កំពង់ឆ្នាំង: ដោយចង់ក្លាយជាសហគ្រិនស្ដ្រីម្នាក់ ដែលប្រកាន់ជំហរជួយដល់សហគមន៍ និងសង្គមទៅតាមលំនាំរបស់ឪពុក អ្នកស្រី ឌី វិជ្ជរ៉ា បានសម្រេចបង្កើតសិប្បកម្មផ្កាដូង កែច្នៃផលិតផលដូងទុំខ្មែរ។
សិប្បកម្មផ្កាដូងជាសហគ្រាសសង្គម ដែលមានជំនាញផលិតប្រេងដូងបរិសុទ្ធស្ទួយសុខភាព និងផលិតផលពីដូងទុំជាច្រើនប្រភេទទៀត ដោយតបស្នងដល់ប្រទេសជាតិវិញជាមួយការផ្ដល់ការងារ និងប្រកបអាជីវកម្មមិនបង្កផលប៉ះពាល់ដល់បរិស្ថាន។
ម្ចាស់សិប្បកម្មផ្កាដូង ដែលមានមូលដ្ឋាននៅក្នុងខេត្ដកំពង់ឆ្នាំងនេះ អ្នកស្រី វិជ្ជរ៉ា អាយុ ៣៤ ឆ្នាំ បានប្រាប់ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «អាជីវកម្មនេះត្រូវបានបង្កើតឡើងនៅខែមេសា ឆ្នាំ ២០១៨ ដោយសារតែនាងខ្ញុំបានស្វែងរកគោលដៅជីវិតរបស់ខ្លួនឯង និងយល់ឃើញថា ខ្ញុំចង់ក្លាយជាសហគ្រិនស្ដ្រី ដែលប្រកបជំនួញដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌ខ្ពស់ និងអាចផ្ដល់ផលប្រយោជន៍បែបឈ្នះ-ឈ្នះទៅដល់គ្រប់ភាគីពាក់ព័ន្ធ រួមទាំងបរិស្ថានផងដែរ»។
អ្នកស្រីមានចំណូលចិត្ដធ្វើការងារសង្គមតាំងពីតូចដោយយកគំរូតាមលោកឪពុក ដែលបានបង្កើតការងារដល់បុរសៗ ៧ ភូមិតាមរយៈការងារសុចរិត។ វាជាការចងចាំនូវកេរមរតកពីឪពុក ដែលធ្វើឱ្យអ្នកស្រីមានការប្ដេជ្ញាចិត្ដខ្ពស់ក្នុងការបន្ដជួយដល់ប្រជាជននៅក្នុងស្រុកកំណើត។
អ្នកស្រី វិជ្ជរ៉ា ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្មឱ្យដឹងថា៖ «ជាក់ស្ដែង យោងតាមឯកសារគោលដៅអភិវឌ្ឍន៍នៃឃុំតាជេស [ស្រុកកំពង់ត្រឡាច] បានបង្ហាញថា បុរសពេញកម្លាំង ៩០ ភាគរយនៅក្នុងឃុំតាជេសមិនទទួលបានឱកាសការងារក្នុងតំបន់ឡើយ។ នេះជាហេតុដែលពួកគេត្រូវបង្ខំចិត្ដធ្វើចំណាកស្រុកទៅប្រទេសថៃ»។
សហគ្រាសផ្កាដូង ប្រើប្រាស់ផលិតផលជាវត្ថុធាតុដើមគោលតែ ១ សម្រាប់ផលិតជាផលិតផលជាច្រើន និងផ្ដល់មុខរបរទៅដល់អ្នកភូមិជាច្រើន។
អ្នកស្រីបន្ដថា៖ «ខ្ញុំបានជ្រើសរើសដូងទុំខ្មែរ ព្រោះថាយើងអាចកែច្នៃជាផលិតផលសម្រេចជាច្រើនអស់ពីលទ្ធភាព មិនបន្សល់កាកសំណល់គ្រោះថ្នាក់ដល់បរិស្ថានឡើយ»។
ផលិតផលដូងទុំខ្មែរដែលសហគ្រិនស្ដ្រីរូបនេះធ្វើការកែច្នៃគឺ ប្រេងដូងបរិសុទ្ធ ដែលជាផលិតផលចម្បងរបស់សហគ្រាស ផ្កាដូង ផើងផ្កាសម្បកដូងទុំ ចានត្រឡោកដូង ស៊ុមប៉ាន់តែផលិតពីសម្បកដូងទុំ ប្រេងក្រអូប និងម្សៅធ្យូងកាបូន។
ទោះបីជានីតិវិធីនៃការផលិតប្រេងដូងផ្ដើមពីការប្រើប្រាស់ម៉ាស៊ីនកិនជាខ្ទិះដូងយ៉ាងណាក៏ដោយ ក៏ការចម្រាញ់មិនត្រូវបានប្រើវិធីសាស្ដ្រកម្ដៅ ឬសារធាតុគីមីផ្សេងៗនោះទេ។ ខ្ទិះដូងត្រូវបានផ្អាប់ទុក រួចដួសត្រងប្រេងដែលរងនៅផ្នែកខាងលើនៃខ្ទិះដូង។
អ្នកស្រី វិជ្ជរ៉ា រំលេចអត្ថប្រយោជន៍សុខភាព និងសម្រស់របស់ផលិតផលដូងទុំខ្មែរថា ប្រេងដូងបរិសុទ្ធជាម៉ាក្រូសារជាតិដែលរាងកាយត្រូវការចាំបាច់ពី ២០ ទៅ ៣៥ ភាគរយ ដើម្បីផលិតភ្នាសកោសិកាថ្មីក្នុងការផ្ដល់ថាមពលដល់រាងកាយលើសជាតិស្ករ ២ ដង ពង្រឹងប្រព័ន្ធភាពស៊ាំ ដុតកូលេស្តេរ៉ូលមិនល្អ សម្រួលប្រព័ន្ធរំលាយអាហារ ជួយឱ្យស្បែកតឹងភ្លឺពីខាងក្នុងសក់រលាស់រលោងស្អាត និងក្រចករឹងមាំ។
ដូងបរិសុទ្ធត្រូវបានអះអាងថា អាចប្រើសម្រាប់មនុស្សគ្រប់វ័យចាប់ពី ៦ ខែឡើង ក្នុងបំណងឱ្យពោះវៀនបឺតស្រូបវីតាមីនចម្រុះជាច្រើន ក៏ដូចជាជួយលើសន្លាក់ថែមទៀត។
អ្នកស្រីបានឱ្យដឹងថា៖ «ប្រេងដូងបរិសុទ្ធជួយបញ្ហាស្បែកខូច ស្បែកចាស់ និងស្បែកស្ងួតខ្លាំងឱ្យមានសំណើម និងជារនាំងការពារស្បែក។ បើអ្នកមានបញ្ហាស្បែកដូចជា របួសស្បែក និងត្រអកពិតជាចាំបាច់ត្រូវការប្រេងដូងបរិសុទ្ធ ព្រោះវាផ្ទុកសារធាតុ Antimicrobial និង anti-inflammatory ជួយព្យាបាលបញ្ហាទាំងនេះបាន»។
អ្នកស្រីបន្តថា៖ «ប្រេងដូងបរិសុទ្ធក៏ជួយការពារសង្វារបាន ៩៩,៩ ភាគរយ សម្អាតផ្ទៃមុខ និងលាងគ្រឿងសម្អាង រួមទាំងការសម្រកទម្ងន់ រក្សាទម្ងន់រាងកាយ និងពន្យារភាពចាស់»។
អ្នកស្រី វិជ្ជរ៉ា ដែលរមែងថតបង្ហាញវីដេអូបរិយាយអត្ថប្រយោជន៍ផលិតផលប្រេងដូងបានបន្ដថា៖ «ប្រេងដូងបរិសុទ្ធគឺជាសមាសធាតុដែលមិនអាចខ្វះបានក្នុងការផលិតជាសាប៊ូពីព្រោះវាមានមុខងារសម្អាតស្បែកខ្ពស់បំផុតលើសប្រេងនានា ព្រមទាំងធ្វើឱ្យសាប៊ូរឹងល្អ និងមានពពុះច្រើន»។
ស្ដ្រីដែលផ្សព្វផ្សាយពីការប្រើប្រាស់ផលិតស្ទួយបរិស្ថានផងនោះបានបន្ដថា៖ «ចំណែកឯបច្ចេកទេសផលិតចានត្រឡោកដូង និងម្សៅធ្យូងកាបូន គឺចំណាយពេលយូរខ្លាំងណាស់»។
សិប្បកម្មផ្កាដូង ក៏បានបញ្ជាទិញស្មុគស្លឹកត្នោតពីសហគមន៍តម្បាញស្ដ្រីនៅឃុំជំទាវជ្រែង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដើម្បីឱ្យពួកគាត់អាចបន្ដការងារដែលពេញចិត្ដ ព្រមទាំងអាចផ្ដល់ប្រាក់ចំណូលបន្ថែមមួយចំណែកទៀត។
ជាការចូលរួមជាមួយសង្គម សហគ្រាសផ្កាដូងបានបង្កើតការងារ ទិញដូងទុំពីកសិករ ទិញស្មុគពីសហគមន៍តម្បាញស្ដ្រីផ្ដល់ឱកាសដល់និស្សិតផ្នែកកសិកម្មចុះកម្មសិក្សានៅទីតាំងផលិត ចូលរួមចំណែកលើកកម្ពស់វិស័យកសិកម្មក្នុងស្រុក និងការកសាងសេដ្ឋកិច្ចជាតិផងដែរ។
អ្នកស្រី វិជ្ជរ៉ា និយាយថា បច្ចុប្បន្ននេះ ផលិតផលពីដូងរបស់អ្នកស្រីត្រូវបានដាក់លក់រាយនៅតាមអនឡាញ ឱសថស្ថាន និងផ្សារធម្មជាតិ និងក្នុងព្រឹត្ដិការណ៍តាំងបង្ហាញផលិតផលខ្មែរផ្សេងៗទៀត ខណៈការបោះដុំត្រូវបានចែកចាយដល់ក្រុមហ៊ុនក្នុងស្រុកដែលផលិតផលិតផលថែសម្រស់ និងអង្គការធំៗ ដែលផលិតសាប៊ូ។
យ៉ាងណាមិញ អ្នកស្រីបានត្អូញត្អែរថា ផលិតផលដូងទុំខ្មែរនៅមិនទាន់ទទួលជោគជ័យពេញលេញ ខណៈថ្លៃដើមខ្ពស់ខ្លាំង មិនទាន់អាចកែច្នៃឱ្យអស់លទ្ធភាពដោយសារតម្រូវការទីផ្សារទាប និងកង្វះដើមទុន ក៏ដូចជាបច្ចេកទេសធ្វើការពិសោធលើផលិតផលថ្មីៗទៅតាមតម្រូវការទីផ្សារ។
ក្នុងបំណងចង់បានការគាំទ្រច្រើនពីពលរដ្ឋក្នុងស្រុក បន្ថែមពីលើការពេញចិត្តរបស់អតិថិជនជាជប៉ុន កូរ៉េ និងអឺរ៉ុប អ្នកស្រីបានលើកឡើងថា៖ «គ្រប់យ៉ាងចាប់ផ្តើមពីខ្ញុំ ហើយខ្ញុំបានធ្វើវាហើយសម្រាប់អ្នក ដោយផលិតបានជាផលិតផលដែលរាងកាយរបស់អ្នកត្រូវការ មិនផ្ទុកសារធាតុគីមីថែមទៀត តើអ្នកគាំទ្រឬទេ? ខ្ញុំជាអ្នកផលិត ព្រមទាំងប្រើប្រាស់រាល់ផលិតផលខ្មែរស្ទើរគ្រប់យ៉ាងដែលខ្ញុំមានលទ្ធភាពទិញបាន ជាពិសេស ផលិតផលអាហារខ្មែរ សម្ភារប្រើប្រាស់ គ្រឿងតុបតែងលម្អកាយ និងផ្ទះ ពីព្រោះខ្ញុំចង់ឃើញការផ្លាស់ប្តូរដោយចាប់ផ្តើមពីខ្ញុំ និងគ្រួសារខ្ញុំ»។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ Facebook page: @phkadoung៕