ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ប្រទេសក្រិក បានរងការចោទប្រកាន់ពីប្រទេសជិតខាងជាពិសេសប្រទេសតួកគីថា បានបណ្ដេញជនអន្តោប្រវេសន៍រាប់ពាន់នាក់ដោយសម្ងាត់តាមរយៈការបណ្ដែតពួកគេចោលនៅត្រឹមខាងក្រៅដែនសមុទ្ររបស់ខ្លួន។
ការបណ្ដេញតាមរបៀបខុសច្បាប់នេះ គឺជាចំណុចក្ដៅមួយរវាងប្រទេសទាំង២ ជុំវិញជនអន្តោប្រវេសន៍ទាំងនេះ ដែលធ្វើដំណើរឆ្លងសមុទ្រពីប្រទេសតួកគី មកកាន់ប្រទេសក្រិកក្នុងបំណងបន្តដំណើរទៅកាន់ទ្វីបអឺរ៉ុប។
ចាប់តាំងពីកិច្ចព្រមព្រៀងទ្វេភាគី បានបែកបាក់កាលពីឆ្នាំមុន ប្រទេសតួកគី និងក្រិក បានប្រឈមមុខដាក់គ្នាយ៉ាងខ្លាំងជុំវិញវិធីដោះស្រាយលំហូរនៃជនអន្តោប្រវេសន៍នៅតាមបណ្តោយច្រកនេះមួយ ដែលត្រូវបានប្រើប្រាស់ជាញឹកញាប់ បន្ទាប់ពីមានការផ្ទុះការកើនឡើងជនភៀសខ្លួនកាលពីឆ្នាំ ២០១៥។
កាលនោះ ជនអន្តោប្រវេសន៍ប្រហែល ១ លាននាក់ ភាគច្រើនជាជនជាតិស៊ីរីដែលបានភៀសខ្លួនចេញពីសង្គ្រាមស៊ីវិលនៅក្នុងប្រទេសរបស់ពួកគេបានធ្វើឱ្យចំនួនជនភៀសខ្លួនមានការកើនឡើងនៅអឺរ៉ុប។ នៅឆ្នាំនេះលំហូរជនភៀសខ្លួន ត្រូវបានកាត់បន្ថយយ៉ាងខ្លាំង ដោយមានតែជនភៀសខ្លួនប្រមាណ ៤០ ០០០ នាក់ បានធ្វើដំណើរទៅដល់អឺរ៉ុបចូលតាមសមុទ្រ ប៉ុន្តែឥឡូវនេះចំនួនជនចំណាកស្រុកមានការកើនឡើងវិញ ដោយសារស្ថានភាពនៅប្រទេសអាហ្វហ្គានីស្ថាន ដែលមានការកើនឡើងនៃការប្រយុទ្ធគ្នា បន្ទាប់ពីការដកកងទ័ពអាមេរិក។
អស់រយៈពេលជាង ១ ឆ្នាំមកហើយដែលប្រទេសតួកគី បានបន្តមិនយកចិត្តទុកដាក់លើជនភៀសខ្លួនហើយអនុញ្ញាតឱ្យពួកគេធ្វើដំណើរឆ្លងសមុទ្រទៅប្រទេសក្រិក។ ចំណែកប្រទេសក្រិកវិញ បានបណ្ដេញជនអន្តោប្រវេសន៍ទៅវិញដោយបង្ខំ ដោយធ្វើឱ្យម៉ាស៊ីនទូករបស់ពួកគេខូច រួចហើយរុញទូកពួកគេឱ្យអណ្ដែតត្រឡប់ទៅប្រទេសតួកគីវិញ។ ក្នុងរយៈពេលថ្មីនេះ អាជ្ញាធរក្រិកបានចាប់ខ្លួនជនអន្តោប្រវេសន៍នៅលើដីគោករួចដាក់ពួកគេនៅលើទូកហើយបណ្ដែតចោលតាមសមុទ្រ។ រដ្ឋាភិបាលក្រិកបានបដិសេធការចោទប្រកាន់នេះ។
កាលពីសប្ដាហ៍មុន លោក Notis Mitarachi រដ្ឋមន្ត្រីទទួលបន្ទុកជនចំណាកស្រុក និងសិទ្ធិជ្រកកោនក្រិកបាននិយាយថា៖ «មានករណីជាច្រើនត្រូវបានស៊ើបអង្កេតដោយសហភាពអឺរ៉ុប» ហើយ «របាយការណ៍មិនបានរកឃើញភ័ស្តុតាងណាមួយដែលបញ្ជាក់ថា មានការរំលោភលើគោលការណ៍សិទ្ធិមនុស្សរបស់សហភាពអឺរ៉ុប»។
លោក Philippe Leclerc ប្រធានទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសតួកគី បាននិយាយថា ការិយាល័យរបស់លោកបានបង្ហាញភ័ស្តុតាងមួយចំនួនរួមទាំង «ការចោទប្រកាន់អំពីហិង្សា និងការបំបែកបំបាក់គ្រួសារ» ទៅកាន់អ្នកស៊ើបអង្កេតក្រិក ដើម្បីស្នើការស៊ើបអង្កេត ប៉ុន្តែមកមិនទាន់ទទួលបានលទ្ធផល។
លោក Leclerc បាននិយាយថា ប្រទេសទាំង ២ កំពុងស្ថិតក្នុងភាពជាប់គាំងដោយប្រទេសតួកគី បានទាមទារឱ្យប្រទេសក្រិក បញ្ឈប់ការបណ្ដេញតាមរបៀបនេះ ខណៈពេលដែលប្រទេសក្រិក បានទាមទារឱ្យប្រទេសតួកគី ទទួលយកជនភៀសខ្លួនចំនួន ១ ៤០០ នាក់ ដែលសំណើសុំសិទ្ធិជ្រកកោនត្រូវបានច្រានចោល។
ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan ត្រូវបានគេចោទប្រកាន់ជាទូទៅពីការធ្វើឱ្យមានវិបត្តិនេះ ដោយកាលពីខែកុម្ភៈ ឆ្នាំមុនលោកបានប្រកាសថា លោកកំពុងបើកព្រំដែនប្រទេសរបស់លោកសម្រាប់ជនអន្តោប្រវេសន៍ធ្វើដំណើរទៅអឺរ៉ុប។
មន្ត្រីតួកគី ១ រូប ដែលបាននិយាយក្នុងលក្ខខណ្ឌអនាមិក ដោយសារតែពួកគេមិនត្រូវបានអនុញ្ញាតឱ្យនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបាននិយាយថា តួកគីចង់ទាក់ទាញការយកចិត្តទុកដាក់របស់ពិភពលោក ចំពោះបន្ទុកផ្ទាល់របស់តួកគីក្នុងការទទួលអ្នកស្វែងរកសិទ្ធិជ្រកកោនប្រមាណ ៤ លាននាក់ ពីសង្គ្រាមរបស់ប្រទេសផ្សេងទៀត ដែលរួមមានជនភៀសខ្លួនពីស៊ីរីច្រើនជាង ៣,៦ លាននាក់ និងប្រជាជនចំនួន ៤០ ម៉ឺននាក់ផ្សេងទៀត មកពីប្រទេសផ្សេងទៀតនៅ អាស៊ី និងមជ្ឈិមបូព៌ា។ តួលេខនេះធ្វើឱ្យប្រទេសតួកគី មានសហគមន៍ជនភៀសខ្លួនធំជាងគេបំផុតនៅលើពិភពលោក៕
មឹង ច័ន្ទសុម៉ានីតា