ការសិក្សា៖ ក្មេងប្រុស ងាយទទួលរងការធ្វើបាបផ្លូវចិត្ត និងរាងកាយក្នុងកីឡា
ម៉ូណាកូ៖ កុមារ ៣ ភាគ ៤ បានប្រឈមមុខនឹងការរំលោភបំពានក្នុងកីឡា ហើយក្មេងប្រុសទំនងជាក្លាយជាជនរងគ្រោះជាងក្មេងស្រី។ នេះបើយោងតាមការសិក្សាលើបុគ្គលជាង ១ម៉ឺននាក់នៅក្នុងប្រទេសអឺរ៉ុបចំនួន ៦ ក្នុងការស្រាវជ្រាវដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍។
ទម្រង់នៃការរំលោភបំពានទូទៅបំផុត ដែលកុមារទទួលរងការចូលរួមក្នុងកីឡានៅក្រៅសាលា គឺផ្លូវចិត្ត រាប់ចាប់ពីកង្វះការសរសើរលើកទឹកចិត្ត រហូតដល់ការធ្វើឱ្យអាម៉ាស់មុខ។
ជិត ២ភាគ៣ នៃអ្នកដែលបានស្ទង់មតិចំពោះការរំលោភបំពានលើកុមារក្នុងកីឡា៖ ការសិក្សាស្ថិតិអឺរ៉ុប (CASES) បាននិយាយថា ពួកគេបានទទួលរងការរំលោភបំពានផ្លូវចិត្ត ខណៈដែល ៤៤ភាគរយបានជួបប្រទះអំពើហិង្សាលើរាងកាយ។
អ្នកដឹកនាំរបាយការណ៍នេះ គឺសាស្ត្រាចារ្យ ម៉ៃក៍ ហារទីល នៃសាកលវិទ្យាល័យ Edge Hill ក្នុងប្រទេសអង់គ្លេស បាននិយាយថា ការរកឃើញនេះបង្ហាញថា អ្នកដែលគ្រប់គ្រងកីឡានៅអឺរ៉ុបបានធ្វើកិច្ចការ «តិចតួចពេក» ដើម្បីការពារកុមារក្នុងកីឡា ហើយពួកគេត្រូវតែធ្វើរឿងវិជ្ជមាន «ច្រើនជាងការផលិតគោលនយោបាយ»។
លោក ហារទីល បាននិយាយថា៖ «ការរកឃើញរបស់យើងច្បាស់ជាមានការព្រួយបារម្ភយ៉ាងខ្លាំង។ យើងបានឃើញករណីជាច្រើននៃការរំលោភបំពានលើកុមារក្នុងកីឡាក្នុងរយៈពេលថ្មីៗនេះ ប៉ុន្តែការស្រាវជ្រាវនេះជួយយើងឱ្យយល់អំពីទំហំនៃបញ្ហាកាន់តែច្បាស់»។
ការសិក្សាដែលដឹកនាំដោយសាកលវិទ្យាល័យ Edge Hill និងសាកលវិទ្យាល័យ Wuppertal ក្នុងប្រទេសអាល្លឺម៉ង់ បានសាកសួរបុគ្គលដែលមានអាយុចន្លោះពី ១៨ ទៅ ៣០ឆ្នាំ ដែលបានចូលរួមក្នុងកីឡានៅពេលពួកគេមានអាយុក្រោម ១៨ឆ្នាំ៕ AFP
