រុស្ស៊ី​បាន​កត់​ត្រា​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ ១៩ ​ប្រចាំ​ថ្ងៃ​ខ្ពស់​បំផុត​ក្នុង​រយៈ​ពេល ៥ ថ្ងៃ​ជាប់​ៗ​គ្នា ខណៈ​ពេល​ដែល​ប្រទេស​នេះ​ ប្រឈម​នឹង​ការ​កើន​ឡើង​នៃ​ករណី​ឆ្លង​ថ្មី​។

អាជ្ញាធរ​បាន​កត់​ត្រា​ការ​ស្លាប់​ដោយ​សារ​វី​រុស​នេះ​ចំនួន ៦៩៧ នាក់ ​កាល​ពី​ថ្ងៃ​សៅរ៍​​កន្លងទៅ​​និង ករណី​ឆ្លង​ថ្មី​ចំនួន ២៤ ៤៣៩ ករណី​បន្ថែម​ទៀត​។ កាល​ពី​ថ្ងៃ​សុក្រ​ចំនួន​អ្នក​ស្លាប់​ប្រចាំ​ថ្ងៃ​គឺ ៦៧៩ នាក់​។

វិមាន​ក្រឹមឡាំង​បាន​និយាយ​នៅ​ថ្ងៃ​សុក្រថា ​ប្រទេស​នេះ​មិន​ពិចារណា​លើ​ការ​បិទ​ខ្ទប់​ជា​ថ្មី​ទេ បើ​ទោះ​បី​ជា​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​ក៏​ដោយ​។ ប្រទេស​រុស្ស៊ី ​បាន​ធ្វើ​ការ​បិទ​ខ្ទប់​តែ ​១ ដង​គត់ កាល​ពី​ដើម​ឆ្នាំ​ដែល​មាន​រយៈ​ពេល ៦ សប្តាហ៍​។


បើ​ទោះ​យ៉ាង​នេះ​ក៏​ដោយ ប្រទេស​នេះ​កំពុង​ចាប់​ផ្ដើម​តម្រូវ​ឱ្យ​មាន​ការ​ចាក់​វ៉ាក់សាំង សម្រាប់​វិស័យ​មួយ​ចំនួន​រួម​មាន វិស័យ​ថែទាំ​សុខភាព វិស័យ​អប់រំ វិស័យ​លក់រាយ វិស័យ​ភោជនីយដ្ឋាន និង​ការិយាល័យ​រដ្ឋាភិបាល​។

អ្នក​នាំ​ពាក្យ​វិមាន​ក្រឹមឡាំង​លោក Dmitry Peskov បាន​និយាយ​ថា ​អ្នក​ដែល​មិន​បាន​ទទួល​វ៉ាក់សាំង​ការពារ​មេរោគ​នេះ ទំនង​ជា​នឹង​មាន​ជម្រើស​ការងារ​មាន​កំណត់​។


កាល​ពី​ចុង​ខែ​មុន​លោក Peskov បាន​និយាយ​ថា​៖ «ការ​ពិត​គឺ​ថា​ការ​រើស​អើង​នឹង​កើត​ឡើង​ជា​យថាហេតុ​។ មនុស្ស​ដែល​គ្មាន​ការ​ចាក់​វ៉ាក់សាំង ឬ​ភាព​ស៊ាំ​នឹង​មិន​អាច​ធ្វើ​ការ​នៅ​គ្រប់​ទី​កន្លែង​បាន​ទេ​។ វា​មិន​អាច​ទៅ​រួច​ទេ​។ វា​នឹង​បង្ក​ការ​គំរាម​កំហែង​ដល់​អ្នក​ដែល​នៅ​ជុំវិញ​ពួក​គេ​»។

ការ​តម្រូវ​ឱ្យ​ចាក់​វ៉ាក់សាំង បាន​កើត​ឡើង​មុន​ពេល​ចំនួន​អ្នក​ស្លាប់​កើន​ដល់​កម្រិត​ខ្ពស់​បំផុត​នៅ​សប្តាហ៍​នេះ​។

ប្រទេស​រុស្ស៊ី​ បាន​រាយការណ៍​ថា​មាន​ករណី​ឆ្លង​ជិត ៥,៦ លាន​នាក់​ និង​មាន​អ្នក​ស្លាប់​ច្រើន​ជាង ១៣៧ ០០០ នាក់​៕