
លោក John McAfee អ្នកបង្កើតកម្មវិធីកម្ចាត់មេរោគកុំព្យូទ័រ McAfee។ រូបថត AFP
សហគ្រិនវិស័យបច្ចេកវិទ្យាដែលបង្កើតកម្មវិធីកម្ចាត់មេរោគកុំព្យូទ័រ លោក John McAfee បានទទូលមរណភាពនៅក្នុងបន្ទប់ឃុំឃាំង ក្នុងទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ។ ការស្លាប់របស់លោក គឺបន្ទាប់ពីតុលាការអេស្ប៉ាញបានយល់ព្រមធ្វើបត្យាប័នរូបលោកទៅសហរដ្ឋអាមេរិក ដើម្បីប្រឈមនឹងការចោទប្រកាន់ពីការគេចពន្ធ។
សាកសពរបស់លោក McAfee ត្រូវបានគេរកឃើញនៅឯពន្ធនាគារ Brians ២ នៅភាគឦសាននៃប្រទេសអេស្ប៉ាញ។ សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលតំបន់កាតាឡានបានសរសេរថាបុគ្គលិកសន្តិសុខព្យាយាមសង្រ្គោះលោក ប៉ុន្តែក្រុមគ្រូពេទ្យនៅពន្ធនាគារបានបញ្ជាក់ថា លោកបានស្លាប់រួចទៅហើយ។
សេចក្តីថ្លែងការណ៍នោះបានសរសេរបន្តថា គណៈប្រតិភូតុលាការបានមកស៊ើបអង្កេតរកមូលហេតុនៃការស្លាប់លោកហើយភ័ស្តុតាងគ្រប់យ៉ាងចង្អុលបង្ហាញថា ការស្លាប់របស់លោក គឺដោយការធ្វើអត្តឃាត។
តាមការស្រង់សម្តីរបស់ក្រសួងយុត្តិធម៌ Catalan ពេទ្យបានព្យាយាមសង្រ្គោះលោក McAfee ប៉ុន្តែមិនទទួលបានជោគជ័យឡើយ។ នៅខែតុលា ឆ្នាំ ២០២០ លោក McAfee ត្រូវបានចាប់ខ្លួននៅប្រទេសអេស្ប៉ាញ នៅពេលដែលលោកហៀបនឹងឡើងយន្តហោះទៅប្រទេសតួកគី។ លោកត្រូវបានចោទប្រកាន់ពីបទមិនបានបំពេញឯកសារបង់ពន្ធរយៈពេល ៤ ឆ្នាំ ទោះបីជារូបលោករកប្រាក់ចំណូលបានច្រើនពីការងាររបស់លោកដូចជា ការពិគ្រោះយោបល់និងនិយាយផ្សព្វផ្សាយទាក់ទងនឹងរូបិយប័ណ្ណឌីជីថលក៏ដោយ។
ក្រសួងយុត្តិធម៌អាមេរិកបានចោទប្រកាន់លោក McAfee ពីការគេចពីការបង់ពន្ធដោយយកប្រាក់ចំណូលរបស់លោកដាក់ទៅក្នុងគណនីធនាគារនិងគណនីរូបិយប័ណ្ណឌីជីថលរបស់អ្នកផ្សេងទៀត។ លោកក៏ត្រូវបានគេចោទប្រកាន់ពីបទលាក់បាំងទ្រព្យសម្បត្តិ និងទ្រព្យសម្បត្តិអចលនទ្រព្យផងដែរ ដោយដាក់ឈ្មោះកម្មសិទ្ធិជារបស់អ្នកដទៃ។
តុលាការជាតិអេស្ប៉ាញបានអនុញ្ញាតឱ្យធ្វើបត្យាប័នរូបលោកទៅសហរដ្ឋអាមេរិក ដើម្បីប្រឈមនឹងការចោទប្រកាន់នាពេលខាងមុខនេះ។
តាមការរាយការណ៍របស់កាសែតអេស្ប៉ាញ El Pais ប៉ុន្មានឆ្នាំថ្មីៗនេះលោក McAfee បានអះអាងម្តងហើយម្តងទៀតថា ការឃាត់ខ្លួនលោក គឺមានផែនការទុកមុន។ ទោះយ៉ាងណាតុលាការបដិសេធនឹងការលើកឡើង របស់លោកដោយបាននិយាយថាគ្មានភ័ស្តុតាងដែលបង្ហាញថា លោកត្រូវបានកាត់ទោសដោយសារហេតុផលនយោបាយ ឬមនោគមន៍វិជ្ជាទេ។ លោកបានប្រកែកនៅក្នុងសវនាការកាលពីដើមមិថុនាថា ការចោទប្រកាន់លើលោកគឺមានហេតុផលនយោបាយ។
គួរបញ្ជាក់ផងដែរថា លោក McAfee ធ្លាប់មានឈ្មោះចំនួន ២ ដង សម្រាប់តំណែងប្រធានាធិបតីសហរដ្ឋអាមេរិក និងជាអ្នកចូលរួមក្នុងការជជែកដេញដោលរបស់ប្រធានគណបក្សសេរីនិយមក្នុងឆ្នាំ ២០១៦។
ក្នុងឆ្នាំ ២០១២ លោកក៏ត្រូវបានគេសួរចម្លើយទាក់ទងនឹងការស្លាប់របស់ Gregory Viant Faull ដែលត្រូវបានគេបាញ់សម្លាប់កាលពីដើមខែវិច្ឆិកា ឆ្នាំ ២០១២ នៅលើកោះដែលលោករស់នៅ។
តាមការស្រង់សម្តីរបស់សារព័ត៌មាន AP នៅគ្រានោះលោក McAfee កំពុងត្រូវបានធ្វើទុក្ខបុកម្នេញដោយរដ្ឋាភិបាលបេលីលី។ ប៉ូលីសបេលីលីបានបដិសេធចំពោះរឿងនេះដោយនិយាយថា ពួកគេគ្រាន់តែធ្វើការស៊ើបអង្កេតអំពីបទល្មើសដែលលោក McAfee អាចមានព័ត៌មានទាក់ទងនឹងករណីនោះប៉ុណ្ណោះ។
បន្ថែមពីនេះ កាលពីខែកក្កដា ឆ្នាំ ២០១៩ លោកត្រូវបានគេដោះលែងពីការឃុំឃាំងនៅសាធារណរដ្ឋដូមីនីកែន បន្ទាប់ពីលោក និងមនុស្ស ៥ នាក់ទៀត ត្រូវបានគេសង្ស័យថា បានធ្វើដំណើរតាមទូកកម្សាន្តដែលមានផ្ទុកអាវុធគ្រាប់រំសេវ និងប្រដាប់ប្រដាយោធា៕