លោក​រដ្ឋ​មន្ត្រី​ការបរទេស​រុស្ស៊ី​ Sergey Lavrov កាល​ពី​ថ្ងៃ​សៅរ៍​ បាន​អំពាវនាវ​ដល់​អាមេរិក​មាន​ចំណាត់​ការ​ស​កម្ម​ថែម​ទៀត ​ដើម្បី​បន្ត​ការ​ចរចា​ដែល​ជាប់គាំង​នោះ​ ដោយមាន​​បំណង​ស្តារ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ឡើង​វិញ​។


លោក​ Lavrov ​បាន​ថ្លែងប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​នៅ​អង្គការ​សហ​ប្រជាជាតិ​ក្នុង​ទីក្រុង​ញូវយ៉ក​ថា៖​ «វាពិតជា​ច្បាស់ណាស់​ថា ​ពួកគេ​គួរតែ​សកម្ម​ជាង​ពេល​មុន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទាំងអស់​ទាក់ទង​នឹង​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​នេះ​»។


លោក​ Lavrov​ បាន​បន្ថែម​ថា ​លោក​សង្ឃឹម​ថា ​ការចរចា​នៅទី​ក្រុង​វីយែន​នៅ​ក្នុង​ចំណោម​ប្រទេស​អ៊ីរ៉ង់​ រុស្ស៊ី ចិន​ បារំាង ​អង់គ្លេស​ និង​អាល្លឺម៉ង់​ នឹង​ចាប់​ផ្តើម ​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។​​


កិច្ច​ចរចា​ដែល​ត្រូវ​បាន​សម្រប​សម្រួល​ដោយ​អឺរ៉ុប ​ស្វះស្វែង​រក​ការ​វិល​ត្រឡប់​របស់​អាមេរិក​ទៅ​កិច្ច​​ព្រ​មព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥ ​ដែលត្រូវ​បាន​បោះបង់​ចោល​ដោយ​អតីត​ប្រធានា​ធិបតី ​ដូណាល់​ ត្រាំ ​និង​ការ​វិល​ត្រឡប់​អ៊ីរ៉ង់​ទៅ​អនុវត្ត​លក្ខខណ្ឌ​កិច្ច​ព្រមព្រៀង​ឱ្យ​បាន​ពេញលេញ​។


លោក​ ត្រាំ ​បាន​ដក​អាមេរិក​ចេញ​ពី​កិច្ច​ព្រមព្រៀង​នេះ​នៅ​ក្នុង​ឆ្នាំ​ ២០១៨​ ដោយ​បាន​ដាក់ទណ្ឌកម្ម​ជា​ថ្មី​ទៅលើ​ប្រទេស​អ៊ីរ៉ង់​ ដែល​ទីក្រុង​វ៉ាស៊ីនតោន​ បាន​ដក​ជា​ផ្នែក​នៃ​កិច្ច​ព្រមព្រៀង​នេះ​។

ចាប់តាំង​ពីពេលនោះ​មក ​ទីក្រុង​តេ​អេរ៉ង់​ក៏ ​បាន​ដក​ខ្លួន​ចេញ​ពី​លក្ខខណ្ឌ​ជា​ច្រើន​នៃ​កិច្ច​ព្រមព្រៀង​នេះ​។

លោក Lavrov ​បាននិយាយ​ថា អ៊ី​រ៉ង់​​​លែ​ង​គោរ​ព​តាម​លក្ខខណ្ឌនៃ​កិច្ច​ព្រមព្រៀងនេះ ដោយសារអាមេរិក​​​ បាន​ដក​ខ្លួន​​ចេញ​៕