កាលពីថ្ងៃ​សុក្រ កន្លងទៅ​ថ្មីៗ​នេះ រដ្ឋបាល​ចំណី​អាហារ និង​ឱសថ​អាមេរិក (FDA) បាន​អនុម័តថ្នាំ​គ្រាប់​ដំបូង​សម្រាប់​ជំងឺបាក់​ទឹកចិត្ត​ស្រ្តី​​ក្រោយ​សម្រាល​កូន ឬ ផ្តល់​កំណើតរួច។

វាគឺជា​ជំហាន​ដ៏​សំខាន់​បំផុត​មួយ​ដែល​ត្រូវ​បាន​គេ​ចាត់ទុក​ថា ​ជា​ការ​យក​ចិត្ត​ទុកដាក់ ឬ ការ​ទទួល​ស្គាល់ និង​ការ​ព្យាបាល​នៃ​ស្ថានភាព​ដ៏ធ្ងន់ធ្ងរ​ ដែល​តែង​បង្ក​ការឈឺ​ចាប់​ដល់​ស្ត្រី​ប្រហែល​កន្លះ​លាន​នាក់ ជា​រៀងរាល់​ឆ្នាំ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។​


បើយោងតាម​ទិន្នន័យ​នៃ​ការ​សាកល្បង​​បង្ហាញ​ថា ​ថ្នាំ zuranolone មាន​ប្រសិទ្ធ​ភាព​បាន​យ៉ាង​រហ័ស ដោយ​ចាប់​ផ្តើម​បន្ធូរបន្ថយ​ការ​បាក់​ទឹកចិត្ត​ក្នុង​រយៈពេល​ត្រឹម ៣​ថ្ងៃ​ ដោយ​វា​មាន​ប្រសិទ្ធភាព​លឿន​ជាង​ថ្នាំប្រឆាំង​នឹង​ជំងឺ​បាក់ទឹក​ចិត្ត​ទូទៅ ដែល​ត្រូវ​ប្រើ​ពេល​ដល់​ទៅ ២សប្តាហ៍ ឬ​យូរជាង​នេះ ទើប​មាន​ប្រសិទ្ធភាព។​


បើ​តាម​អ្នក​ជំនាញ​សុខភាព​ផ្លូវ​ចិត្ត​មាតា បាន​និយាយ​ថា នៅ​ពេល​ដែល​ថ្នាំ ត្រូវ​ការពេល​ត្រឹម​តែ​ព្យាបាល​លឿន​មិន​ឈាន​ចូល​ដល់​ខែ​នោះ វា​នឹង​អាច​លើក​ទឹក​ចិត្ត​អ្នក​ជំងឺ​បន្ថែម​ទៀត​ឱ្យ​ទទួល​យក​ការ​ព្យាបាល​តាម​របៀប​នេះ។


វេជ្ជ​បណ្ឌិត​ជាច្រើន​រូប និង អ្នក​ជំនាញ​មួយ​ចំនួន​បាន​និយាយ​ថា បើ​ទោះ​មាន​ថ្នាំ​ប្រឆាំង​នឹង​ជំងឺ​បាក់ទឹក​ចិត្ត​ផ្សេង ​ដែល​អាច​ព្យាបាល​ស្ថានភាព​ដូចគ្នា​នេះក្តី​ តែ​ការ​ដែល​មាន​ថ្នាំ​ពិសេស​ សម្រាប់​ដោះស្រាយ​វិបិត្តផ្លូវ​ចិត្ត​ស្ត្រីក្រោយ​សម្រាល នឹង​ជួយ​កាត់​បន្ថយ​ការ​មាក់ងាយ​ទៅ​លើ​ស្ត្រី ហើយ​វា​នឹង​ជួយ​ឱ្យ​ស្ត្រី​មិន​បន្ទោស​ខ្លួន​ឯង។

ក្រោយ​ការ​អនុម័ត​នេះ គ្រប់​មជ្ឍដ្ឋាន​សង្ឃឹម​ថា វា​នឹង​លើក​ទឹក​ចិត្ត​ស្ត្រី​កាន់តែ​ច្រើន​ឱ្យ​ស្វែង​រក​ជំនួយ​ទៅ គ្រូពេទ្យ​សម្ភព ឬ ហ៊ាន​ពិភាក្សា​ជាមួយ​គ្រួសារ ដើម្បី​ទៅ​ពិនិត្យ​រក​មើល​រោគ​សញ្ញា និង ទទួល​ណែនាំ​ការ​ប្រឹក្សា ឬ ការ​ព្យាបាល។

វេជ្ជបណ្ឌិត Ruta Nunacs ជា​គ្រូពេទ្យ​វិកល​ចរិក​នៅ​មជ្ឈមណ្ឌល​សុខភាព​ផ្លូវចិត្ត​របស់​ស្ត្រី​នៅ​មន្ទីរពេទ្យ Massachusetts General បាន​និយាយ​ថា ជាទូទៅ នៅពេល​ស្ត្រី​ត្រូវបាន​នរណា​ម្នាក់​ប្រាប់​ថា ពួកគេ​មាន​ជំងឺ​បាក់​ទឹកចិត្ត​ក្រោយ​សម្រាល ពួកគេ​យល់​ថា វាគួរ​ឱ្យ​ខ្មាសអៀន វា​ជា​ការ​ប្រមាថ និង​ធ្វើឱ្យ​ពួកគេ​យល់ថាខ្លួនជា​ម្តាយ​ដ៏​អាក្រក់​ម្នាក់​។​

វេជ្ជបណ្ឌិត​រូបនេះបន្ថែម​ថា ​៖ «​ការប្រើប្រាស់ថ្នាំ​ប្រឆាំង​នឹង​ជំងឺ​បាក់​ទឹកចិត្តទូទៅ ​តែងធ្វើ​ឱ្យស្ត្រី​ទទួល​បាន​ការ​​មាក់ងាយ​​ច្រើន​ដែរ​ ដូច្នេះ​ហើយ​ថ្នាំនេះអាចនឹង​ធ្វើ​ឱ្យ​ការ​ព្យាបាល​នេះ​កាន់តែ​ទូលំទូលាយ ​ព្រោះ​វាជាថ្នាំសម្រាប់​ព្យាបាល​ជាក់លាក់​គឺសម្រាប់​ជំងឺ​ធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាលតែម្តង​»​។​

គួរបញ្ជាក់ថា បើតាមការប៉ាន់ប្រមាណស្ត្រីពី ១០ ទៅ ១៥ ភាគរយ នៅ​សហរដ្ឋអាមេរិក ប្រឈម​នឹង​ជំងឺ​បាក់​ទឹក​ចិត្ត​អំឡុង​ពេល​ពរពោះ ឬ ១ឆ្នាំ បន្ទាប់​ពី​ការ​សម្រាលរួច។ ស្ថានភាព​ជំងឺនេះ តែង​ភ្ចាប់​មក​ជាមួយការ​ថប់បារម្ភ​ខ្លាំង ការ​ខ្មាស់អៀន សោកស្តាយ ការគេង​មិនលក់ ភ័យ​ស្លន់ស្លោ និង​ការ​គិត​ចង់​ធ្វើ​អត្តឃាត៕