ជាទូទៅស្ត្រីតែងតែមានការលំបាក នៅថ្ងៃមករដូវ ហើយការប្រើសំឡីអនាម័យ ពេលខ្លះក៏អាចធ្វើឱ្យមានអារម្មណ៍រមាស់ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ប្រសិនបើអ្នកមករដូវច្រើន អ្នកក៏ចាំបាច់ត្រូវតែផ្លាស់ប្តូរសំឡីច្រើនផងដែរ។
ជាញឹកញាប់ ស្ត្រីមិនដែលមានអារម្មណ៍ស្រណុកចិត្តនៅពេលដែលដើរងើបចេញពីកៅអីរបស់ខ្លួន ដោយមិនងាកមើលក្រោយឡើយ បើមិនអ៊ីចឹង ក៏ត្រូវប្រាប់ឱ្យអ្នកផ្សេងជួយពិនិត្យមើលថា តើមានការជ្រាបចេញរដូវរបស់នាង ឬអត់ផងដែរ។
ប៉ុន្តែសព្វថ្ងៃនេះ ជម្រើសផ្សេងគ្នាជាច្រើន ត្រូវបានបង្កើតឡើង ជាពិសេសសម្រាប់ស្ត្រី ក្នុងការទទួលបានអារម្មណ៍ថា មានសុវត្ថិភាពពេលមករដូវ ហើយជម្រើសមួយ ក្នុងចំណោមនោះគឺ ខោទ្រនាប់សម្រាប់ការមករដូវ។
Amala Periods ដែលជាផលិតផលសម្រាប់ការមករដូវប្រកបដោយនិរន្តរភាព និងអាចប្រើប្រាស់វិញបាននោះ ត្រូវបានផលិតឡើងជាលើកដំបូងកាលពីខែមេសា ឆ្នាំ ២០២១ ដោយស្ថាបនិកចក្រភពអង់គ្លេសគឺអ្នកស្រី Sarah Udin។
ផលិតផលនេះ បានដោះស្រាយរាល់ភាពអសន្តិសុខទាំងអស់របស់ស្ត្រី នៅថ្ងៃមករដូវ។ ក្រៅពីជួយឱ្យខ្លួនអ្នកទទួលបាននូវសុខភាពមករដូវកាន់តែល្អប្រសើរ វាក៏ជួយដល់បរិស្ថានផងដែរ។
អ្នកស្រី Sarah Udin ឆ្លងកាត់ជីវិតការងារផ្សេងៗជាច្រើន ដូចជា អ្នកធ្វើផែនការសម្រាប់ពិធីរៀបអាពាហ៍ពិពាហ៍ និងព្រឹត្តិការណ៍នានា ជាគ្រូបង្រៀនភាសាអង់គ្លេស អ្នកគ្រប់គ្រងរមណីយដ្ឋាន ជិះស្គី និងជាអ្នកវិភាគទិន្នន័យនៅក្រុមហ៊ុន Amazon។ ជាមួយគ្នានេះ អ្នកស្រីក៏មានបទពិសោធរយៈពេល ១០ ឆ្នាំ ក្នុងនាមជាគ្រូបង្វឹកកាយសម្ព័ន្ធផងដែរ ប៉ុន្តែ អ្នកស្រីតែងតែសុបិនចង់មានអាជីវកម្មប្រកបដោយនិរន្តរភាព និងផ្តោតលើស្ត្រីដោយខ្លួនឯង។
ស្ត្រីដែលរៀនចប់ថ្នាក់បរិញ្ញាបត្រភាសាបារាំង និងអាល្លឺម៉ង់ និងបានសិក្សាលើផ្នែកសហគ្រិនភាពសង្គមរូបនេះ បាននិយាយថា ដំបូងឡើយ អ្នកស្រី បានមកទស្សនកិច្ចនៅកម្ពុជាក្នុងឆ្នាំ ២០១២ ក្នុងនាមជាភ្ញៀវទេសចរ។ អ្នកស្រី បានមកទស្សនកិច្ចជាលើកទី២ ក្នុងឆ្នាំ ២០១៩ និងបានមករស់នៅកម្ពុជា ក្នុងរយៈពេល ១ ឆ្នាំក្រោយមក។
អ្នកស្រី Udin បាននិយាយថា៖ «ក្រោយពីបានចំណាយពេលលំហែនៅកម្ពុជា ខ្ញុំបានដឹងថា នេះគឺជាកន្លែងដ៏ល្អឥតខ្ចោះក្នុងការធ្វើឱ្យសុបិនរបស់ខ្ញុំក្លាយជាការពិត ពីព្រោះផលិតផលនេះ មិនទាន់មាននៅទីនេះឡើយ។ ខ្ញុំតែងតែមករដូវក្នុងរយៈពេលយូរ ច្រើន និងមានការឈឺចាប់ផងដែរ។ ក្រោយពីបានប្រើប្រាស់ផលិតផលប្លាស្ទិកសម្រាប់ការមករដូវអស់រយៈពេលជាច្រើនឆ្នាំ និងមិនល្អសម្រាប់រាងកាយរបស់ខ្ញុំ ការចំណាយរបស់ខ្ញុំ ឬបរិស្ថាន ខ្ញុំបានបង្កើតបេសកកម្មរបស់ខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយកាន់តែល្អប្រសើរ»។
អ្នកស្រីបានបន្តថា៖ «ខ្ញុំបានចាប់ផ្តើមប្រើប្រាស់ខោទ្រនាប់សម្រាប់ការមករដូវ ក្នុងឆ្នាំ ២០១៧ ក្នុងពេលរស់នៅចក្រភពអង់គ្លេស ហេតុនេះ ខ្ញុំចង់ចែករំលែកអត្ថប្រយោជន៍របស់ខោទ្រនាប់ការមករដូវមួយនេះ ជាមួយនឹងអ្នកដែលមានរដូវ នៅកម្ពុជា ហេតុនេះ ខ្ញុំបានចាប់ផ្តើមជាមួយនឹងខោទ្រនាប់ Amala Periods»។
អ្នកស្រី Udin និងដៃគូអាជីវកម្មរបស់អ្នកស្រី បានជ្រើសរើសយកឈ្មោះ Amala ដោយសារតែពាក្យនេះមានន័យថា «ការខ្វះភាពមិនបរិសុទ្ធ» ឬស្អាតស្អំ ក្នុងភាសាសំស្ក្រឹត។
នៅកម្ពុជា មានភស្តុ័តាងមួយបង្ហាញថា ការមករដូវ គឺជារឿងគួរឱ្យខ្ពើម និងជាថ្ងៃដ៏គួរឱ្យអាម៉ាស់។ ពួកគេចង់ឱ្យផលិតផលរបស់ពួកគេបង្ហាញថា ការមករដូវ គឺជារឿងធម្មតា និងគួរតែត្រូវបានចាត់ទុកថា ជាការធ្វើឱ្យមានសុខភាពល្អ ក៏ដូចជាបង្ហាញថា ផលិតផលរបស់ពួកគេ ក៏មាននិរន្តរភាពផងដែរ។
អ្នកស្រី Udin បាននិយាយថា អ្នកស្រី និងដៃគូអាជីវកម្មរបស់អ្នកស្រី កំពុងតែស្ថិតក្នុងបេសកកម្មមួយក្នុងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រី និងវិសមភាពនៃការមករដូវ តាមរយៈការផ្តល់ការអប់រំស្តីពីការមករដូវដែលមានភាពងាយស្រួល ហើយទស្សនវិស័យរបស់ពួកគេ គឺការធ្វើឱ្យផលិតផលសម្រាប់ការមករដូវប្រកបដោយនិរន្តរភាពមួយនេះ ធ្លាក់ចូលក្នុងដៃរបស់គ្រប់គ្នាដែលមានរដូវ នៅកម្ពុជា។
ខោទ្រនាប់សម្រាប់ការមករដូវ ត្រូវបានផលិតឡើងដោយក្រណាត់ដែលមិនប៉ះពាល់ដល់បរិស្ថាន ដូចជា ឫស្សី និងកប្បាសសរីរាង្គ ក៏ដូចជា ជម្រើសនៃការប្រើប្រាស់ក្រណាត់នីឡុងសម្រាប់អ្នកចូលចិត្តបែបកីឡា។
អ្នកស្រីបានឱ្យដឹងថា៖ «ចំណុចដែលធ្វើឱ្យខោទ្រនាប់សម្រាប់ការមករដូវរបស់យើងមានលក្ខខណពិសេសគឺការប្រើប្រាស់បច្ចេកទេសការពារចំនួនស្រទាប់។ ស្រទាប់ទី១ គឺស្រទាប់ស្រូបយកសំណើមយ៉ាងឆាប់រហ័ស។ ស្រទាប់នេះ ជួយស្រូបយកសំណើម និងធ្វើឱ្យលោកអ្នកមានអារម្មណ៍ថា ស្ងួតល្អ ពេញ១ថ្ងៃ»។
ទ្រាប់ទី២ គឺការពារក្លិន ពោលគឺវាជួយឱ្យអ្នកទទួលបានក្លិនស្រស់ស្រាយជានិច្ចក្នុងរយៈពេលយូរ។ ស្រទាប់ទី៣ គឺជាស្រទាប់ដែលអាចស្រូបបានយ៉ាងឆាប់រហ័ស ដែលធ្វើឱ្យសំណើមរក្សាស្ថិតនៅឆ្ងាយពីរាងកាយរបស់លោកអ្នករហូតដល់រយៈពេល ១២ ម៉ោងនិង ស្រទាប់ទី៤ គឺការពារការជ្រាប ដើម្បីបង្កើតឱ្យមានការការពារបន្ថែមទេ្វដង។
អ្នកស្រី Udin បានពន្យល់ពីអត្ថប្រយោជន៍ជាច្រើន ទាក់ទងនឹងការប្រើប្រាស់ផលិតផលសម្រាប់ការមករដូវប្រកបដោយនិរន្តរភាពមួយនេះ ដូចជា ការសន្សំសំចៃប្រាក់ពីការទិញសំឡីអនាម័យប្រចាំខែ ការពារមិនឱ្យខោទ្រនាប់ និងសម្លៀកបំពាក់ប៉ះនឹងរដូវ ហើយមិនត្រឹមតែប៉ុណ្ណោះ ក្រណាត់ធម្មជាតិ ក៏ជួយឱ្យរាងកាយអាចមានរដូវប្រកបដោយសុខភាព និងផាសុកភាពផងដែរ។
អ្នកស្រីបានបញ្ជាក់ថា ផលិតផលសម្រាប់ការមករដូវប្រកបដោយនិរន្តរភាពមួយនេះ ពិតជាផលិតផលដ៏ល្អសម្រាប់រាងកាយ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏ជួយកាត់បន្ថយចំនួនសំរាមសម្រាប់ការមករដូវធ្វើពីប្លាស្ទិក ដែលត្រូវបានបោះចោលក្នុងបរិស្ថានផងដែរ។ ការផ្លាស់ប្តូរទៅប្រើប្រាស់ផលិតផលប្រកបដោយនិរន្តរភាព មានន័យថា អ្នកកំពុងតែការពារបរិស្ថាន សម្រាប់មនុស្សជំនាន់ក្រោយ។
សំឡីអនាម័យ ដែលប្រើប្រាស់បានតែ ១ លើក មានសារធាតុគីមីដ៏គ្រោះថ្នាក់ ដែលអាចបង្កើនហានិភ័យនៃការបង្កមេរោគ ជំងឺផ្សេងៗ ក្នុងនោះរាប់ទាំងជំងឺមហារីកផងដែរ។ ទាក់ទងនឹងការជួយដល់សហគមន៍ អ្នកស្រី Udin ដែលមានវ័យ២៨ឆ្នាំ ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនផលិតខោទ្រនាប់ Amala Periods បាននិយាយថា៖ «យើងចង់ចូលរួមឱ្យបានច្រើនតាមដែលអាច។ គ្រប់គ្នាមានសិទ្ធិក្នុងការទទួលបានការថែទាំពេលមករដូវ។ រាល់ការលក់ចេញខោទ្រនាប់មករដូវចំនួន ៥ គូ យើងបរិច្ចាគខោទ្រនាប់សម្រាប់ការមករដូវចំនួន ១ គូ ដល់អ្នកដែលគ្មានលទ្ធភាពទិញខោទ្រនាប់នេះបាន។ យើងក៏កំពុងតែស្ថិតក្នុងដំណើរការនៃការបង្កើតកម្មវិធីអប់រំស្តីពីការមករដូវ នៅតាមសាលា អង្គការ មណ្ឌលសប្បុរសធម៌ និងនៅតាមកន្លែងការងារនានាផងដែរ ដើម្បីជួយលើកកម្ពស់អ្នកដែលមករដូវ »។
ខោទ្រនាប់ Amala Periods មានម៉ូដ និងទំហំផ្សេងៗគ្នា ចាប់ពីទំហំ XXS រហូតដល់ 6XL ដែលមានតម្លៃចាប់ពី ១៨ ដុល្លារ ដល់ ៣០ ដុល្លារ។
អ្នកស្រីបានឱ្យដឹងថា៖ «យើងក៏មានការផ្តល់ជូនដ៏អស្ចារ្យផងដែរ ដោយលោកអ្នកអាចទិញខោទ្រនាប់ចំនួន ៥ គូ ដែលមានតម្លៃត្រឹមតែ ៨៥ ដុល្លារប៉ុណ្ណោះ។ យើងក៏មានពែងសម្រាប់ការមករដូវ សំឡីដែលអាចប្រើប្រាស់វិញបាន ថង់ និងសម្ភារសម្រាប់ការមករដូវប្រកបដោយនិរន្តរភាពជាច្រើនផ្សេងទៀត »។
អ្នកស្រី Udin បានបង្ហើបពីរឿងរ៉ាវដែលអ្នកស្រីចង់ដឹងពីអតិថិជនរបស់អ្នកស្រីគឺថា ផលិតផលនេះ បានផ្លាស់ប្តូរជីវិតរបស់ពួកគាត់ ហើយពួកគាត់មានអារម្មណ៍កាន់តែជឿជាក់ និងមានថាមពល ក្នុងពេលមករដូវ។
អ្នកស្រីបាននិយាយថា មកទល់ពេលនេះ អ្នកស្រីទទួលបានការឆ្លើយតបប្រកបដោយភាពវិជ្ជមានពីទីផ្សារ។ អតិថិជនភាគច្រើន ដែលមានការស្ទាក់ស្ទើរក្នុងការសាកល្បងអ្វីដែលថ្មី បានត្រឡប់មកវិញទិញខោទ្រនាប់សម្រាប់ការមករដូវនេះ កាន់តែច្រើនបន្ថែមទៀត នៅពេលដែលពួកគេបានសាកល្បងប្រើប្រាស់រួចហើយ។
អតិថិជន ២ នាក់ ក្នុងចំណោមអតិថិជនផ្សេងទៀត គឺអ្នកស្រី Dane Durkin និង Sarah Ritchie វ័យ ២៥ ឆ្នាំ បានចែករំលែកបទពិសោធរបស់ពួកគេ ជាមួយនឹង ភ្នំពេញ ប៉ុស្តិ៍ថា ពួកគេមិនដែលប្តូរទៅប្រើប្រាស់ផលិតផលផ្សេងឡើយ ពីព្រោះខោទ្រនាប់ Amala Periods បានផ្លាស់ប្តូរជីវិតរបស់ពួកគេកាន់តែល្អប្រសើរជាងមុន និងបានធ្វើឱ្យការមករដូវរបស់ពួកគេកាន់តែងាយស្រួលជាងមុន។
អ្នកស្រី Dane Durkin ដែលមានសញ្ជាតិកម្ពុជា និងជាម្តាយមានកូនអាយុ ២ ឆ្នាំ បានបញ្ជាក់ថា អ្នកស្រីបានជួបជាមួយនឹងស្ថាបនិកគឺអ្នកស្រី Udin នៅឯអាងហែលទឹក និងបានចាប់ផ្តើមជជែកក្នាអំពីអាជីវកម្មរបស់ខ្លួន។ នៅពេលនោះអ្នកស្រី ក៏បានដឹងអំពីខោទ្រនាប់សម្រាប់ការមករដូវតែម្តង។
អ្នកស្រីបានឱ្យដឹងថា៖ «ខ្ញុំពិតជាចង់ដឹងណាស់ ហើយខ្ញុំពិតជាចាប់អារម្មណ៍ ហេតុនេះ ខ្ញុំបានសម្រេចចិត្តទិញមួយមកប្រើសាកល្បង។ ខ្ញុំមានអារម្មណ៍ផាសុកភាពជាងមុន ក្នុងពេលពាក់ខោទ្រនាប់ក្នុងពេលមានរដូវនេះ។ ខ្ញុំមិនចាំបាច់បារម្ភពីការជ្រាប ក្លិន ឬក៏ផ្លាស់ប្តូរសំឡីរបស់ខ្ញុំរៀងរាល់ ១ ទៅ ២ ម៉ោងម្តងឡើយ។ អ្វីដែលសំខាន់នោះគឺថា ខោទ្រនាប់នេះ ធ្វើឱ្យខ្ញុំភ្លេចថា ខ្ញុំកំពុងមករដូវ»។
អ្នកស្រី Durkin ស្ថាបនិកហាងលក់ប៊ីឃីនី ខោទ្រនាប់ និងគ្រឿងសម្អាង Honey Adore បាននិយាយថា ការរចនា ក៏ស្រស់ស្អាតផងដែរ។ ចំណុចដែលអ្នកស្រីចាប់អារម្មណ៍នោះគឺថា ខោទ្រនាប់នេះ ក៏ជួយធ្វើឱ្យបរិស្ថានស្អាតផងដែរ ហើយអ្នកស្រីមានអារម្មណ៍ថា ជឿជាក់ នៅពេលដែលពាក់ខោទ្រនាប់ Amala Periods។
ដោយឡែក អ្នកស្រី Sarah Ritchie សញ្ជាតិកាណាដា បាននិយាយថា អ្នកស្រីផ្ទាល់ ពិតជាចង់សាកល្បង នៅពេលដែលអ្នកស្រី Udin បានចាប់ផ្តើមបើកក្រុមហ៊ុនភ្លាមៗ។
អ្នកស្រី Ritchie ដែលជាគ្រូបង្រៀនម្នាក់ បានឱ្យដឹងថា៖ «បន្ទះសំឡីអនាម័យ ជារឿយៗអាចធ្វើឱ្យមានអារម្មណ៍ថា ធំ និងមិនមានផាសុកភាព។ ខោទ្រនាប់ Amala Periods ធ្វើឱ្យខ្ញុំនៅតែមានអារម្មណ៍ជឿជាក់ និងសិចស៊ី ដូចពេលដែលខ្ញុំមិនមករដូវអ៊ីចឹង។ ខ្ញុំក៏បានណែនាំខោទ្រនាប់នេះ ដល់មិត្តភក្តិ និងក្រុមគ្រួសាររបស់ខ្ញុំផងដែរ។ ខ្ញុំក៏កំពុងតែធ្វើអំពើល្អសម្រាប់បរិស្ថាន ដោយសារតែខ្ញុំមិនប្រើប្រាស់ប្លាស្ទិកដែលប្រើបានតែ ១ លើក»។
ទោះបីជាយ៉ាងណា អ្នកស្រី Udin បានទទួលស្គាល់ថា ការចាប់ផ្តើមអាជីវកម្មនៅប្រទេសក្រៅ ពិតជាផ្តល់បញ្ហាប្រឈមជាច្រើន។ ពួកអ្នកស្រីបានចំណាយពេលជាច្រើនដើម្បីសិក្សាពីវប្បធម៌ខ្មែរ ក៏ដូចជា តម្រូវការពិសេសរបស់ប្រជាពលរដ្ឋខ្មែរ និងការស្វែងរកមធ្យោបាយក្នុងការជម្នះលើឧបសគ្គនៃភាសា។
អ្នកស្រីចង់ឱ្យអាជីវកម្មរបស់អ្នកស្រីក្លាយជាអាជីវកម្មគ្រប់គ្រងដោយកម្ពុជា ១០០%។ គោលបំណងរបស់អ្នកស្រី គឺការរចនា និងផលិតផលិតផលក្នុងស្រុក ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ ហេតុនេះ ក្រុមអ្នកស្រីអាចគាំទ្រសហគមន៍កម្ពុជា តាមរយៈការជួលបុគ្គលិកក្នុងស្រុក និងបង្កើតបរិស្ថានការងារប្រកបដោយសុខភាព និងអនុញ្ញាតឱ្យពួកគេអាចគ្រប់គ្រងប្រកបដោយនិរន្តរភាព និងគុណភាពផលិតផលរបស់ពួកគេ៕