នាយក​រដ្ឋ​មន្រ្តី​ក្រិកបាន​និយាយ​ថា​ បណ្តា​ប្រទេស​នៅ​តាម​ សមុទ្រ​មេឌីទែរ៉ាណេ​ ត្រូវ​តែ​ដឹក​នាំ​រក​វិធី​ដោះ​ស្រាយ​ការ​ប្រែ​ប្រួល​អាកាសធាតុ​ដោយ​ព្រ​មានថា​ផល​ប៉ះ​ពាល់​នៃ​ការ​ធ្វើ​អ្វី​សោះ ​គឺ​អាច​មាន​វិសាល​ភាព​មិន​អាច​នឹក​ស្មាន​ដល់​ដោយ​មនុស្ស​ជាតិ​អាច​នឹង​តស៊ូ​ ដើម្បី​រស់​រាន​មាន​ជីវិត​នៅ​សតវត្សរ៍បន្តបន្ទាប់​។

ប្រទេស​ក្រិក​ តួកគី ​ស៊ីប ​និង​អេស្ប៉ា​ញ​ ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ដោយ​ភ្លើង​ឆេះ​ព្រៃ​ និង​បាន​ជួប​ប្រទះ​សីតុ​ណ្ហភាព​ខ្ពស់​នៅ​រដូ​វក្តៅ​នេះ​ដោយ​អ្នក​វិទ្យាសាស្ត្រ​ព្រមាន​ថា​តំបន់​នេះ ​បាន​ប្រែ​ក្លាយ​ទៅ​ជា​«ចំណុច​ភ្លើង​ឆេះ​ព្រៃ​»។ ក្រៅ​ពី​នេះ​ ប្រទេស​អាល្លឺម៉ង់​ តួកគី ​និង​ប្រទេស​ចិន​ ក៏​ត្រូវ​បាន​វាយ​ប្រហា​រ ដោយ​ទឹក​ជំនន់​មហន្តរាយ​ផង​ដែរ​។

នាយករដ្ឋ​មន្រ្តី​ក្រិក​លោក​ Kyriakos Mitsotakis បាន​ប្រាប់ ​Reuters នៅ​ក្នុង​បទ​សម្ភាសមួយ​ថា៖​ «ខ្ញុំលែង​ចង់​និយាយ​អំពី​ការ​ប្រែ​ប្រួល​អាកាសធាតុ​ ប៉ុន្តែ​ខ្ញុំ​ចង់​និយាយ​អំពី​វិបត្តិ​អាកាសធាតុ​ព្រោះ​វា​បានមក​ដល់​ហើយ​។ ដើម្បី​ដោះ​ស្រា​យ​វាយើង​ត្រូវ​ការគោល​នយោបាយ​ដែល​មាន​សារៈ​សំខាន់​ ដើម្បី​ជួយ​គ្រប់​ផ្នែក​នៃ​សេដ្ឋកិច្ច​និង​ជីវិត​សង្គម​របស់​យើង​»។


ក្រុម​ប្រឹក្សា​អាកាស​ធាតុ​របស់​អង្គការ​សហ​ប្រជាជាតិ​បាន​ព្រមាន​ថា ​រលកកម្តៅដ៏​អាក្រក់​ព្យុះសង្ឃរាដ៏​ធំ​ និង​ព្រឹត្តិការណ៍​អាកាសធាតុ​ចម្លែកៗ​ ផ្សេង​ទៀត​នឹង​កាន់​តែ​ធ្ងន់​ធ្ងរ​ទៅៗ។

លោកនាយករ​ដ្ឋ​មន្ត្រី​ Mitsotakis ដែល​មាន​ការ​អប់រំ​នៅ​សាកល​វិទ្យាល័យ ​Havard បាន​ធ្វើ​ឱ្យសកម្មភាព​អាកាសធា​តុក្លាយ​ជា​ចំណុច​ស្នូល​នៃ​រដ្ឋបាល​របស់​លោក​​។ មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា ​ឆ្នាំ ​២០១៩ លោក​បាន​ប្រកាស​ហាម​ឃាត់​ស្ថានីយថាមពល​ដើរ​ដោយ​ធ្យូង​ថ្ម​ចាប់​ពីឆ្នាំ​ ២០២៨ ​ហើយ​ថ្មីៗ​នេះ​បាន​បង្កើត​ក្រសួង​ការពារ​ស៊ីវិល​ដែល​មានភា​រកិច្ច​ដោះស្រាយ​វិបត្តិ​អាកាសធាតុ​៕


មឹង​ ច័ន្ទ​សុម៉ា​នីតា​