ស្វែងយល់ពីបញ្ហាផ្លូវចិត្ដ និងដំណោះស្រាយរបស់កុមារអូទីសឹម ក្នុងបរិបទជំងឺកូវីដ ១៩

ភ្នំពេញ៖ មនុស្សគ្រប់រូបរមែងជួបនូវបញ្ហាតានតឹងនៃផ្លូវចិត្ដ បង្កឡើងពីវិបត្ដិកូវីដ ១៩ រួមទាំងកុមារពិការភាពខួរក្បាលអូទីសឹមផងដែរ។
កុមារអូទីសឹមក៏មានបញ្ហាស្មុគស្មាញផ្លូវចិត្ដ ពីការរឹតត្បិតសកម្មភាពលេងកម្សាន្ដនៅខាងក្រៅ ដោយឪពុកម្ដាយបារម្ភចំពោះសុវត្ថិភាពផ្នែកសុខភាពរបស់ពួកគេ។
លោក ហឿ សេធុល ជាស្ថាបនិកសាលារៀនអប់រំពិសេស KCPS Counseling and Psycho-Education Services និងប្រធានសមាគមអ្នកប្រឹក្សាយោបល់ និងអ្នកចិត្ដសាស្ដ្រនៅកម្ពុជាបាននិយាយថា៖ «កុមារអូទីសឹម ក៏ចេះកើតស្ដ្រេសដែរ ហើយមានឪពុកម្ដាយជាច្រើនទាក់ទងមកខ្ញុំអំឡុងពេលវិបត្ដិកូវីដនេះ។ KCPS បានបង្ខំចិត្ដបង្ហើបទ្វារសាលាបន្ដិចសម្រាប់កុមារអូទីសឹមដែលជួបការលំបាកបំផុត និងឪពុកម្ដាយទាល់ដៃទាល់ជើងខ្លាំងមែនទែន»។
លោកប្រាប់អំពីដំណោះស្រាយខ្លះៗថា៖ «មានក្មេងជាច្រើនប្រឈមមុខនឹងភាពតានតឹង មួម៉ៅ រហូតដល់គាត់ធ្វើបាបខ្លួនឯង ផ្លាស់ប្ដូរអាកប្បកិរិយា ហើយសកម្មភាពសកម្មរបស់គាត់កើនឡើង ពីព្រោះក្នុងបរិបទកូវីដ គាត់មិនចេញទៅណា ឪពុកម្ដាយជាប់រវល់ ធ្វើឱ្យពួកគាត់ជួបការលំបាក»។
អ្នកជំនាញសុខភាពផ្លូវចិត្ដរូបនេះ បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «ឪពុកម្ដាយភាគច្រើនអាចយល់ចិត្ដកូនបាន ទោះបីជាគាត់អូទីសឹមក៏ដោយ។ គាត់អាចស្វែងយល់តាមរយៈអាកប្បកិរិយារបស់កូននីមួយៗបាន។ ទោះកូនអត់អាចនិយាយបានយ៉ាងណា តែរាល់សកម្មភាពរបស់គាត់ជាភាសាមួយបង្ហាញយើង»។
លោកបន្ដថា៖ «នៅពេលគាត់មានភាពតានតឹង គួររកពេលវេលានៅជាមួយគាត់ឱ្យបានច្រើន ឬចំណាយពេលខ្លះ កុំទុកគាត់នៅម្នាក់ឯង ពីព្រោះគាត់ត្រូវការទំនាក់ទំនង ការយល់ចិត្ដ និងការថ្នាក់ថ្នមដូចក្មេងធម្មតា»។

ចំពោះកុមារមានអាកប្បកិរិយាមិនល្អ ដូចជា ការធ្វើបាបខ្លួនអ្នកផ្ដល់ប្រឹក្សាផ្នែកចិត្ដសាស្ដ្ររូបនេះ បានណែនាំឪពុកម្ដាយឱ្យនាំគាត់ចេញក្រៅ ទៅកន្លែងណាបរិយាកាសល្អ និងព្យាយាមសង្កេតមើលចំណង់ចំណូលចិត្ដរបស់គាត់ និងព្យាយាមបំពេញឱ្យគាត់មួយចំនួន។ ប៉ុន្ដែកុំភ្លេចគម្លាតសង្គម ដើម្បីសុវត្ថិភាព។
លោកបានបង្ហើបពីការសង្កេតកូនថា ពេលមើលឃើញថា កូនមានទឹកមុខស្រពាប់ស្រពោន តើឪពុកម្ដាយត្រូវធ្វើអ្វី? គាត់អាចចង់ចេញក្រៅ ចង់មានសកម្មភាពហក់លោត ចង់លេងអីជាដើម លើកលែងសកម្មភាពបង្កគ្រោះថ្នាក់ ដែលឪពុកម្ដាយត្រូវព្យាយាមហាមឃាត់។
លោកបានបញ្ជាក់ថា៖ «កុមារអូទីសឹមក៏មានការគិតរបស់ពួកគេដែរ គ្រាន់តែជាការគិតខុសប្លែកពីមនុស្សទូទៅ និងជាការគិតក្នុងពិភពរបស់លោក។ យើងព្យាយាមចូលទៅក្នុងពិភពរបស់ពួកគេឱ្យបានច្រើន ទើបយើងបានដឹង។ កុំចូលជាលក្ខណៈខ្លួនយើង ចូរសម្របទៅក្នុងពិភពរបស់ពួកគេ»។
ក្មេងអូទីសឹមខ្លះចូលចិត្ដតោង និងឡើង ដោយសារបម្រែបម្រួលសារធាតុគីមីក្នុងរាងកាយរបស់គាត់ ត្រូវតែធ្វើឱ្យពួកគាត់សកម្ម។ ចូររកទីធ្លាដើម្បីផ្ដល់ឱកាសឱ្យគាត់លេង។ ចូរកុំទប់ស្កាត់សកម្មភាពគាត់ ដែលអាចបង្កឱ្យមានលេចឡើងនូវអាកប្បកិរិយាអវិជ្ជមានបន្ថែមទៀត។
ស្ថាបនិកសាលាអប់រំពិសេស KCPS បានបន្ថែមថា៖ «កុមារម្នាក់ទៀត ចូលចិត្ដលេងទឹក ហើយនៅពេលគាត់មកសាលាភ្លាម គាត់ដោះខោអាវ និងរត់ទៅរកលេងទឹកតែម្ដង។ ដូច្នេះ យើងត្រៀមទឹកសម្រាប់គាត់លេង ប្រមាណ ១០ នាទី។ នៅពេលគ្រប់ពេលវេលា យើងយកគាត់ចេញ ទោះបីជាគាត់យំយ៉ាងណាក៏ដោយ។ ថ្ងៃក្រោយ គាត់ដឹងថា ខ្លួនឯងត្រូវលេងត្រឹមពេលវេលាកំណត់ណាមួយ ហើយគាត់ក៏លែងយំទៀតដែរ»។
ក្រៅពីឱ្យកុមារធ្វើសកម្មភាពតាមចំណូលចិត្ត អាណាព្យាបាលក៏អាចស្វែងយល់ពីកូនអូទីសឹមបន្ថែមតាមរយៈអំណានដូចជាសៀវភៅ «ឪពុកម្ដាយកុមារអូទីសឹម» មាន ៤០ ទំព័រ តម្លៃ ១ ម៉ឺនរៀល ចងក្រងដោយអ្នកគ្រូ សុខ សុគន្ធមាលា បង្រៀននៅសាលាអប់រំពិសេស KCPS ក៏ត្រូវបានបោះពុម្ពជាមួយសៀវភៅ ២ ប្រភេទ របស់លោក សេធុល ផងដែរ។

លោក សេធុល បានបន្ដថា៖ «គាត់មានទេពកោលស្យធ្វើការជាមួយកុមារអូទីសឹម គួបផ្សំនឹងការពង្រឹងសមត្ថភាពគាត់បន្ថែម។ ខ្ញុំលើកទឹកចិត្ដឱ្យគាត់ចងក្រងជាសៀវភៅ ពីព្រោះជាង ២ ឆ្នាំកន្លងមក យើងបានសិក្សាស្រាវជ្រាវច្រើនទាំងការអាន និងជួលគ្រូពីបរទេសផង គាត់អាចសរសេរសៀវភៅ។
នៅក្នុងសៀវភៅនេះ ចំណុចចម្បងបំផុត ឪពុកម្ដាយត្រូវស្គាល់ថា តើអ្វីទៅជាអូទីសឹម? តើកុមារអូទីសឹមមានលក្ខណៈបែបណា?
ការអប់រំដល់កុមារអូទីសឹមក៏ជាគោលដៅមួយរបស់អ្នកចិត្ដវិទ្យារូបនេះ ពីព្រោះការបង្កើតសាលាអប់រំពិសេសនេះ ផ្ដោតលើការបង្រៀនក្មេងផង និងអភិវឌ្ឍធនធានមនុស្សផង តាមរយៈការបណ្ដុះបណ្ដាលគ្រូ។
លោកបានបង្ហាញពីបំណងថ្ងៃអនាគតថា៖ «ខ្ញុំចង់ឱ្យសាលារបស់យើងក្លាយជាទីកន្លែងមួយ (Resource Center) ផ្ដល់ចំណេះដឹងដល់ឪពុកម្ដាយ និងកុមារអូទីសឹម ក៏ដូចជាអ្នកចង់ចាប់យកជំនាញផ្នែកអូទីសឹមនេះ រួមទាំងការព្យាបាលផ្លូវចិត្ដ និងការអប់រំក្មេងជំទង់»៕