មហាសន្និបាតអង្គការសហប្រជាជាតិបើកទំព័រសម័យប្រជុំលើកទី៧៦ កាលពីសប្ដាហ៍ កន្លងទៅ ខណៈសប្ដាហ៍នេះចូលដល់វគ្គថ្នាក់ដឹកនាំ ដែលរួមមានប្រមុខរដ្ឋឬប្រមុខរដ្ឋាភិបាលឡើងឆាកអង្គការសហប្រជាជាតិ ដើម្បីបញ្ចេញសារនយោបាយក៏ដូចជាគោលនយោបាយក្នុងស្រុក ឬគោលនយោបាយការបរទេសរបស់ខ្លួនទៅឱ្យពិភពលោកបានដឹង។


កាលពីថ្ងៃអង្គារ ជាវេនរបស់មេដឹកនាំប្រទេសមហាអំណាចចំនួន ២ គឺ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក ស៊ី ជីនភីង ប្រធានាធិបតីចិន។ លោក បៃដិន បានអញ្ជើញមកកាន់ទីស្នាក់ការកណ្ដាលនៃស្ថាប័នពិភពលោកនេះផ្ទាល់នៅឯបុរីញូវយ៉ក ចំណែកឯលោក ស៊ី វិញបានថ្លែងសារតាមរយៈប្រព័ន្ធវីដេអូ។

ក្នុងសុន្ទរកថា ជាលើកដំបូងក្នុងនាមជាប្រធានាធិបតីសហរដ្ឋអាមេរិកលោក បៃដិន និយាយរហូតដល់ទៅជាងកន្លះម៉ោងហើយមិនបានលើកពីឈ្មោះប្រទេសចិនចំៗនោះទេដោយខុសពីកាលអតីតប្រធានាធិបតី ដូណាល់ ត្រាំ ដែលនិយាយពីចិនមិនតិចជាង ១០ ដង កាលពីឆ្នាំ ២០២០។ ចំណែកឯលោក ស៊ី វិញ និយាយប្រមាណ ១៥ នាទី ក៏មិនបានបញ្ចេញពីឈ្មោះសហរដ្ឋអាមេរិកដែរ។


មេដឹកនាំទាំង ២ រូប មានទស្សនៈខុសគ្នាច្រើនលើគោលការណ៍ប្រជាធិបតេយ្យក៏ដូចជាលើបញ្ហាសណ្ដាប់ធ្នាប់ពិភពលោក និងទំនាក់ទំនងអន្តរជាតិ ប៉ុន្តែចំពោះបញ្ហាដោះស្រាយវិបត្តិកូវីដ ១៩ ក៏ដូចជាបញ្ហាអាកាសធាតុ ទាំងលោក បៃដិន និងលោក ស៊ី បានបង្ហាញពីទស្សនៈស្រដៀងគ្នាមួយ។


«ពួកប្រទេសផ្ដាច់ការប្រហែលជាគិតថា នៅពេលបច្ចុប្បន្ននេះជាពេលដែលលទ្ធិប្រជាធិបតេយ្យត្រូវបានបញ្ចប់ហើយតែពួកគេខុសហើយ។ ការពិតនោះគឺពិភពនៃលទ្ធិប្រជាធិបតេយ្យមាននៅគ្រប់ទីកន្លែង។ ពិភពនេះរស់នៅក្នុងសកម្មជនប្រឆាំងអំពើពុករលួយអ្នកការពារសិទ្ធិមនុស្សក៏ដូចជាអ្នកកាសែតជាដើម»។ នេះជាការលើកឡើងរបស់លោក បៃដិន។


លោកបានបន្ថែមថា «មិនមែនប្រទេសណាប្រកាន់យកលទ្ធិប្រជាធិបតេយ្យល្អឥតខ្ចោះនោះទេសហរដ្ឋអាមេរិកក៏ដូចគ្នាដែរ... ប៉ុន្តែលទ្ធិប្រជាធិបតេយ្យនៅតែជាឧបករណ៍ដ៏ល្អបំផុតសម្រាប់ដឹកនាំប្រទេស»។

ចំណែកឯលោក ស៊ី វិញបាននិយាយលើរឿងនេះថា «លទ្ធិប្រជាធិបតេយ្យមិនមែនជាសិទ្ធិពិសេសសម្រាប់ប្រទេសណាមួយនោះឡើយផ្ទុយទៅវិញគោលការណ៍នេះ គឺសម្រាប់ប្រជាជនគ្រប់ប្រទេសទាំងអស់»។

«ហេតុការណ៍ថ្មីៗដែលបានកើតឡើងនៅក្នុងពិភពលោកបានបង្ហាញឱ្យឃើញម្ដងទៀតថា ការជ្រៀតជ្រែកតាមបែបយោធាពីសំណាក់ភាគីខាងក្រៅនិងតាមគោលគំនិតការកែប្រែប្រទេសតាមបែបប្រជាធិបតេយ្យមិនមានផ្ដល់អ្វីក្រៅពីផលប៉ះពាល់ប៉ុណ្ណោះ»។ នេះបើតាមការបន្ថែមរបស់លោក ស៊ី។

ចំពោះបញ្ហាសណ្ដាប់ធ្នាប់អន្តរជាតិវិញ លោក បៃដិន ព្យាយាមប្រាប់ពិភពលោកថា សហរដ្ឋអាមេរិកក្រោយរដ្ឋបាលរបស់លោកបានប្រាសចាកពីគោលនយោបាយ «អាមេរិកចម្បង» របស់លោក ត្រាំ ហើយ ដោយលោក បៃដិន បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកនឹងធ្វើការជាមួយសម្ព័ន្ធមិត្តនិងដៃគូពាក់ព័ន្ធទាំងអស់ ហើយអាមេរិកក្រោមរដ្ឋាភិបាលលោក បៃដិន «នឹងដឹកនាំពិភពលោកឆ្ពោះទៅកាន់អនាគតប្រកបដោយសន្តិភាព វិបុលភាព សម្រាប់ប្រជាជនទាំងអស់»។

«យើងនឹងក្រោកឈរដើម្បីសម្ព័ន្ធមិត្តនិងមិត្តរបស់យើង ហើយប្រឆាំងនឹងការប៉ុនប៉ងរបស់ប្រទេសខ្លាំងៗណាមួយដើម្បីវាតទីលើប្រទេសខ្សោយៗ មិនថា ការវាតទីយកទឹកដីដោយប្រើប្រាស់កម្លាំងបាយការគំរាមកំហែងផ្នែកសេដ្ឋកិច្ចការកេងប្រវ័ញ្ចផ្នែកបច្ចេកវិទ្យា ឬការសាយភាយនូវព័ត៌មានក្លែងក្លាយនោះទេ»។ នេះបើតាមការថ្លែងរបស់លោក បៃដិន។

ជាមួយគ្នានេះដែរលោកក៏បានសង្កត់ធ្ងន់ថា «យើង [សហរដ្ឋអាមេរិក] នឹងមិនបង្កឱ្យមានសង្គ្រាមត្រជាក់បែបថ្មី ឬក៏ពិភពលោក ដែលបែងចែកជាប្លុកនោះទេ»។

ពាក់ព័ន្ធនឹងរឿងនេះដែរលោក ស៊ី ជីនភីង បានថ្លែងនៅក្នុងវីដេអូថតទុកជាមុនរបស់លោកថាពិភពលោកគួរតែច្រានចោលនូវការបង្កើតនូវក្រុមតូចៗណាមួយហើយគួរតែទាត់ចោលនូវគោលការណ៍ «មានអញអត់ឯងមានឯងអត់អញ»។

«ភាពខុសគ្នា និងបញ្ហារវាងប្រទេសនីមួយៗកម្រនឹងចៀសផុតណាស់ប៉ុន្តែបញ្ហាអស់ទាំងនេះ អាចចាត់ចែងបានតាមរយៈកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការដោយផ្អែកលើសមភាព និងការគោរពគ្នាទៅវិញទៅមក... យើងគួរតែប្រកាន់ខ្ជាប់នូវស្មារតីពិភាក្សាគ្នា និងបរិយាប័ន្នជាជាងការប្រឈមដាក់គ្នា និងការយកសិទ្ធិផ្ដាច់មុខ»។ នេះបើតាមលោក ស៊ី។

លោកស៊ីបន្តថា៖ «ប្រជាជនចិនតែងតែអបអរនិងលើកតម្កើង ដើម្បីឆ្ពោះទៅរកចក្ខុវិស័យនៃសន្តិភាពមិត្តភាព និងសុខដុមរមនា។ប្រទេសមិនដែល ហើយនឹងមិនឈ្លានពាន ឬគំរាមសម្លុតប្រទេសផ្សេង ដើម្បីយកជាមហាអំណាចវាតទីនោះទេ។ចិនតែងតែជាអ្នកកសាងសន្តិភាពពិភពលោក»។

ចំណែកឯលើរឿងប្រឆាំងនឹងវិបត្តិកូវីដ ១៩ ទាំងលោក បៃដិន និងលោក ស៊ី បានលើកពីស្នាដៃរបស់ប្រទេសរៀងៗខ្លួនក្នុងការបរិច្ចាគវ៉ាក់សាំងប្រឆាំងនឹងជំងឹនេះព្រមទាំងកិច្ចខិតខំប្រឹងប្រែងក្នុងការផ្ដល់ជំនួយក្រោមរូបភាពនានាទៅកាន់ប្រទេសលើពិភពលោក។

រីឯរឿងបញ្ហាអាកាសធាតុប្រទេសទាំង ២ ក៏បានបង្ហាញពីការប្ដេជ្ញាចិត្តស្រដៀងៗគ្នាក្នុងការលុបបំបាត់ការប្រើប្រាស់ឧស្ម័នកាបូនិកនាប៉ុន្មានទសវត្សរ៍ខាងមុខនេះ៕

ហ៊ីម រដ្ឋា