​លោក ​Alexei Navalny ​មេ​រិះ​គន់​វិមាន​ក្រឹម​ឡាំង​រុស្ស៊ី​ បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ គណៈកម្មការ​ពន្ធនាគារ​បាន​កំណត់​រូបលោក​ថា ​ជា​ជន​ជ្រុល​និយម​ និង​ជា​ភេរវករ​ ប៉ុន្តែ​ជា​ផ្លូវ​ការ​លែង​ចាត់​ទុក​លោក​ថា ​ជា​ហានិភ័យ​នៃ​ការ​ហោះ​ហើរ​ទៀត​ហើយ​​​។​

លោក​បាន​និយាយ​ក្នុង​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ​Instagram ដោយ​មាន​ជំនួយ​ពី​មេធាវី​ថា​ លោក​ត្រូវ​បាន​កោះ​ហៅ​នៅ​ចំពោះ​មុខ​គណៈកម្មការ​ដែល​បាន​បោះ​ឆ្នោត​ជា​ឯកច្ឆន្ទ​ក្នុង​ការ​គាំទ្រ​ការ​ផ្លាស់​ប្តូរ​នាម​នេះ​។​ លោក ​​Navalny បាន​ធ្វើ​សេចក្តី​បំភ្លឺ​ដោយ​បាននិយាយ​ថា​ លោក​ស្វាគមន៍​ចំពោះការ​ពិត​ដែល​លោក​លែង​ត្រូវ​បាន​គេ​កំណត់​ថា ​ងាយ​នឹង​រត់​គេច​ខ្លួន​​​។

​លោក​និយាយ​ថា​៖​ «​វា​គ្រាន់​តែ​ថា​ឥឡូវ​នេះ​ មាន​សញ្ញា​មួយ​នៅ​ពី​លើ​គ្រែ​របស់​ខ្ញុំ​ថា ​ខ្ញុំ​ជា​ភេរវករ​»​។​


​ការ​កំណត់​ថ្មី​នេះ ​បានបង្ហាញ​ពី​ការ​កើន​ឡើង​បន្ថែម​ទៀត​នៃ​សម្ពាធ​ផ្លូវ​ការ​ប្រឆាំង​នឹង​អ្នក​រិះគន់​ក្នុង​ស្រុក​​ដ៏លេច​ធ្លោ​បំផុត​របស់​លោក​ប្រធានា​ធិបតី​ វ្ល៉ាឌីមៀរ ​ពូទីន​ ដែល​ត្រូវ​​ជាប់​​ពន្ធនាគារ​​

២​ ឆ្នាំ​កន្លះ ​ពី​បទ​រំលោភ​បំពាន​លើ​ការ​ដោះ​លែង​ ដែល​លោក​និយាយ​ថា​ ត្រូវ​បាន​គេ​ប្រើ​ដើម្បី​រារាំង​មហិច្ឆតា​នយោបាយ​របស់​លោក។​


​អាជ្ញាធរ​រុស្ស៊ី​​ដែល​កាន់​សំណុំ​រឿង​នាម​ថ្មី​របស់​លោក ​Navalny ​មិន​ទាន់​បានបញ្ជាក់​ពីការ​លើក​ឡើង​មួយ​នេះ​ទេ​ ហើយ​សេវា​កម្ម​ពន្ធនាគារ​សហព័ន្ធ​រុស្ស៊ី​ ក៏​មិន​ទាន់​ធ្វើ​ការ​អត្ថាធិប្បាយ​យ៉ាង​ណា​ដែរ​។​ កាល​ពី​ចុង​ខែ​មេសា ​ក្រុម​ឃ្លាំ​មើល​ហិរញ្ញវត្ថុ​រដ្ឋ​របស់​រុស្ស៊ី​ ​បាន​បញ្ចូល​បណ្តាញ​ទីស្នាក់ការ​កណ្តាល​ប្រចាំ​តំបន់​របស់​លោក​ Alexei Navalny ​ទៅ​ក្នុង​បញ្ជី​ឃ្លាំ​មើល​ភេរវកម្ម​ ហើយ​នៅ​ដើម​ខែ​មិថុនា​ តុលាការ​រុស្ស៊ី​ក៏​សម្រេច​ដាក់​បណ្ដាញ​ទាំង​នេះ​ឱ្យ​នៅ​ក្រៅ​​ច្បាប់​។​

​អ្នក​នយោបាយ​វ័យ​ ៤៥ ​ឆ្នាំ ​Navalny​ ត្រូវ​បាន​អាជ្ញាធរ​រុស្ស៊ី​ចាប់​ដាក់​ពន្ធនាគារ​ក្រោយពី​វិលត្រឡប់​​ចូល​ប្រទេស​វិញ​កាល​ពី​ដើម​ឆ្នាំ​ ពី​ប្រទេស​អាល្លឺម៉ង់​ ជា​កន្លែង​ដែល​លោក​សម្រាក​ព្យាបាល​ខ្លួន​ក្រោយ​ត្រូវ​បាន​គេ​ដាក់​ថ្នាំ​បំពុល​ដែល​រដ្ឋា​ភិបាល​លោក ​ពូទីន បាន​បដិសេធ​ពី​ការ​ឃុប​ឃិត​។​ កាល​ពី​ខែ​មុន​រុស្ស៊ី​បាន​បើក​សំណុំ​រឿង​ឧក្រិដ្ឋកម្ម​ថ្មី​ប្រឆាំង​នឹងរូប​លោក​ដែល​អាច​ដាក់​ទោស​លោកឱ្យ​ជាប់​ពន្ធនាគារ​​អស់​ ១ ​ទសវត្សរ៍​ទៀត ​ក្រោម​​ការ​សង្ស័យ​ថា ​លោក​បាន​បង្កើត​ និង​ដឹក​នាំ​ក្រុម​ជ្រុល​និយម​​​៕

ហួន ឌីណា