កាល​ពី​ថ្ងៃ​អង្គារ​​ ​នាយករដ្ឋ​មន្រ្តី​ប្រទេស​ម៉ាឡេស៊ី​ប្រកាស​ថា​ ប្រជាជន​ពេញ​វ័យ​របស់​ខ្លួន​ប្រមាណ​ ៨០​ ភាគរយ​ ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ ១៩ ពេញលេញ​។​


កម្មវិធី​តាម​ដាន​ការ​ចាក់​វ៉ាក់​សាំង​ការពារ​កូវីដ ១៩ COVIDNOW បាន​បង្ហាញ​ថា ​ប្រជាជន​ប្រមាណ​ ៧៩.៦ ភាគរយ ​នៃ​ប្រជាជន​ពេញ​វ័យ​សរុប​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​ពេញ​លេញ​គិត​ត្រឹម​ម៉ោង ១១:៥៩ នាទី​យប់​ថ្ងៃ​ទី ២០​ កញ្ញា។

នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី​ លោក ​Ismail Sabri Yaakob បាន​បង្ហោះ​សារ​តាម​បណ្តាញ​សង្គម​ថា៖ «សូម​អបអរសាទរ​! ប្រទេស​ម៉ាឡេស៊ី​ បាន​ចែក​ចាយ​វ៉ាក់​សាំង​ពេញលេញ​ទៅ​ដល់​ប្រជាជន​ ៨០​ភាគរយ ​នៃ​ប្រជាជន​ពេញ​វ័យ​សរុប​របស់​ប្រទេស​ខ្លួន​ហើយ​» ។


ការ​ចែក​ចាយ​វ៉ាក់សាំង​ការពារ​កូវីដ ១៩ ត្រូវ​បាន​ចែក​ចាយ​ដោយ​ផ្តល់​អាទិភាព​ទៅ​បុគ្គលិក​ជួរ​​មុខ​ និង​មនុស្ស​ចាស់​មុន​ពេល​ដែល​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ ១៩ ត្រូវ​បាន​ចែក​ចាយ​ដល់​អ្នក​ដែល​មាន​អាយុ​លើស​ពី​ ១៨​ ឆ្នាំ​៕