ប្រទេស​អង់គ្លេស​ថា ​ខ្លួន​នឹង​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ ១៩​ ដល់​ក្មេង​អាយុ​ចន្លោះ​ពី​ ១២​ ទៅ ​១៥​ ឆ្នាំ​ នៅ​ដើម​សប្តាហ៍​ក្រោយ​នេះ​ ខណៈ​ដែល​កង្វល់​​ជុំ​វិញ​រលក​ថ្មី​នៃ​ការ​ឆ្លងនៅសាលារៀនបាន​​កើន​ឡើង​។ ​


​ក្នុង​លិខិតមួ​យផ្ញើ​ទៅ​​លេខាធិការ​សុខាភិបាល​នៃ​ប្រទេស​ទាំង ​៤ របស់​ចក្រភព​អង់គ្លេស​កាល​ពី​ថ្ងៃ​ចន្ទ​លោក ​Chris Whitty ​ប្រធាន​ផ្នែក​វេជ្ជសាស្ត្រ​​អង់គ្លេស​និង​សម​ភាគី ៣ ​ទៀត​រួម​មាន​​ស្កុតឡែន​ អៀរឡង់​ខាង​ជើង​ និងវេ​លស៍​ ​និយាយ​ថា​​ អត្ថប្រ​យោជន៍​នៃ​​យន្តការ​នេះ​ នឹង​​អាច​កាត់​បន្ថយ​ការ​រំខាន​ដល់កា​រ​អប់រំ​ និង​​ផល​ប៉ះពាល់​​សុខភាព​សាធារណៈ​​ ហើយ​​វ៉ាក់សាំង​នេះ​នឹង​ត្រូវ​ផ្តល់​​តាម​រយៈ​កម្មវិធី​ចាក់​ថ្នាំ​បង្ការ​នៅ​តាម​សាលា​។​

​​ការ​បើក​សាលា​ឡើង​វិញ​នៅ​​អង់គ្លេស​នាំ​ឱ្យមា​នកំ​ណើន​នៃ​ករណី​ឆ្លង​ថ្មី​ក្នុង​ចំណោម​ក្រុម​មនុស្ស​វ័យក្មេង​​​។ ​​ប្រហែល​ ៦៧ ០០០ ករណី ​​ត្រូវ​បាន​រាយការណ៍​ក្នុង​ចំណោម​មនុស្ស​អាយុ​ក្រោម​ ២០ ឆ្នាំ​​កាល​ពី​សប្ដាហ៍​ទី១ ​នៃ​ដើម​ខែ​កញ្ញា​ពោល​គឺកើ​ន​ឡើង​ ៥០​ ភាគរយ ​កាល​ពី​សប្តាហ៍មុ​ន​មុន​ពេល​សាលារៀន​បើក​ឡើង​វិញ​។​


នៅ​ស្កុតឡែន​ ​ដែល​បើក​សាលា​កាល​ពី​​ពាក់​កណ្តាល​ខែ​សីហា​ ករណី​ឆ្លង​ថ្មី​នៃ​កុមារ​អាយុ​ក្រោម​ ១៤ ឆ្នាំ​ ​កើន​ឡើង​​ប្រហែល ​១ ៤០០​ ករណី​ ក្នុង​​ចំនួន​សរុប​ ១០០ ០០០ ករណី គិតត្រឹម​​សប្ដាហ៍​​ទី១​​នៃ​​ដើម​​ខែ​ក​ញ្ញា​​​។ ជា​លទ្ធផល​ករណី​ប្រចាំ​ថ្ងៃ​នៅ​ប្រទេស​នេះ​កើន​ឡើង​លើស​ពី​ ៧ ០០០ ក្នុង ១​ ថ្ងៃជា​​លើក​ដំបូង​។ ​តួលេខ​របស់​រដ្ឋាភិបាល​បង្ហាញ​ថា​ ប្រហែល ​៥ ភាគរយ​នៃកុ​មារ​នៅ​ស្កុតឡែន​ បាន​អវត្ត​មាន​ពី​សាលា​ដោយ​សារ​ហេតុ​ផល​ទាក់ទង​នឹង​ជំងឺ​កូវីដ​ជា​រៀង​រាល់​ថ្ងៃ​នៅក្នុ​ង​ខែ​កញ្ញា។​


​​​ដូស​ទី១ នៃ​វ៉ាក់សាំង ​BioNTech/Pfizer ​ត្រូ​វ​បាន​ដាក់​ឱ្យ​ប្រើ​សម្រាប់​ក្មេងអា​យុ ​១៦​ និង​ ១៧ ឆ្នាំ​ និង​ក្មេង​ៗ​អាយុ​ចន្លោះ​ពី​ ១២​ ទៅ​ ១៥ ​ឆ្នាំ​ មួយ​ចំនួន​​ដែល​ងាយ​​រង​គ្រោះ ​ឬ​រស់​នៅ​ជាមួយ​សាច់​ញាតិ​ដែល​គ្មាន​ភាព​ស៊ាំ​បន្ទាប់​ពី​ក្រុម​ប្រឹក្សា​វ៉ាក់សាំង​​ចក្រភព​អង់គ្លេស​ជាប់​គាំង​លើ​ការ​ចាក់​វ៉ាក់សាំង​កុមារ​ដែល​មាន​សុខភាព​ធម្មតា​ដោយ​សារ​​ការ​ព្រួយ​បារម្ភ​អំពី​ករណី​កម្រនៃ​ការ​រលាក​បេះដូង​ធ្ងន់ធ្ងរ​។​


​គិត​ត្រឹម​ថ្ងៃ​ទី ​៥​ ខែ​កញ្ញា ​ក្មេងអា​យុ​ក្រោម​ ១៦​ ឆ្នាំ ​ជិត​ ១៤០ ០០០ នាក់ ​នៅ​ប្រទេស​អង់គ្លេស​ បាន​ទទួល​វ៉ាក់សាំង​យ៉ាង​ហោច​ណាស់ ​១ ​ដូស​៕

ហួន ​ឌីណា