យុវតី​ចិន​កាន់​តែ​ច្រើន​ប្រឈម​នឹង​ជំងឺ​ផ្លូវ​ចិត្ដ​ បាយ​​មិន​នឹក​ ទឹក​មិន​ស្រេក

Content image - Phnom Penh Post
នារី​ចូលរួម​ដោះ​ស្បៃ​អាពាហ៍ពិពាហ៍​និមិត្ត​រូបស្ដែង​​ពី​ការ​ស្រឡាញ់​ខ្លួន​ឯង​​​​។ រូបថត AFP

ក្រុងសៀងហៃ៖ ដល់​ចំណុច​កំពូល​នៃ​ជំងឺ​ផ្លូវ​ចិត្ដ​ បាយ​មិន​នឹក​ទឹក​មិន​ស្រេក ហ្សាង គីនវេន មាន​ទម្ងន់​ប៉ុន​ក្មេង​តូច​ម្នាក់​ប៉ុណ្ណោះ​។ សក់​ជ្រុះ​ស្ទើរ​រលើង​ក្បាល កញ្ញា​មិន​អាច​ដើរ និង​កម្រ​បង្ហាញ​មុខ​ឱ្យ​គេ​ឃើញ​ណាស់​។

យុវតី​វ័យ ២៣ ​ឆ្នាំ ដែល​បច្ចុប្បន្ន​ជា​អ្នក​ដឹក​នាំ​យុទ្ធនាការ​លាត​ត្រដាង​​បញ្ហា​នេះ​តាមរយៈ​ការ​ធ្វើ​​ពិព័រណ៍​នៅ​ក្រុង​សៀងហៃ​ បាន​និយាយ​ថា៖ «​ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ពិត​ជា​មិន​ស្រួល​ខ្លួន​​​នោះ​ទេ តែ​កាល​នោះ​ខ្ញុំ​មិន​ហ៊ាន​ទៅ​ជួប​វេជ្ជបណ្ឌិត​»។

ខណៈ​ជំងឺ​អត់​ឃ្លាន​អាហារ​អាច​ប៉ះពាល់​មនុស្ស​គ្រប់​រូប ការ​សិក្សា​បស្ចិម​ប្រទេស​ជាច្រើន​បាន​បញ្ជាក់​ថា ភាគ​ច្រើន​វា​កើត​លើ​ក្មេង​ស្រី​ជំទង់​ និង​ស្ដ្រី​វ័យ​ក្មេង​ ដែល​ញាំញី​បន្ថែម​ដោយ​រោគ​ផ្លូវ​ចិត្ដ​នានា​។

កញ្ញា​ ហ្សាង ដែល​មាន​ទម្ងន់​ត្រឹម​តែ ២៨ ​គីឡូក្រាម មុន​ពេល​ចូល​ដល់​មណ្ឌល​ថែទាំ​សុខភាព​កម្រិត​ធ្ងន់​ថា​៖ «​ខ្ញុំ​រង​នូវ​ឥទ្ធិពល​ពី​អ៊ីនធឺណិត និង​មិន​សូវ​មាន​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង​»។

កញ្ញា ហ្សាង ដែល​បាន​សិក្សា​នៅ​ចក្រ​ភព​អង់គ្លេស​បាន​និយាយ​បែប​ប្រៀប​ធៀប​ថា៖ «​នៅ​ប្រទេស​ចិន យើង​អាច​និយាយ​ជាមួយ​មនុស្ស​ជា​ច្រើន រួមទាំង​អ្នក​ប្រឹក្សា​យោបល់ និង​គ្លីនិក​មិន​ជំនាញ ហើយ​ក៏​ប្រហែល​ពួក​គេ​មិន​ដឹង​អ្វី​ទៅ​ជា​ជំងឺ​អត់​ឃ្លាន​អាហារ និង​របៀប​ជួយ​សង្គ្រោះ​»។

នៅ​ក្រុង​សៀងហៃ គ្លីនិក​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ដ​មួយ​បាន​ឱ្យ​ដឹង​ថា ខ្លួន​បាន​ព្យាបាល​អ្នក​​ជំងឺ​អត់​ឃ្លាន​អាហារ​ត្រឹម​តែ​​ ៣ ​ករណី​​ ក្នុង​ឆ្នាំ​ ២០០២ តែ​មាន​​មនុស្ស ៥៩១ ​នាក់​ ដែល​រក​ឃើញ​ថា​ បាន​​ជួប​បញ្ហា​ស្រដៀង​គ្នា​នេះ​ក្នុង​ឆ្នាំ​ ២០១៨​។

Content image - Phnom Penh Post
កញ្ញា​ ហ្សាង ដែល​ជាអតីត​និស្សិត​រៀន​នៅប្រទេស​អង់គ្លេស បង្ហាញ​រូបថត​គ្រា​ដែល​នាង​មានជំងឺ​​មិនឃ្លានអាហារ​​​។ រូបថត AFP

អ្នក​កើត​ជំងឺ​អត់​ស្រេក​ឃ្លាន​កាន់​តែ​ច្រើន​បាន​ឈាន​ដល់​ការ​សន្និដ្ឋាន​ថា បញ្ហា​នេះ​គឺ​ជា «​បាតុភូត​ពី​បរទេស​​» ដែល​​​ទើប​កើត​មាន​នៅ​ប្រទេស​ចិន​ នា​ពេល​ថ្មីៗ​នេះ​។

កញ្ញា ​ស៊ី ហ្វៃឡុង ដែល​ជួប​បញ្ហា​រោគ​អត់​ឃ្លាន​អាហារ​តាំង​ពី​អាយុ ១៣ ​ឆ្នាំ​ និង​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បាន​និយាយ​ថា​៖ «​ខ្ញុំ​មាន​សម្បុរ​ខ្មៅ និង​ធាត់​ ដែល​វា​​ខុស​អ្វី​ដែល​គេ​គិត​ថា​ ស្អាត​គឺ​មាន​សម្បុរ​ស សម្រស់​ក្មេង និង​ស្គម​»។

និស្សិត​វ័យ ២១ ​ឆ្នាំ បាន​និយាយ​ពេល​ទៅ​ទស្សនា​ពិព័រណ៍​របស់ ហ្សាង គីនវេន ​ថា៖ «​ប៉ុន្ដែ​ស្ថិត​ក្នុង​ដំណាក់កាល​ធូរ​ស្រាល​​បន្ដិច​ម្ដង​ៗ ខ្ញុំ​យល់​​ថា ​ខ្ញុំ​មាន​សម្បុរ​ស្បែក​ប្រកប​ដោយ​សុខុមាលភាព​ រាងកាយ​រឹង​មាំ​ និង​បេះដូង​ដែក​ថែប​ គឺ​ជា​រឿង​សំខាន់​បំផុត​ក្នុង​ពិភព​លោក​នេះ​»។

អ្នក​ដឹកនាំ​យុទ្ធនាការ​​លើក​ទឹក​ចិត្ត​យុវតី​ឱ្យ​ឃ្លាត​ឆ្ងាយ​ពី​ជំងឺ​ផ្លូវ​ចិត្ត កញ្ញា ហ្សាង ពាក់​ស្បៃ​អាពាហ៍​ពិពាហ៍​​លើ​ក្បាល រួច​និយាយ​ថា​៖ «​យើង​តែងតែ​មាន​អារម្មណ៍​ថា រាង​កាយ​​​យើង​ខ្វះ​នេះ​ ខ្វះ​នោះ​ជា​ច្រើន​។ អាពាហ៍ពិពាហ៍​​និមិត្តរូប​បែប​នេះ​ចង់​បង្ហាញ​ប្រាប់​ថា​ យើង​ពិត​ជា​ស្រឡាញ់​ខ្លួន​ប្រាណ​របស់​​យើង​»៕ AFP/HR

ព័ត៌មានថ្មីៗ