាន​ថ្លែងថា​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​រវាង​កម្មវិធី Acteus Smile និង​អង្គការ PSE គឺ​ដើម្បី​លើកកម្ពស់​សុខុមាលភាព​របស់​កុមារ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ លោក​មានប្រសាសន៍​ថា​៖ «​ការបរិច្ចាគ​នៅថ្ងៃនេះ​គឺជា​ផ្នែក​មួយ​របស់​កម្មវិធី Acteus Smiles ក្នុងការ​ចូលរួមចំណែក​របស់ខ្លួន​ ដើម្បី​ជួយ​លើកកម្ពស់​សុវត្ថិភាព​កុមារ​កម្ពុជា​ក្នុងអំឡុងពេល​មាន​ជំងឺ​រាតត្បាត​កូវីដ​ ១៩»​។

ត្រូវ​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​ ១៩៩៦ ដោយ​លោកស្រី Marie-France និង​លោក Christian des Pallières អង្គការ SPE គឺជា​អង្គការ ក្រៅ​រដ្ឋាភិបាល​មួយ​មាន​មូលដ្ឋាន​នៅក្នុង​ទីក្រុង​ភ្នំពេញ ដែល​ផ្តោតលើ​តម្រូវការ​របស់​កុមារ​កម្ពុជា ដើម្បី​ផ្តល់ឱ្យ​ពួកគេ​នូវ​ឱកាស​ ដើម្បី​សម្រេចបាន​នូវ​សក្តានុពល​ពេញលេញ​របស់​ពួកគេ ដូច្នេះ​ពួកគេ​អាច​ចូលរួមចំណែក​ដល់​សង្គម​ជាតិ​បាន​យ៉ាង​វិជ្ជមាន​។

លោកស្រី Marie-France des Pallières មាន​ប្រសាសន៍​ថា​៖ «​គោលដៅ​របស់​យើង​គឺ​ផ្តល់​ការថែទាំ និង​ការអប់រំ​ដល់​កុមារ ដើម្បី​ឱ្យ​ពួកគេ​ទទួលបាន​ការបណ្តុះបណ្តាល​ពេញលេញ ជាមួយ​ជំនាញ​សម្រាប់​ការងារ​ដែល​មាន​ប្រាក់ខែ​ល្អ និង​មាន​គុណភាព​។ បច្ចុប្បន្ន​មាន​អតីត​សិស្ស​ប្រហែល ៤ ៥០០ នាក់​កំពុង​បំពេញ​ការងារ​បែបនេះ​។ យើង​ផ្តល់​អាហារ ៦ ០០០ កញ្ចប់​ក្នុង​ ១ ​ថ្ងៃ​ផ្តល់​ការប្រឹក្សា​សុខភាព ១ ៥០០ ​នាក់​ក្នុង​ ១ ​សប្តាហ៍ និង​បើក​វគ្គ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចំនួន​ ២០ ​វគ្គ​»​។

បេសកកម្ម​របស់​ពួកគេ​ត្រូវបាន​សង្ខេប​ដោយ​ពាក្យ​ «​ចេញពី​ភាពក្រីក្រ​..​ទៅដល់​ភាពរុងរឿង​!» ដោយ​ពាក្យស្លោក​នេះ​បាន​ជំរុញ​បុគ្គលិក​ចំនួន ៦០០ ​នាក់​របស់​ពួកគេ​ឱ្យ​ផ្តល់​សេវាកម្ម​ផ្សេងៗ​ដល់​ទុរគតជន អ្នក​ដែល​ត្រូវបាន​គេ​ធ្វើបាប និង​រំលោភបំពាន និង​កុមារ​ដែល​មិនបាន​រៀនសូត្រ ដូច្នេះ​ពួកគេ​អាច​គេច​ផុតពី​ភាពក្រីក្រ​ខ្លាំង​។

អង្គការ​សប្បុរសធម៌​នេះ​បានទទួល​កុមារ​ចំនួន ៦ ៥០០ និង​ទទួល​កុមារ​បន្ថែម​ជា​រៀងរាល់ឆ្នាំ ដោយ​ផ្តល់​អាហារ ទីជម្រក ការថែទាំ​សុខភាព ការអប់រំ ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​ការឧបត្ថម្ភ​ដល់​ក្រុមគ្រួសារ ហើយ​ជំនួយ​របស់​កម្មវិធី Acteus Smiles គឺជា​ផ្នែក​មួយ​នៃ​ការងារ​សប្បុរសធម៌​នេះ​៕ រូបថត សហការី