អាជ្ញាធរ​នៅ​សាធារណរដ្ឋតួកគី​ខាង​ជើង​នៃ​កោះ​ស៊ីប​ បាន​ចេញ​សេចក្ដី​ប្រកាស​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ផ្នែក​មួយ​នៃ​ក្រុង​ Varosha​ដែល​ត្រូវ​បាន​បោះបង់​ចោល​​ នឹង​ត្រូវ​​បើក​ឡើង​វិញ​ ខណៈមាន​ការ​ជំទាស់​យ៉ាង​ខ្លាំង​ពី​​ក្រិក​ ស៊ីប​ និង​មេដឹក​នាំ​អន្តរជាតិ​ដទៃ​ទៀត​រួម​ទាំង​សហរដ្ឋ​អាមេរិក​។​

ក្រុង ​Varosha ​ដែល​ជា​កន្លែង​​ប្រមូល​ផ្ដុំ​ដោយ​​សណ្ឋាគារ ​និង​អគារ​ស្នាក់​នៅ​ខ្ពស់​ៗ​ ​ត្រូវ​​បាន​​គេ​​បោះ​​បង់​​ចោល​​ក្លាយ​ជា​តំបន់​យោធា​ ​ដោយ​​មិន​​អនុញ្ញាត​ឱ្យ​នរណា​ចូល​តាំង​​​​ពី​សង្រ្គាម​​ក្នុងឆ្នាំ​​ ១៩៧៤ ​ហើយ​​​ធ្វើ​​ឱ្យ​​កោះ​​ស៊ីប​​បាក់​​បែក​​​។​​

​អាជ្ញាធរ​ស៊ីប​ភាគ​ខាង​ជើង​ បាន​បើក​តំបន់​តូច​មួយ​សម្រាប់​ដំណើរ​ទស្សនកិច្ច​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​ ២០២០ ​ហើយ​កាល​ពី​ថ្ងៃ​អង្គារ​នេះ​ បាន​និយាយ​ថា ​ផ្នែក​មួយ​នៃក្រុង​នេះ​នឹង​ត្រូវ​បើក​ជា​ធម្មតា​ជាមួយ​នឹង​យន្តការ​មួយ​ដែល​អាច​ឱ្យ​ប្រជាជន​ចូល​ទៅ​យក​នូវ​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​បាន​។​


​​ប្រធានា​ធិបតី​​ស៊ីប ​លោក ​Nicos Anastasiades ​បាន​ពិពណ៌នា​អំពី​ការ​ផ្លាស់​ប្តូរ​នេះ​ថា​ ជា​ការ​មិន​អាច​ទទួល​យក​បាន​។​ ចំណែក​ឯ​​រដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិក​លោក អាន​តូនី ប្លីនកែន ​បាន​ថ្លែង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា​​សេច​ក្តី​សម្រេច​នេះ​គឺ​មិន​ស៊ី​គ្នា​នឹង​សេចក្តី​សម្រេច​ចិត្ត​របស់​ក្រុមប្រឹ​ក្សា​សន្តិសុខអ​ង្គការ​សហ​ប្រជាជាតិ​ ដែល​អំពាវនាវ​យ៉ាង​ជាក់​លាក់​ថា ​ក្រុង​ Varosha ត្រូ​វ​បាន​គ្រប់គ្រង​ដោយ​អង្គការ​សហ​ប្រជាជាតិ​។​

ទោះជាយ៉ាងណា​​ ប្រធានា​ធិបតី​តួកគី​លោក ​​រ៉េសិប​តៃយីប អេរដូហ្គែន​ ​ប្រាប់ថា​​៖​ «​យើង​មិន​មាន​ពេល​វេលាខ្ជះ​ខ្ជាយ​ ៥០​ឆ្នាំ​ទៀត​ទេ​»​។​ លោក​និយាយ​បែប​នេះ​ដោយ​សំដៅ​លើ​កិច្ច​ខិត​ខំប្រឹងប្រែង​ដែល​ចាត់​ទុក​ថា​ ជា​ការ​បរាជ័យ​ជា​ច្រើន​ទសវត្សរ៍​របស់​អង្គការ​សហ​ប្រជាជាតិ​ ​ដើម្បី​បង្រួប​បង្រួម​កោះស៊ី​ប​ដែល​បែក​បាក់​៕ ​


ហួន​ ឌីណា