ភ្នំពេញៈ នៅប្រទេសកម្ពុជា ជំងឺមហារីកសុដន់ និងមហារីកមាត់ស្បូន ត្រូវចាត់ទុកថាជាប្រភេទជំងឺដែលមានចំនួនច្រើនជាងគេសម្រាប់ស្ត្រី។ ជានិច្ចកាលភាគច្រើន អ្នកដែលរងគ្រោះ ដោយសារជំងឺមហារីកទាំង ២ នេះបានចេញរោគសញ្ញាស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងររួចទៅហើយ ដែលការព្យាបាលមិនអាចក្លាយជាជម្រើសតទៅទៀតបាន។
សិក្ខាសាលាស្តីពីសុខភាពជាមួយអ្នកជំនាញវេជ្ជសាស្ត្រក្រោមប្រធានបទ «ខ្ញុំជាអ្នករួចជីវិតពីជំងឺមហារីកស្ត្រី តើខ្ញុំត្រូវបានការពារពីជំងឺមហារីកដទៃទៀតដែរឬទេ?» រៀបចំដោយមន្ទីរសម្រាកព្យាបាល ស៊ីង ស្ពេសីលីស មេឌីខល សិនធ័រ ដែលមានវាគ្មិនកិត្តិយស លោកស្រីវេជ្ជបណ្ឌិត See Hui Ti វេជ្ជបណ្ឌិតផ្នែកជំងឺមហារីកមកពីមជ្ឈមណ្ឌលផ្នែកជំងឺមហារីកផាកវ៉េ សិង្ហបុរី បានធ្វើការអធិប្បាយពីជំងឺមហារីកទូទៅរបស់ស្ត្រី ហានិភ័យ កម្មវិធីពិនិត្យសុខភាព និងការព្យាបាលនៃដំណាក់កាលនីមួយៗនៃជំងឺមហារីក និងបរិយាយអំពីជំងឺមហារីកពោះវៀន ដែលជាជំងឺមានអត្រាប្រឈមខ្ពស់លំដាប់ទី៣ផងដែរ។
បើតាមបទបង្ហាញពីលោកស្រីវេជ្ជបណ្ឌិត See Hui Ti បានឱ្យដឹងថា៖ «មហារីកពោះវៀនធំ គឺជាមហារីកទូទៅបំផុតដែលកើតមិនរើសភេទទាំងបុរស និងស្ត្រី តែងតែរកឃើញរោគវិនិច្ឆ័យជាញឹកញាប់ បានកើនឡើងបន្តបន្ទាប់ ក្នុងរយៈពេល ៤០ឆ្នាំចុងក្រោយនេះ តាំងពីឆ្នាំ ១៩៧១ មកហើយវាស្ថិតក្នុងលំដាប់ទី៣ បន្ទាប់ពីជំងឺមហារីកសុដន់ និងមហារីកសួត ដែលកើតលើស្ត្រីនៅសិង្ហបុរី។ កត្តាប្រឈមធំបំផុត គឺអាយុលទ្ធភាពនៃការវិវឌ្ឍទៅជាមហារីកពោះវៀនធំកើនឡើងពេលមនុស្សមានវ័យកាន់តែចាស់ ជាពិសេសហានិភ័យនេះកើនឡើងខ្លាំងចំពោះអ្នកមានអាយុចាប់ពី ៥០ ឆ្នាំឡើងទៅ។ មានការកើនឡើងនៃការរស់រាន មានជីវិតបានយូររបស់អ្នកជំងឺក្រោយធ្វើរោគវិនិច្ឆ័យថា មានជំងឺមហារីកពោះវៀនធំនេះ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញពីការយល់ដឹងកាន់តែ ច្រើនពីការការពារ និងការព្យាបាល។ កាលណារករោគវិនិច្ច័យបានលឿន ឱកាសនៃការរស់រានមានជីវិត ក៏មានកាន់តែច្រើនដែរ»។
លោកស្រីបន្តថា៖ «ការសិក្សាជាច្រើនបានបង្ហាញថា មហារីកពោះវៀនធំមានទំនាក់ទំនង នឹងរបៀបរស់នៅ ការញ៉ាំសាច់ក្រហម និងអាហារកែច្នៃ បង្កើនហានិភ័យក្នុងការកើតជំងឺនេះ។ ប៉ុន្តែការញ៉ាំសាច់ក្រហមតិចជាង ១៥០ ក្រាម ក្នុង ១ ថ្ងៃមិនអីទេ ខណៈភ័ស្តុតាងបង្ហាញថា អាហារជាតិសរសៃមានប្រសិទ្ធភាពខ្ពស់ក្នុងការទប់ស្កាត់ជំងឺនេះ ជារួមមានអំណះអំណាងជាច្រើនបង្ហាញថា ការញ៉ាំអាហារជាតិសរសៃជាពិសេស ជាតិសរសៃពីគ្រាប់ធញ្ញជាតិអាចកាត់បន្ថយនូវហានិភ័យក្នុងការកើតមហារីកពោះវៀនធំបាន។ ការធាត់ក៏បង្កើនហានិភ័យក្នុងការកើតមហារីកពោះវៀនធំដែរ ជាពិសេសបុរស ប៉ុន្តែបច្ចុប្បន្ននេះក៏កើតឡើងចំពោះស្ត្រីដែរ»។
លោកស្រី ប៉ូលីន តាន ដែលជានាយិកាប្រតិបត្តិនៃមន្ទីរសម្រាកព្យាបាល ស៊ីង ស្ពេសីលីស មេឌីខល សិនធ័រ (Sing Specialists Medical Centre) ឱ្យដឹងពីការរៀបចំសិក្ខាសាលាស្តីពីសុខភាពពាក់ព័ន្ធនឹងជំងឺមហារីកថា៖ «ដោយសារតែជំងឺមហារីក គឺនៅតែជាឃាតករឆក់យកជីវិតមនុស្សលំដាប់ទី៣ លើសកលលោក ក៏ដូចជានៅកម្ពុជា។ អំឡុង ២ ឆ្នាំ ជួបវិបត្តិកូវីដ ១៩ នេះ មនុស្សហាក់ដូចបានភ្លេចខ្លួនគិតពីជំងឺផ្សេងៗ រួមទាំងជំងឺមហារីកផងដែរ។ វាជាឱកាសល្អមួយក្នុងការផ្សព្វផ្សាយពីការស្វែងយលពីជំងឺមហារីក និងអាចចែករំលែកព័ត៌មាននេះដល់សាធារណជនដែរ»៕