ករណី​វិជ្ជមាន​នៃ​ជំងឺ​កូវីដ ១៩ នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​ នៅ​បន្ទាប់​ពី​ប្រទេស​នេះ​ឈប់​សម្រាក​សម្រាប់​ទិវា​ថ្លែង​អំណរគុណ​អំឡុង​ថ្ងៃ​ទី ២០ ដល់​ថ្ងៃ​ទី ២២ ខែ​កញ្ញា។នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​មុនប្រទេស​កូរ៉េ​មួយ​នេះ ​បាន​រក​ឃើញ​មាន​ករណី​វិជ្ជមាន​សរុប៣ ២៧២ ករណី ដែល​ជា​ចំនួន​ករណី​ប្រចាំ​ថ្ងៃ​ច្រើន​ជាង​គេ​បង្អស់។


«យើង​ព្យាករ​ថាការ​កើន​ឡើង​នៃ​ការ​ធ្វើ​ដំណើរ​អំឡុង​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ថ្លែង​អំណរ​គុណក៏​ដូច​ជា​ការ​កើន​ឡើង​នៃ​ការ​ប្រាស្រ័យ​ទាក់ទង​រវាង​មនុស្ស​ម្នាក់ទៅ​ម្នាក់​ទៀតអាច​ជា​មូលហេតុ​ចម្បង​នៃ​ការ​រាលដាល​យ៉ាង​ខ្លាំង​នៃ​ជំងឺ​នេះ»។នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក​ ស្រី Jeong Eun-kyeong នាយិកា​នៃ​អង្គភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​របស់​កូរ៉េ​ខាង​ត្បូង (KDCA)។

ករណី​វិជ្ជមាន​ប្រចាំ​ថ្ងៃ​អាច​នឹង​បន្ត​កើន​ឡើង​រយៈពេល​១​សប្ដាហ៍ទៅ​២​សប្ដាហ៍​ទៀត។នេះ​បើ​តាម​ការ​បន្ថែម​របស់​លោក​​ស្រី។


ជាមួយ​គ្នា​នេះ​ដែរអាជ្ញាធរ​កូរ៉េ​ខាង​ត្បូង​បាន​ជំរុញ​ឱ្យ​អ្នក​ដែល​ត្រឡប់​ពី​ដំណើរ​កម្សាន្ត​នៅ​ថ្ងៃ​ឈប់​សម្រាកមុន​នឹង​ចូល​ធ្វើ​ការ​វិញត្រូវ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩ទោះ​បី​ជា​មាន​រោគ​សញ្ញា​ស្រាល​ក៏​ដោយ។


កូរ៉េ​ខាង​ត្បូង​រក​ឃើញ​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩សរុប​ប្រមាណ​ក្បែរ៣០ម៉ឺន​នាក់ ខណៈ​មាន​អ្នក​ស្លាប់​តែ​ជាង២ពាន់​នាក់​ប៉ុណ្ណោះ៕


ហ៊ីម រដ្ឋា