ក្នុង​ជំនួប​ជាមួយ​ប្រតិភូ​របស់​ក្រុម​តាលីបង់​ចំនួន ៩ រូប ​កាល​ពី​ថ្ងៃ​ពុធ​ទីប្រឹក្សា​រដ្ឋ​ និង​រដ្ឋមន្ត្រី​ការបរទេស​ចិន លោក​ វ៉ាង យី​ បាន​លើក​ឡើង​ថា ​ចិន​ចាត់​ទុក​ក្រុម​តាលីបង់​ថា​ជា​តួអង្គ​ ១ ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​បញ្ចប់​សង្គ្រាម​រ៉ាំរ៉ៃ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។


​អ្នក​នាំ​ពាក្យ​ក្រសួង​បរទេស​ចិន​លោក Zhao Lijian បាន​ឱ្យ​ដឹង​ថា ចិន​មាន​ជំហរ​មិន​ជ្រៀតជ្រែក​នឹង​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​អាហ្វហ្គានីស្ថាន​ទេ តែ​ចិន​សង្ឃឹម​ថា​គ្រប់​ភាគី​ទាំង​អស់​នៅ​អាហ្វហ្គានីស្ថាន​នឹង​រួម​សាមគ្គី​គ្នា​ ដើម្បី​កសាង​អាហ្វហ្គានីស្ថាន​មួយ​ដែល​មាន​ឯករាជ្យ​ពិត​ប្រាកដ។

បន្ថែម​ពី​លើ​នេះ​ទៀត លោក Wang Yi ក៏​បង្ហាញ​ពី​ក្ដី​សង្ឃឹម​ថា ក្រុម​តាលីបង់​អាច​ធ្វើ​ការ​បង្ក្រាប​ចលនា​អ៊ិស្លាម​ទួរមេនីស្ថាន​ខាង​កើត ដែល​ជា​ក្រុម​ភេរវកម្ម​កំណត់​ដោយ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។ ក្រុម​នេះ ​ត្រូវ​បាន​គេ​ស្គាល់​ថា​ កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​តំបន់​មួយ​ចំនួន​ក្បែរ​ និង​ក្នុង​ខេត្ត​ស៊ីនជាំង។ លោក Wang បាន​ប្រាប់​ក្រុម​តាលីបង់​ថា ក្រុម​ភេរវកម្ម​នេះ ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​របស់​ចិន។


ជាមួយ​គ្នា​នេះ​ដែរ ខាង​តាលីបង់​ក៏​ធានា​ប្រាប់​ចិន​ទៅ​វិញ​ថា ខ្លួន​នឹង​មិន​អនុញ្ញាត​ឱ្យ​ក្រុម​ណា​មួយ​ធ្វើ​សកម្មភាព​នៅ​ទឹកដី​អាហ្វហ្គានីស្ថាន ដើម្បី​ប្រឆាំង​នឹង​ចិន​ឡើយ នេះ​បើ​តាម​ការ​លើកឡើង​របស់​អ្នក​នាំ​ពាក្យ​ក្រុម​តាលីបង់​ លោក Mohammed Naeem៕


ហ៊ីម រដ្ឋា